គូប្រកួតផ្លូវការរបស់បឹងកេត ក្នុងពាន AFC Cup 2018 ក្លិប Home United បង្រ្គប់កូតាកីឡាករបរទេស២រូប រួចរាល់

By |

ក្លិបបាល់ទាត់ Home United ដែលជាគូប្រកួតផ្លូវការរបស់ ក្លិបបាល់ទាត់បឹងកេត ក្នុងពានរង្វាន់សម្រាប់ក្លិបបាល់ទាត់កម្រិតទី២ ប្រចាំទ្វីបបអាស៊ី ( AFC Cup 2018 ) ឆ្នាំ២០១៨ បានបង្រ្គប់ការនាំចូលកីឡាករបរទេស ២រូប សម្រាប់ក្លិបជាផ្លូវការដើម្បីជួយក្រុមក្នុងរដូវកាល២០១៨នេះ។

ចាត់ទុកជាគូប្រកួតផ្លូវការរបស់ក្លិបបឹងកេត ដោយសារក្លិបនៃប្រទេសសិង្ហបុរី ( Home United ) មួយនេះ ធានាកៅអី១០០ភាគរយ នៅក្នុងពូល F សម្រាប់ការប្រកួតពានរង្វាន់ ( AFC Cup 2018 ) គ្រាដែលក្រុមរួមពូលចំនួន២ផ្សេងទៀត ( ក្លិប Ceres-Negros និងក្លិប Shan United ) នៅមិនទាន់ប្រាកដ១០០ភាគរយ ដោយសារមានភារកិច្ចប្រកួតជម្រុះក្នុងពានរង្វាន់ដែលមានកម្រិតលើនេះ ពានរង្វាន់សម្រាប់ក្លិបបាល់ទាត់ប្រចាំទ្វីបបអាស៊ី ( AFC Champions League 2018 ) ឆ្នាំ២០១៨ វគ្គជម្រុះជុំទី១។

*** ករណីក្រុមទាំង២ ( ក្លិប Ceres-Negros និងក្លិប Shan United ) ប្រកួតជម្រុះ ចាញ់នោះនឹងត្រូវធ្លាក់មកប្រកួតពាន AFC Cup 2018 នេះជាផ្លូវការ។ ករណីមួយទៀត បើសិនជាក្រុមទាំង២ អាចឆ្លងផុតការប្រកួតជម្រុះ រហូតដល់អាចឡើងទៅប្រកួតដល់វគ្គបែងចែកពូល នោះនឹងមានក្រុមជំនួសសម្រាប់ ក្លិប Ceres-Negros នឹងត្រូវជំនួសដោយក្លិបលេខ៣ លីគកំពូលហ្វីលីពីន F.C. Meralco Manila ខណៈ ក្លិប Shan United នឹងត្រូវជំនួសដោយក្លិបលេខ៣ ដូចគ្នានៃលីគកំពូលមីយ៉ាន់ម៉ា Yadanarbon FC។

ក្រឡេកមកមើលសមាសភាពគូប្រជែងផ្លូវការរបស់ បឹងកេត ក្លិប Home United វិញបានបង្រ្គប់កូតាកីឡាករបរទេសចំនួន២រូបជាផ្លវការហើយ ពោលគឺជាកីឡាករដែលរួមរស់ជាមួយក្លិបច្រើនរដូវកាលមកហើយ បានសេចក្ដីថាបានបន្តកិច្ចសន្យាថ្មី រួមមានកីឡាករ សញ្ជាតិបារាំង Sirina Camara និងកីឡាករសញ្ជាតិកូរ៉េខាងត្បូង Song Ui-young  ខណៈកីឡាករបរទេសសញ្ជាតិក្រូអាត Stipe Plazibat បានផ្លាស់ចេញពីក្លិបទៅចូលរួមជាមួយក្លិបនៅលីគកំពូលថៃ Bangkok Glass។

នៅសល់កីឡាករបរទេស២រូបបែបនេះ គឺបន្ទាប់ពីលីគកំពូលសិង្ហបុរី បច្ចុប្បន្នបានធ្វើការផ្លាស់ប្ដូរកំណែទម្រង់ថ្មីលើលក្ខណ្ឌក្នុងការចុះបញ្ជីកីឡាករបរទេស គឺអនុញ្ញាតិអោយក្លិបមួយនៅក្នុងលីគមានកីឡាករបរទេសតែ ២រូបប៉ុណ្ណោះ គ្រាដែលកាលពីរដូវកាលមុនគឺអនុញ្ញាតិអោយមានកីឡាករបរទេស៣នាក់។

23331164_1651877241539301_2566428468465573971_o

កីឡាករ Song Ui-young អាវលេខ៨ និងកីឡាករ Sirina Camara អាវលេខ១១ ( រូបភាព៖ Home United Football Club )

main_song_ui_young_-_home_united

កីឡាករ Song Ui-young បច្ចុប្បន្នទើបតែមានវ័យ២៣ឆ្នាំប៉ុណ្ណោះ បានចូលរួមជាមួយ Home United តាំងពីឆ្នាំ២០១២ ចាប់តាំងពីចូលរួមជាមួយក្លិបកីឡាកររូបនេះ បានបង្ហាញខ្លួនបាន៨៨ប្រកួត និងទាត់បាល់បញ្ចូលទីបាន៩គ្រាប់ ក្នុងនាមជាខ្សែបម្រើ។

22104472_1613945061999186_3002863152069982963_o

កីឡាករ Sirina Camara បានចូលរួមជាមួយក្លិប Home United តាំងពីឆ្នាំ២០១៣ ក្នុងតួនាទីជាខ្សែការពារស្លាបឆ្វេង និងចូលរួមបង្ហាញខ្លួនបាន៨៤ប្រកួត និងទាត់បាល់បញ្ចូលទីបាន៧គ្រាប់។

 

សម្រាប់២ក្រុមចុងក្រោយ ដែលនឹងមកចូលរួមក្នុងពូល F នៃពានរង្វាន់ AFC Cup 2018 នឹងអាចដឹងនៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៨ ពោលគឺនៅក្រោយពេលដែលក្រុមទាំង ២ Ceres-Negros និង Shan United ប្រកួតជម្រុះចប់។

គួរបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួល ពូល F នៃពានរង្វាន់ AFC Cup 2018 នឹងមានក្រុមចំនួន៤ ដែលរួមមាន បឹងកេត ( របស់កម្ពុជា ), Ceres-Negros ( របស់ហ្វីលីពីន ), Home United ( របស់សិង្ហបុរី ) និង Shan United ( របស់មីយ៉ាន់ម៉ា ) ខណៈការប្រកួតគ្រោងនឹងចាប់ផ្ដើមពីពាក់កណ្ដាលខែកុម្ភៈតទៅ៕

 

រូបភាព៖ Home United Football Club / FourFourTwo