គេហទំព័របរទេសមួយថា ចាន់ វឌ្ឍនាកា និងធារី ចន្ថាប៊ីន ជាកីឡាករអាស៊ាន៥រូបគួរអោយចាប់អារម្មណ៍បំផុត នៅទឹកដីម៉ាឡេស៊ី

By |

យោងតាមការចេញផ្សាយនៅលើសារពត៌មានអន្តរជាតិ fourfourtwo បានចេញផ្សាយកាលពីពេលថ្មីៗនេះថា កីឡាករកម្ពុជា២រូប រួមមាន ចាន់ វឌ្ឍនាកា ជាមួយ ធារី ចន្ថាប៊ីន នឹងស្ថិតក្នុងផ្នែកមួយនៃកីឡាករអាស៊ាន៥រូបដែលគួរអោយចាប់អារម្មណ៍បំផុត នៅលីគកំពូលម៉ាឡេស៊ី រដូវកាល២០១៨នេះ។

សារពត៌មានខាងលើបានសរសេរថា ការបន្ថែមសម្រាប់កូតាកីឡាករនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានបន្ថែមនូវទស្សនីយភាពថ្មី នៅលីគកំពូលម៉ាឡេស៊ី ( MSL 2018 ) ដែលបានទាក់ទាញក្រសែភ្នែកទស្សនិកជនបន្ថែមទៀតនៅក្នុងតំបន់។ ជាមួយគ្នានេះ សារពត៌មាន FourFourTwo បានធ្វើការជ្រើសរើសកីឡាករដែលមានដើមកំណើតនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ចំនួន៥រូប ដែលរំពឹងថានឹងមានការចាប់អារម្មណ៍បំផុត នៅរដូវកាលនេះ។

 

១. កីឡាករ Faris Ramli 

កីឡាករសញ្ជាតិសិង្ហបុរីរូបនេះហាក់ដូចជាទទួលការពេញចិត្ត ក្រោមការដឹកនាំអតីតគ្រូបង្វឹក របស់ក្រុមជម្រើសជាតិម៉ាឡេស៊ី K. Rajagobal នៃក្លិប PKNS FC កីឡាករ Faris ក៏ធ្លាប់មានបទពិសោធន៍មុនៗ នៃការលេងនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។

កំណត់ត្រាគួរអោយចាប់អារម្មណ៍នៅក្នុងលីគសិង្ហបុរី ( S. League ) កាលពីរដូវកាលមុន រូបគេបានរកគ្រាប់បាល់បញ្ចូលទីចំនួន២១គ្រាប់ និងបញ្ចូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ( Assist ) បាន២១ដងដូចគ្នា ហើយ Faris អាចលេងបានទាំងតំបន់ស្លាប និងតំបន់ប្រយុទ្ធ

PKNS បច្ចុប្បន្នកំពុងឈរនៅកំពូលតារាងនៃលីគ ដោយ Faris បានរួមចំណែកបញ្ចូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបានម្ដង ក្នុងចំណោម៣ប្រកួត កន្លងមកផងដែរ។

farisramli_pkns_3

 

២. កីឡាករ ចាន់ វឌ្ឍនាកា

ខ្សែប្រយុទ្ធកម្ពុជារូបនេះមិនទាន់បានធ្វើអោយមានការចាប់អារម្មណ៍ភ្លាមៗនៅឡើយទេ គ្រាដែលមិនបានលេងក្នុងទីតាំងជំហររបស់ខ្លួន ខណៈក្រុម Pahang ក៏ចាប់ផ្តើមពុំទាន់បានល្អដូចគ្នា។

វឌ្ឍនាកា គឺធ្លាប់ជាកីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេនៅ លីគកំពូលកម្ពុជា ប៉ុន្តែទទួលការខកចិត្តយ៉ាងខ្លាំងកាលពីឆ្នាំមុន ក្រោយពុំមានឱកាសចូលប្រកួត គ្រាដែលប្រកបអាជីពជាមួយ ក្រុម Fujieda MYFC នៃលីគទី៣របស់ជប៉ុន។

