ក្លិបអង្គរថាយហ្គឺរ ធ្វើការផ្លាស់ប្តូរឈ្មោះពីខេមបូឌានថាយហ្គឺរ ជាផ្លូវការនៅលើបណ្តាញសង្គម

By |

ក្លិប ខេមបូឌានថាយហ្គឺរ បានប្ដូរឈ្មោះទៅជា ក្លិប អង្គរថាយហ្គឺរ ដោយផ្លូវការនៅលើបណ្តាញសង្គមហ្វេសប៊ុកដោយទាំងទំព័រជាភាសាខ្មែរ និងជប៉ុន កាលពីយប់ថ្ងៃទី ៨ មករា ម្សិលមិញ។

ក្រលេកទៅមើលការប្រកាសប្តួរឈ្មោះជាផ្លូវការបានធ្វើឡើងកាលពីថ្ងៃទី ២៩ កក្កដា ក្លិប ខេមបូឌានថាយហ្គឺ ទៅជា ក្លិប អង្គរថាយហ្គឺរ ស្របពេលប្រធានក្លិបលោក Akihiro Kato បានបង្ហើបប្រាប់ពីមូលហេតុនៃការផ្លាស់ប្ដូរឈ្មោះនេះ។

«គឺថាចាប់ពីឆ្នាំក្រោយទៅក្រុមរបស់យើងនឹងប្ដូរទឹកដីមកខេត្តសៀមរាបនេះរហូត ចង់អោយអ្នកខេត្តសៀមរាបមានមោទនភាព និងចង់អោយរាល់ការប្រកួតរបស់ខេមបូឌានថាយហ្គឺរ អ្នកគាំទ្រស្រលាញ់ក្លិបខេមបូឌានថាយហ្គឺរ លើសពីនេះទៅទៀតដោយសារពាក្យថា អង្គរ គឺជាពាក្យដូចតំណាងអោយជាតិខ្មែរយើង ជនបរទេសនរណាក៏គេស្គាល់ដែរ អច្ចឹងបានន័យថាការដូរឈ្មោះធ្វើអោយគេស្គាល់ខ្មែរអោយបានច្រើន ក៏ដូចជាស្គាល់ក្លិបខេមបូឌានថាយហ្គឺរអោយបានច្រើន ដែលនេះគឺជាមោទនភាពមួយដើម្បីអោយអ្នកគាំទ្រស្រលាញ់ក្លិបអោយកាន់តែច្រើន»។ សម្តី Akihiro Kato។

ប្រធានក្លិបដែលមានវ័យ ៣៦ ឆ្នាំរូបនេះ ក៏បានបន្ថែមផងដែរថា ការផ្លាស់ប្ដូរនេះមិនមែនដោយសារមានដៃគូឧបត្ថម្ភពីក្រោយឡើយ នេះគឺជាចេតនាក្នុងការផ្លាស់ប្ដូរដើម្បីបញ្ជាក់ពីអត្តសញ្ញាណក្លិបថាជាក្លិបដែលមានមូលដ្ឋាននៅក្នុងខេត្តសៀមរាបផ្ទាល់តែម្ដង។

គួរបញ្ជាក់ថា ការផ្លាស់ប្ដូរឈ្មោះរបស់ ខេមបូឌានថាយហ្គឺរ ទៅជា ក្លិបអង្គរថាយហ្គឺរ នឹងគិតចាប់ពីឆ្នាំក្រោយទៅ។

រំលឹកថា ការផ្លាស់ប្ដូឈ្មោះនេះគឺជាលើកទី ៣ ហើយសម្រាប់ក្លិបដែលបានបង្កើតឡើងនៅចុងឆ្នាំ ២០១២ មួយនេះ ដោយដើមឡើយមានឈ្មោះថា ត្រាយអាស៊ី ក្រោមការគ្រប់គ្រងរបស់ម្ចាស់ក្លិបផ្សេងជាជនជាតិជប៉ុនដូចគ្នា ក្រោយមកនៅឆ្នាំ ២០១៥ ទើបផ្លាស់ប្ដូរមកឈ្មោះ ខេមបូឌាថាយហ្គឺរ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ លោក  Akihiro Kato នេះផ្ទាល់តែម្ដងរហូតមកដល់សព្វថ្ងៃ មុននឹងគ្រោងប្ដូរឈ្មោះម្ដងទៀតទៅ អង្គរថាយហ្គឺរ នៅឆ្នាំក្រោយ៕

អត្ថបទពាក់ព័ន្ធ៖ ប្រធានក្លិបខេមបូឌានថាយហ្គឺរ បង្ហើបប្រាប់ពីមូលហេតុនៃការផ្លាស់ប្ដូរឈ្មោះក្រុមទៅជា អង្គរថាយហ្គឺរ នៅរដូវកាលក្រោយ

អត្ថបទពាក់ព័ន្ធ៖ ម្ចាស់ក្លិប ខេមូឌានថាយហ្គឹរ សន្យាផ្ដល់កាដូពិសេសមួយសម្រាប់អ្នកគាំទ្រក្នុងខេត្តសៀមរាប នារដូវកាល