រដូវកាល២០១៨ លោក សំ វ៉ានដេត បង្ហើបថាក្លិបព្រះខ័នរាជស្វាយរៀងមានគម្រោងនាំយកកីឡាករខ្មែរមករួមក្រុមតែសុំមិនបង្ហើបឈ្មោះ

By |

អាចជាការបើកទំព័រថ្មីសម្រាប់ក្លិបព្រះខ័នរាជស្វាយរៀង ក្នុងការនាំយកកីឡាករខ្មែរមករួមក្រុម នេះបើតាមការបញ្ជាក់ដោយផ្ទាល់ពី លោក សំ វ៉ាន់ដេត គ្រូបង្វឹកនៃក្លិបព្រះខ័នរាជស្វាយរៀងផ្ទាល់ ថ្លែងមុនរដូវកាល២០១៨មកដល់។

«កីឡាករយើងមួយចំនួន យើងព្យាយាមបញ្ចេញផងដែរ ហើយកីឡាករមួយចំនួនដែលយើងត្រូវការយើងនឹងព្យាយាមទាក់ទងទៅក្លិបគេ ហើយកីឡាករមួយចំនួនយើងនឹងយកមកវិញដែលគេខ្ចីជើង ហើយកីឡាករដែលយើងព្យាយាមទិញនោះ យើងអត់ទាន់ធ្វើលំអិតជាមួយថ្នាក់ដឹកនាំក្លិបគេទេ យើងអត់បានទាក់ទងជាមួយគេនៅឡើយទេ ព្រោះយើងអត់អាចប្រាប់ជាសាធារណៈថាយើងចង់បានកីឡាកម្នាក់នេះបានទេ ប៉ុន្តែអ្វីដែលសំខាន់យើងទៅជួបថ្នាក់ដឹកនាំគេសិន ក្នុងតម្លៃខ្លួនណាមួយដែលយើងអាចចចារគ្នាបានយើងនឹងធ្វើការទិញ ហើយសន្និសីទកាសែតដូច ចាន់ វឌ្ឍនាកា អីអច្ចឹង»។ សម្ដីទាំងស្រុងរបស់ លោក សំ វ៉ានដេត ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារពត៌មាន។

HSC2017_NAGA_VS_PKSR_0000

អាចចាត់ទុកជាការបើកទំព័រថ្មីសម្រាប់ក្លិបនៅឆ្នាំ២០១៨នេះ ដោយសារតែប៉ុន្មានឆ្នាំចុងក្រោយក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ ពុំដែលបានធ្វើការនាំចូលកីឡាករខ្មែរមករួមក្រុមឡើយ ដោយនាំចូលតែកីឡាករបរទេសសុទ្ធសាធ និងភាគច្រើនតម្លើងកីឡាករ ពីឈុតយុវជនរបស់ខ្លួន មកកាន់ឈុតធំតែប៉ុណ្ណោះ។

ព្រះខ័នរាជស្វាយរៀង ក៏ត្រូវបានគេទទួលស្គាល់ថាជាក្លិបដែលពោរពេញទៅដោយយុវជនផងដែរ ដោយមានថ្នាលយុវជនជាច្រើនឈុត ហើយភាគច្រើននៃកីឡាករយុវជនរបស់ក្លិបកំពុងតែទទួលជោគជ័យទាំងជាមួយក្រុម និងជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។

លើសពីនេះនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែលជាពានរង្វាន់អនុញ្ញាតិអោយតែកីឡាករខ្មែរចូលប្រកួត ក៏ក្លិបធ្វើបានល្អជាងគេផងដែរ ចាប់តាំងពីឆ្នាំ២០០៧មក ដោយធ្លាប់ឈ្នះរហូតដល់ទៅ៤ដង ច្រើនជាងក្រុមដទៃទៀត ដែលធ្លាប់ឈ្នះច្រើនបំផុត២ដង៕