គ្រូបង្វឹកក្រុមក្រសួងការពារជាតិ មើលឃើញថាក្រុម វិសាខា ក៏ជាក្រុមដែលគួរឲ្យបារម្ភផងដែរសម្រាប់រដូវកាលថ្មី២០១៨នេះ

By |

ក្រោយពេលដែល ក្រុមក្រសួងការពារជាតិ បានយកឈ្នះលើ ក្រុម Terengganu FC របស់ម៉ាឡេសុីក្នុងលទ្ធផល ៦ទល់៣ កាលពីម្សិលមិញនេះ នៅក្នុងជំនួបការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំដែលបានធ្វើឡើងនៅលើទីលាននៃពហុកីឡដ្ឋានជាតិ ក្នុងនោះគ្រូបង្វឹកក្រុមទ័ព បានសរសើរដល់ក្រុមចំណូលថ្មី វិសាខា ថាជាក្រុមដែលរៀបចំបានល្អ និងក៏អាចជាគូរប្រជែងមួយសម្រាប់រដូវកាល២០១៨នេះផងដែរ។

គ្រូបង្វឹកក្រុមក្រសួងការពារជាតិ លោក ទេព ឡុងរចនា បានថ្លែងប្រាប់ពីទីលាននៃពហុកីឡដ្ឋានជាតិយ៉ាងដូច្នេះថា៖« សម្រាប់រដូវកាលថ្មី២០១៨នេះ ខ្ញុំគិតថាវាជារដូវកាលមួយដ៏ល្អជាងរដូវកាលមុនៗទៀតដោយសារគូប្រជែងមានច្រើនណាស់ដោយមាន ២ក្រុមបន្ថែមទៀត គឺក្រុមវិសាខា និងសូលទីឡូអង្គរ ដែលពួកគាត់បានត្រៀមលក្ខណៈ និងការរៀបចំរបស់ពួកគេបានល្អ អច្ចឹងរដូវកាល២០១៨នេះមិនមែនមានគូរប្រជែងមានតែប៉ុន្មានក្រុមទៀតដូច ២រដូវកាលមុននោះទេ ដោយមាន បឹងកេត, ណាហ្គាវើល, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរ ឡើយតែរដូវកាលនេះថែម ២បន្ថែមទៀតដែលមានដល់ ៧ក្រុមដែលប្រកួតខ្លាំង។ សម្រាប់ក្រុមដែលទើបឡើងមកនេះ ក្រុមមួយដែលខ្ញុំមានការបារម្ភផងដែរគឺ ក្រុមវិសាខា ព្រោះថាជាក្រុមមួយដែលពូកែរៀបចំ ខ្ញុំសរសើរអ្នកដឹកនាំគេណាស់ដែលពូកែការរៀបចំ ទី១គឺការរើសកីឡាករ គេប្រមូលបានកីឡាករដែលមានធនធានច្រើនណាស់ ខណៈខាងសូលទីឡូអង្គរ គាត់នៅមានកម្រិត ដោយបានរើសដែរប៉ុន្ដែកម្រិតនៅក្រោម អច្ចឹងអ្វីដែលខ្លាំងគឺ វិសាខា នេះហើយ»។

Visakha FC

សូមរំលឹកថា ក្រសួងការពាជាតិ បានធ្វើការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំបាន ២លើកហើយជាមួយក្រុមដែលមកពីប្រទេសម៉ាឡេសុី ពោលកាលពីថ្ងៃ ០៥ ខែ មករា ឆ្នាំ ២០១៨កន្លងទៅ បានត្រឹមស្មើគ្នា ១ទល់១ ជាមួយក្រុម Negeri Sembilan និងបានយកឈ្នះក្រុម Terengganu FC របស់កីឡាករ ធារី ចន្ថាបុីន កាលពីម្សិលមិះផងដែរ ដើម្បីធ្វើការតេស្ដសមត្ថភាពកីឡាករបរទេសចំណូលថ្មីត្រៀមរដូវកាល២០១៨ បន្ទាប់ពីក្រុមមានមូលដ្ឋាននៅស្ដាតចាស់មួយនេះ បានត្រឹមជើងឯករងលីគកំពូលកម្ពុជារដូវកាល២០១៧។

បញ្ជាក់ផងដែរថា ក្រុមសូលទីឡូអង្គរ និងក្រុមជើងឯកលីគទី២ វិសាខា នឹងត្រូវឡើងមកលេងក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨ខាងមុខនេះ ខណៈ ២ក្រុមដែលត្រូវធ្លាក់ទៅលេងលីគទី២វិញនោះគឺ ក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា និងក្រុមគីរីវង់សុខសែនជ័យ ផងដែរក្រោយបញ្ចប់ទៅនៅចំណាត់ថ្នាក់ដែលកាត់ចេញពីលីគកំពូល៕

រូបភាព៖ ក្លិបបាល់ទាត់វិសាខា