មកដឹងកាលវិភាគប្រកួតរបស់ក្លិបកីឡាករកម្ពុជា៣រូប នៅលីគកំពូលម៉ាឡេស៊ី ត្រឹមជើងទី១

By |

សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី តាមរយៈគណៈកម្មាការរៀបចំការប្រកួត Football Malaysia Limited Liability Partnership (FMLLP) បាធ្វើការបង្ហាញកម្មវិធីប្រកួតនៃពានរង្វាន់លីគកំពូលម៉ាឡេស៊ី ( Malaysia Super League ) រដូវកាល២០១៨ ជាផ្លូវការហើយ នឹងសម្រាប់ការប្រកួតត្រឹមជើងទី១។

កម្មវិធីប្រកួតដដែលបានបង្ហាញថា លីគកំពូលម៉ាឡេស៊ី ( Malaysia Super League ) រដូវកាល២០១៨ នឹងចាប់ផ្ដើមពីថ្ងៃទី ០៣ ខែ កុម្ភៈ តទៅនិងគ្រោងបញ្ចប់ជុំទី១នៅថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៨ សម្រាប់ការប្រកួតត្រឹមជុំទី១ មុននឹងបន្តការប្រកួតជុំទី២នៅសប្ដាហ៍បន្ទាប់ រហូតដល់ថ្ងៃទី ២៨ ខែ កក្កដា លីគកំពូលទាំងមូលនឹងបញ្ចប់ជាផ្លូវការ។

អាចចាប់អារម្មណ៍បានថា ក្លិបដែលកីឡាករកម្ពុជា៣រូប កំពុងប្រកបអាជីពជាមួយរួមមាន ធារី ចន្ថាប៊ីន ( Terengganu FC ), កែវ សុខផេង ( PKNP FC ) និង ចាន់ វឌ្ឍនាកា ( Pahang FA ) ក៏នឹងត្រូវប៉ះគ្នាផងដែរ ប៉ុន្តែមិនស្ថិតនៅក្នុងសប្ដាហ៍ដំបូងៗឡើយ ពោលគឺចាប់ពីអំឡុងសប្ដាហ៍ទី៦ទៅ។

បែបនេះក្ដីសម្រាប់សប្ដាហ៍ដំបូង ក្លិបរបស់កីឡាករ ធារី ចន្ថាប៊ីន ( Terengganu FC ) និងកីឡាករ កែវ សុខផេង ( PKNP FC ) ចាប់ផ្ដើមប្រកួតនៅក្នុងថ្ងៃដំណាលគ្នា ដោយនឹងធ្វើឡើងនៅថ្ងៃទី ០៣ ខែ កុម្ភៈ ខណៈក្លិបរបស់កីឡាករ ចាន់ វឌ្ឍនាកា ( Pahang FA ) នឹងប្រកួតនៅថ្ងៃទី ០៤ ខែ ដដែល។

ខាងក្រោមគឺជាកម្មវិធីប្រកួតទាំងស្រុង ត្រឹមជើងទី១ នៃលីគកំពូលម៉ាឡេស៊ី៖

MSL 1

MSL2

MSL3

ចំពោះការប្រកួតរវាងក្លិបដែលកីឡាករកម្ពុជា៣រូប កំពុងប្រកបអាជីពជាមួយ ដែលមានចាប់ពីសប្ដាហ៍ទី៦ទៅ មានដូចជា សប្ដាហ៍ទី៦ ក្លិប PKNP FC ( កែវ សុខផេង ) ត្រូវប៉ះក្លិប Terengganu FC ( ធារី ចន្ថាប៊ីន ) គ្រាដែលសប្ដាហ៍ទី៧ ក្លិប Pahang FA ( ចាន់ វឌ្ឍនាកា ) ត្រូវប្រកួតជាមួយក្លិប PKNP FC ( កែវ សុខផេង ) និងសប្ដាហ៍ទី១០ ក្លិប Terengganu FC ( ធារី ចន្ថាប៊ីន ) ប៉ះជាមួយក្លិប Pahang FA ( ចាន់ វឌ្ឍនាកា ) សម្រាប់ត្រឹមជុំទី១។

សូមរំលឹកថា លីគកំពូលម៉ាឡេស៊ី ( Malaysia Super League ) រដូវកាល២០១៨ មានក្រុមចំនួន១២ចូលរួមប្រកួត នឹងធ្វើការប្រកួតតាមរូបមន្តវិលជុំសន្សំ ( ក្រៅដី និងក្នុងដី ) ក្រុមដែលមានពិន្ទុលើគេនឹងក្លាយជាជើងឯកលីកកំពូលម៉ាឡេស៊ី រដូវកាល២០១៨៕

 

រូបភាព៖ Football Malaysia LLP