អ្នកចាំទីរូបនេះប្រាប់ពីមូលហេតុចូលរួមជាមួយ អគ្គិសនីកម្ពុជា ទោះបីប្រាក់ខែទាបជាងនៅក្លិបចាស់ ណាហ្គាវើល

By |

អ្នកចាំទី សោម សុគន្ធដារ៉ា ជាជម្រើសទី៣របស់ក្លិប ណាហ្គាវើល បានសម្រេចចាកចេញពីក្លិបទៅចូលរួមជាមួយក្លិប អគ្គិសនីកម្ពុជា ទាំងទទួលបានប្រាក់ខែទាបជាងក្លិបចាស់ទៅទៀត។

ហេតុផលក្នុងការចាកចេញនៅ ដារ៉ា ដែលជាសមាជិកក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ ២ជំនាន់ជាប់គ្នានោះ បានប្រាប់មក We Are Football ថាដោយសារខ្លួនចង់បង្ហាញសមត្ថភាពនៅលើទីលាន។

« ដោយសារតែចង់បង្ហាញខ្លួនជាជម្រើស១១នាក់ដំបូងទើបខ្ញុំចាកចេញពីក្លិបចាស់ (ណាហ្គាវើល) ទោះបីប្រាក់ខែនៅក្លិបថ្មី ( អគ្គិសនីកម្ពុជា) បានតិចជាងក៏ដោយ »។ សម្តីរបស់ ដារ៉ា។

*បញ្ជាក់WAF សូមរក្សាសិទ្ធមិនបង្ហាញទិន្នន័យនៃប្រាក់ខែរបស់កីឡាករ

27849231_297063720822137_1856595247_n

សុគន្ធដារ៉ា ធ្លាប់ជាអតីតកីឡាករលេងនៅវិទ្យាល័យតំណាងអោយខេត្តស្វាយរៀងចូលរួមការប្រកួតពានរង្វាន់មធ្យមសិក្សាបាល់ទាត់ទូទាំងប្រទេស និងឆ្នាំ២០១៣ ផ្លាស់ទៅលេងអោយយុវជនក្លិប ព្រះខ័នរាជស្វាយរៀង បន្ទាប់មកក៏ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ មុនពេលចុះកិច្ចសន្យាជាកីឡាករអាជីពលេងនៅក្លិប ណាហ្គាវើល នាឆ្នាំ២០១៥ រហូតដល់ ២០១៧ ដោយមានរយៈពេល២រដូវកាល។

ការផ្ទេររបស់អ្នកចាំទីរូបនេះក៏មានជាប់ពាក់ព័ន្ធជាមួយអ្នកចាំទីផ្សេងទៀតដូចជា សាន ឧសភា ចេញពី វេស្ទើនភ្នំពេញ ទៅចូលរួមជាមួយ ណាហ្គាវើល, សោម សុគន្ធដារ៉ា ចេញពី ណាហ្គាវើល ចូលរួមជាមួយ អគ្គិសនីកម្ពុជា, គង់ រ៉ាហ្វាត់ ចេញពី អគ្គិសនីកម្ពុជា ទៅចូលរួមជាមូយ សូលទីឡូអង្គរ៕