កំណត់ត្រាថ្មី ! លីគកំពូលកម្ពុជារដូវកាល២០១៨ នឹងមិនអនុញ្ញាតិឲ្យក្រុមណាមួយយកពហុកីឡដ្ឋានជាតិ ធ្វើជាទឹកដីឡើយ

By |

សម្រាប់រដូវកាល២០១៨ នៃលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន កីឡដ្ឋានជាតិ នឹងពុំត្រូវបានយកមកប្រើប្រាស់ធ្វើជាទឹកដីនៃក្រុមណាមួយនៃលីគ កាលពីមុនទៀតហើយ នេះបើតាមការអោយដឹងពីប្រភពជិតស្និទទៅនឹងក្លិបមួយ។

ប្រភពដដែលបានបង្ហើប សហព័ន្ធកីឡាបាល់ទាត់កម្ពុជា តម្រូវអោយក្លិបទាំងអស់មានកីឡដ្ឋានផ្ទាល់ខ្លួន នឹងមិនតម្រូវអោយយកកីឡដ្ឋានជាតិ ធ្វើជាទឹកដីប្រកួត ( សម្រាប់ការប្រកួតក្នុងដី ) ដូចកាលពីឆ្នាំកន្លងៗទៅឡើយ។

ករណីនេះគឺបានសេចក្ដីថារវាងណាហ្គាវើល ជាមួយបឹងកេត ដែលបានយកកីឡដ្ឋានជាតិធ្វើជាទឹកដីផ្ទាល់ខ្លួនបណ្ដោះអាសន្នកាលពីរដូវកាលមុន នឹងមិនអាចប្រើប្រាស់កីឡដ្ឋានជាតិបានតទៅទៀតឡើយ។

បច្ចុប្បន្នក្លិបមួយចំនួនធំមានកីឡដ្ឋានផ្ទាល់ខ្លួនដែលរួចរាល់សម្រាប់បម្រើដល់ការប្រកួតក្នុងដីរបស់ខ្លួន ដូចជាកីឡដ្ឋាន RSN របស់ក្លិបភ្នំពេញក្រោន, កីឡដ្ឋានខេត្តស្វាយរៀង របស់ក្លិបព្រះខ័នរាជស្វាយរៀង, កីឡដ្ឋានកងយោធពលខេមរភូមិន្ទ ( ស្តាតចាស់ ) របស់ក្រសួងការពារជាតិ, កីឡដ្ឋានវេស្ទើន របស់ក្លិបវេស្ទើនភ្នំពេញ គ្រាដែលកីឡដ្ឋានខេត្តសៀមរាប ( ស្វាយធំ ) របស់ក្លិបអង្គរថាយហ្គឺរ និងក្លិបសូលទីឡូអង្គរ ស្ថិតនៅក្នុងគម្រោងនៃការជូសសជុល។

ជាមួយគ្នានេះផងដែរកីឡដ្ឋានរបស់ក្លិបចំនួន៣ រួមមានអាស៊ីអឺរ៉ុបយូណាយធីត, អគ្គិសនីកម្ពុជា និងវិសាខា កំពុងស្ថិតក្នុងការសាងសង់ នៅឡើយតែក្លិបណាហ្គាវើល, បឹងកេត និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលកំពុងស្ថិតក្នុងចចារយកកីឡដ្ឋានខេត្តធ្វើជាទឹកដីរបស់ខ្លួន និងកំពុងរង់ចាំការបង្ហើបពីខាងក្លិបផ្ទាល់តែម្ដង។

គួរបញ្ជាក់ថា លីគកំពូលកម្ពុជារដូវកាល២០១៨ នឹងត្រលប់មកវិញនាដើមខែមិនា ឆ្នាំ ២០១៨ នេះ ពោលគឺចាប់ផ្ដើមពីថ្ងៃទី ០៣ ខែ មិនា រហូតដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៨៕

 

*** ករណីបឹងកេត ទំនងជាអាចប្រើប្រាស់កីឡដ្ឋានជាតិបាន នៅក្នុងពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2018 ដោយសារតែកីឡដ្ឋានជាតិ មានលក្ខណៈគ្រប់គ្រាន់តាមតម្រូវការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC បើធៀបទៅនឹងកីឡដ្ឋានផ្សេងៗទៀត។