ម្ចាស់ផ្ទះ​អាស៊ីអឺរ៉ុប ចាញ់​ក្រុម​ចំណូល​ថ្មី​វិសាខា ក្នុងជំនួប​មិត្តភាព​កម្តៅសាច់ដុំ ម្សិលមិញ

By |

ក្រុម​បាល់ទាត់​ម្ចាស់​ផ្ទះ​អាស៊ីអឺរ៉ុប បាន​ប្រកួត​ចាញ់​ក្រុម​ចំណូល​ថ្មី​ក្នុង​លីគ​កំពូល​កម្ពុជា ដោយ​លទ្ធផល ២ទល់០ ​លើ​ទីលាន​កីឡដ្ឋានAEU Sport Park ស្ថិត​នៅ​ភូមិ​អរិយក្សត្រ ឃុំ​អរិយក្សត្រ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល (ច្រក​ចូល​តាម​ផ្លូវបេតុង​បុរីចតុមុខ​ស៊ីធី) នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​១៣ ខែ​មករា ឆ្នាំ​២០១៧ ម្សិលមិញ​។

លោក ហុក សុជីវន័ គ្រូ​បង្វឹក​ក្រុម​វិសាខា បាន​ឱ្យ​ដឹង​ថា​គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុមលោក​រក​បាន​ដោយ​កីឡាករ​ ជិន វណ្ណៈ ខណៈ១គ្រាប់​ទៀត​រក​បាន​ដោយ​កីឡាករ​ជនជាតិកូរ៉េខាងជើង។

ក្រោយ​ចប់​ការ​ប្រកួត​នេះ​ក្រុម​អាស៊ីអឺរ៉ុប គ្រោង​ធ្វើ​ដំណើរ​ទៅ​​ប៉ះ​​ម្ចាស់​ស្រុក​ក្រុម​មហាជន​ជម្រើស​ខេត្ត​ត្បូងឃ្មុំ នៅ​រសៀល​ថ្ងៃសៅរ៍ ទី២០​ខែ​មករា ខាង​មុខ ក្នុង​ជំនួប​មិត្តភាព​កម្តៅ​សាច់ដុំ​ដូចគ្នា។​

ទាំង​ក្រុម​អាស៊ីអឺរ៉ុប និងក្រុម​វិសាខា សុទ្ធ​តែ​​បង្ហាញ​ពី​ការ​រៀបចំ​ក្រុម​មុន​រដូវកាល​ថ្មី​ចាប់​ផ្ដើម​ ស្រប​ពេល​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ គ្រោង​បើក​ការ​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី ៧ កុម្ភៈ ដល់ ៦ តុលា ២០១៨ និង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០១៨ ​ចាប់​ផ្តើម​ពី​ថ្ងៃទី ៣ មីនា ដល់ ៣០ កញ្ញា ២០១៨៕