គ្រូព្រះខ័នរាជស្វាយរៀង កំណត់យកថ្ងៃទី១០ ជាថ្ងៃសម្រេចចម្រាញយកកីឡាករបរទេសមករួមក្លិប

By |

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បាននឹងកំពុងធ្វើតេស្តជ្រើសរើសកីឡាករបរទេសថ្មី ដើម្បីត្រៀមនាំយកមកចូលរួមក្លិប ប្រកួតនៅក្នុងរដូវកាលថ្មីនៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ដែលគ្រោងនឹងចាប់ផ្ដើមនៅខែមិនា។

ជាការចាប់អារម្មណ៍កាលពីល្ងាចថ្ងៃទី ០៦ ខែ មករា ក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំជាមួយក្លិបមកពីលីគកំពូលរបស់ម៉ាឡេស៊ី Terengganu FC ក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ ក៏បានធ្វើតេស្តកីឡាករចំនួន ៦រូបផងដែរ និងសុទ្ធសឹងជាជនជាតិជប៉ុន។

ជុំវិញដំណើរនៃភាពអាចទៅរួចក្នុងការសម្រេចចុះកិច្ចសន្យាជាមួយបរទេសកំណត់នៅពេលណា ជាចម្លើយដែលទទួលបានមកវិញពី លោក សំ វ៉ាន់ដេត គ្រូបង្វឹកនៃក្លិបព្រះខ័នរាជស្វាយរៀង ផ្ទាល់បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំគិតថា ថ្ងៃទី១០ គឺជាថ្ងៃបញ្ចប់ ថ្ងៃនេះ ( ថ្ងៃទី០៧ ខែមករា ) យើងមានកីឡាករជប៉ុន៦រូប ដែលគាត់មកភាគច្រើន គាត់លេងនៅស៊ុយអែត លីគទី២ និងលីគទី៣ មាននៅម៉ាលតា មាននៅស្លូវ៉ាគី គាត់លេងនៅលីគអ៊ឺរ៉ុបច្រើន តែមិនមែនជាលីគកំពូលទេ ហើយមួយផ្នែកទៀតគាត់លេងនៅក្លិបថៃ លីគតិ២ និងលីគទី៣ ដែរ ខ្ញុំរំពឹងថា យើងនឹងព្យាយាមរកបន្ថែមទៀតកីឡាករអាស៊ី ហើយបន្ទាប់មកទៀតយើងនឹងមានកីឡាករសញ្ជាតិហ្កាណា ២នាក់ ហើយមកពីប្រេស៊ីល ២នាក់ទៀត ដែលយើងព្យាយាមអោយគាត់មកធ្វើតេស្ត»។

HSC2017_NAGA_VS_PKSR_8202

ជុំវិញកិច្ចសន្យាជាមួយកីឡាករបរទេស នារដូវកាលចាស់ ២០១៧ គ្រូបង្វឹកដដែលរូបនេះបានភ្ជាប់បញ្ជាក់ផងដែរថា ក្លិបបានបញ្ចប់កិច្ចសន្យាជាមួយកីឡាករបរទេស ចំនួន៤នាក់ ជាផ្លូវការ ដោយរួមមានកីឡាករសញ្ជាតិនីហ្សេរីយ៉ា Ugochukwu Obi, Chigozie Prinwill និង Bisan George រួមទាំងកីឡាករសញ្ចាតិកូរ៉េខាងត្បូង Kim Nam Gun ផងដែរ។

គួរបញ្ជាក់ថា រដូវកាល២០១៧ នៃលីគកំពូលកម្ពុជា ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបញ្ចប់ការប្រកួតរបស់ខ្លួនដោយបានត្រឹមចំណាត់ថ្នាក់លេខ២ នៅក្នុងវគ្គវិលជុំសន្សំពិន្ទុ និងចុងក្រោយបានត្រឹមលេខ៣ នៅក្នុងវគ្គជម្រុះ៕