SCG Muangthong United ជួយ​សាងកំណត់ត្រា​ឱ្យ​ប្រទេស​ថៃ ឈ្នះ​​ពានរង្វាន់ TMCC បាន​ច្រើន​ជាង​គេ

By |

ទោះបី​ជា​​​នេះ​ជា​លើក​ដំបូង​ដែល​ក្រុម ​SCG Muangthong United ​តំណាង​ឱ្យ​ប្រទេស​ថៃ ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ជើង​ឯក​​​​ក្លិប​អាជីព​ប្រចាំ​តំបន់​ប្រទេស​ដងទន្លេរមេគង្គ​ Toyota Mekong Club Championship (TMCC) ប៉ុន្តែ​ក្រុម​ជើង​ឯក​ពានរង្វាន់ Thia Toyota League Cup មួយ​នេះ​បាន​ជួយ​កសាង​កំណត់​ត្រូវ​ឱ្យ​ប្រទេស​របស់​ខ្លួន​ ដែល​ឈ្នះ​ពានរង្វាន់​នេះ​បាន​ច្រើន​ជាង​គេ ពោល​គឺ​៣លើក​ជាប់ៗគ្នា គិត​តាំង​ពី​បង្កើត​ឡើង​​ដំបូង​នៅ​ឆ្នាំ២០១៤ មក។

ក្រុមSCG Muangthong United បាន​យក​ឈ្នះ​លើ​ក្រុម​កំណាង​លីគ​កំពូល​របស់​វៀតណាម Sanna Khánh Hòa ដោយ​ ៧ទល់១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ (ជើង​ទី១​នៅ​ទីក្រុង​ហាណូយ ឈ្នះ​៣ទល់១ ហើយ​ជើង​ទី២​នៅ​រាជធានី​បាងកក បន្ត​ឈ្នះ​៤ទល់០)។ ដូច្នេះ​ក្រុម​ដែល​ឈ្នះ​ពានរង្វាន់​នេះ​ដំបូង​គឺ​Becamex Bình Dương របស់​វៀតណាម នៅ​ឆ្នាំ​២០១៤ ហើយ​នៅ​ឆ្នាំ​២០១៥និង​២០១៦ បាន​ទៅ​ក្រុម​Buriram United របស់​ថៃ។

ក្រុម​SCG Muangthong Unitedដែល​ឈ្នះ​ជើង​ឯក​ទទួល​បាន​​ពានរង្វាន់១ មេដាយ​មាស​ម្នាក់១គ្រឿង និង​ទឹកប្រាក់​លើក​ទឹកចិត្ត​ចំនួន​៧៥,០០០ដុល្លារ​អាមេរិក​ហើយ​ក្រុម​Sanna Khánh Hòa ជា​ជើង​ឯក​រង​ទទួល​បាន​មេដាយ​ប្រាក់ ម្នាក់១ អម​ដោយ​​ទឹក​ប្រាក់​៥ម៉ឺន​ដុល្លារ​អាមេរិក ក្រុម​លេខ៣ Lao Toyotaទទួល​បាន​១ម៉ឺន​ដុល្លារ​អាមេរិក ក្រុម​លេខ៤ បឹងកេតអែហ្វស៊ី បាន​៥ពាន់​ដុល្លារ​អាមេរិក ខណៈ​កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍​ (MVP) Youssouf Touré មក​ពី​ក្រុម Sanna Khánh Hòa ទទួល​បាន​៣ពាន់​ដុល្លារ​អាមេរិក​ផង​ដែរ។

សូម​បញ្ជាក់​ថា​ពានរង្វាន់ TMCC ឆ្នាំ​នេះ​មាន​ក្រុម​ចូលរួម​ចំនួន​៤ក្រុម ដោយ​ក្នុង​នោះ​ក្រុម​បឹងកេតអែហ្វស៊ី តំណាង​ឱ្យ​លីគ​កំពូល​កម្ពុជា ​ក្រុម Sanna Khánh Hòa តំណាង​​​លីគ​កំពូល​របស់​វៀតណាមក្រុម Lao Toyota FC ជា​ជើង​ឯក​លីគ​កំពូល​របស់​ប្រទេស​ឡាវ ក្រុម SCG Muangthong United ជា​ជើង​ឯក​ពានរង្វាន់ Thia League Cup 2017 របស់​ថៃ។ ចំណែក​សហព័ន្ធ​កីឡា​បាល់ទាត់​មីយ៉ាន់ម៉ា សុំ​ដក​ខ្លួន​មិន​បញ្ជូន​ក្រុម​ចូលរួម៕