AFC និងស.ប.ក បើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី AFC Club Licensing 2018 ដល់ក្លិបសមាជិកលីគកំពូលកម្ពុជា

By |

នាព្រឹកថ្ងៃទី ២៣ កុម្ភៈ ឆ្នាំ២០១៨ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) សហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានបើកវគ្គសិក្ខាសាលាស្តីពីអាជ្ញាប័ណ្ណក្លិបឆ្នាំ២០១៨ រឺ AFC Club Licensing 2018។

ក្នុងនោះគេឃើញថា ស.ប.ក បានអញ្ជើញអ្នកតំណាងក្លិបជាសមាជិកនៃលីគកំពូលកម្ពុជា មកធ្វើការបង្រៀន, ផ្សព្វផ្សាយអំពីចំណេះដឹងនៃការធ្វើយ៉ាងណាអាចទទួលបាន AFC Club Licensing 2018។

ដោយមានចំណុចសំខាន់ៗមួយចំនួនដូចជា រចនាសម័ន្ធរបស់ក្លិបអំពីប្រភពនៃការចំណូលចំណាយប្រចាំឆ្នាំ, គ្រូបង្វឹកត្រូវមានគ្រប់តួនាទី (គ្រូបង្វឹក, គ្រូជំនូយ និងពេទ្យ), កីឡាករត្រូវតែមានកិច្ចសន្យា, កីឡដ្ឋានស្តង់ដា បូករួមជាមួយ យុវជនថ្នាល។

អត្ថបទពាក់ព័ន្ធ៖ ក្លិបបាល់ទាត់កម្ពុជាចំនួន៦ទទួលបានអាជ្ញាប័ណ្ណពីសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី ក្នុងការប្រកួតពានរង្វាន់ក្លិបអន្តរជាតិ 2018 AFC Cup

រំលឹកថា សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី ( Asian Football Confederation ) បានធ្វើការបង្ហាញបញ្ជីឈ្មោះក្លិបដែលមានអាជ្ញាប័ណ្ណចូលរួមប្រកួតពានរង្វាន់ក្លិបអន្តរជាតិ ទាំងពានក្លិបកំពូលប្រចាំទ្វីប AFC Champions League ក៏ដូចជា ពានសម្រាប់ក្លិបកម្រិតទី២ AFC Cup ឆ្នាំ២០១៨។

យោងតាមការចេញផ្សាយនៅលើវិបសាយផ្លូវការរបស់ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានបង្ហាញថា ក្លិបនៅកម្ពុជា មានចំនួន១២បានដាក់ពាក្យស្នើសុំ សុំអាជ្ញាប័ណ្ណជាក្លិបដែលទទួលស្គាល់ជាផ្លូវការ ( ក្លិបដែលប្រកបអាជីពនៅលីគកំពូលកម្ពុជាទាំង១២ ) ក្នុងនោះមានតែ៦ក្លិបប៉ុណ្ណោះដែលទទួលបាន រួមមានក្លិបព្រះខ័នរាជស្វាយរៀង, បឹងកេត, ណាហ្គាវើល, ក្រសួងការពារជាតិ, ភ្នំពេញក្រោន និងខេមបូឌានថាយហ្គឺរ។

ដោយឡែកក្លិប ៦ ផ្សេងទៀតពុំទទួលបានអាជ្ញាប័ណ្ណ រួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ, វេស្ទើនភ្នំពេញ, អគ្គិសនីកម្ពុជា, អាស៊ីអ៊ឺរ៉ុបយូណាយធីត, មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា និង គីរីវង់សុខសែនជ័យ។

ដូច្នេះបានសេចក្ដីថា ក្លិបទាំង៦ខាងលើនេះ មានសិទ្ធគ្រប់គ្រាន់ក្នុងការរៀបចំការប្រកួតផ្លូវការខ្នាតអន្តរជាតិ ជាមួយពានរង្វាន់ក្លិបកម្រិតទី២ AFC Cup ប៉ុន្តែជាគោលការណ៍គឺមានតែក្រុមជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ប៉ុណ្ណោះ ដែលអាចទៅចូលរួមពានរង្វាន់នេះ៕