សម្រាប់ក្រុមដែលមានរហស្សនាមថា ដំរី មួយនេះ វឌ្ឍនាកា ត្រូវបានក្លិបដាក់អោយលេងនៅស្លាបខាងឆ្វេង ជំនួសអោយការលេងនៅតំបន់ប្រយុទ្ធចំ បែបនេះក្ដី វឌ្ឍនាកា នឹងមិនរំពឹងថាមានគ្រាប់បាល់ទាត់បញ្ចូលទីច្រើនដូចដែលគេធ្លាប់បានធ្វើនៅកម្ពុជានោះទេ ប៉ុន្តែរំពឹងថាគាត់នឹងផ្តល់អោយមិត្តរួមក្រុមរបស់គេ តាមរយៈការបង្កើតឱកាស និងបញ្ចូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ( Assist ) ជាដើម។

chanvathanaka_pahang

 

៣. កីឡាករ Evan Dimas

កីឡាករសញ្ជាតិឥណ្ឌូនេស៊ីរូបនេះ បាននាំមកនូវស្ថេរភាពមួយនៅក្នុងតំបន់កណ្តាលដែល ក្លិប Selangor ខ្វះចន្លោះកាលពីឆ្នាំ២០១៧។ សមត្ថភាពរបស់គេ ក្នុងការលេងជាខ្សែបម្រើការពារ គឺជាការចង់បានរបស់ លោក P. Maniam ដែលជាគ្រូបង្វឹក ក្នុងការធ្វើឱ្យក្លិប Selangor អាចក្លាយជាគូប្រជែងដណ្តើមពានលីគនៅឆ្នាំនេះផងដែរ។

evandimas_selangor_0

 

៤. កីឡាករ ធារី ចន្ថាប៊ីន

ការចូលរួមជាមួយ Terengganu FC ពីសំណាក់កីឡាករកូនកាត់ខ្មែរបារាំងរូបនេះ មិនសូវទាក់ទាញការចាប់អារម្មណ៍ដូចជាមិត្តរួមជាតិ ចាន់ វឌ្ឍនាកា ឬកីឡាករដទៃទៀតមកពីតំបន់តែមួយនោះទេ ប៉ុន្តែ ចន្ថាប៊ីន អាចជាផ្នែកមួយដ៏សំខាន់របស់គ្រូបង្វឹក លោក Irfan Bakti Abu Salim។

ធារី ចន្ថាប៊ីន កើតនៅប្រទេសបារាំង និងបានចាប់អាជីពកីឡាករជាយុវជន ជាមួយនឹងក្រុម RC Strasbourg មុននឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ២០១២។

27709520_426390694458284_1918265323601242295_o

 

៥. កីឡាករ Ilham Armaiyn

មានវ័យត្រឹមតែ២១ឆ្នាំ និងទើបតែបានបង្ហាញខ្លួនលើអន្តរជាតិជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ប៉ុន្តែ Ilham ត្រូវបានទទួលស្គាល់ថាជាខ្សែបម្រើស្លាបម្នាក់ដែលត្រៀមខ្លួនរួចជាស្រេចក្នុងយុទ្ធសាស្ត្ររបស់ក្លិប Selangor FA។

កីឡាករវ័យក្មេងរបស់ឥណ្ឌូណេស៊ីមានល្បឿន និងការបោកបញ្ឆោតក្នុងការទម្លុះតំបន់ស្លាប ដែលនាំមកនូវការទំនុកចិត្តជូនក្រុម។

Ilham គឺជាផ្នែកមួយដែលបានជួយអោយក្រុម Bhayangkara លើកពានរង្វាន់លីគកំពូលឥណ្ឌូណេស៊ី នៅក្នុងឆ្នាំ ២០១៧ កន្លងទៅថ្មីៗនេះ។

ilham_selangor_4

 

រូបភាព៖ Asiana.my / Terengganu Football Club