ឯកឧត្តម សៅ សុខា បន្ត​ជាប់​ឈ្មោះ​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​រហូត​ដល់​ឆ្នាំ​២០២២

By |

ឯកឧត្តម សៅ សុខា បាន​ជាប់​ឈ្មោះ​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ចាប់​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២២ ខាង​មុខ។ នេះ​បើ​ក្នុង​មហាសន្និ​បាត​បញ្ចប់​អាណត្តិទី១១ នៅ​សណ្ឋាគារភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ច័ន្ទ ទី២៦ ខែកុម្ភៈនេះ។

យោង​តាម​ការ​ប្រកាស​ដោយ​ផ្ទាល់​របស់​ឯកឧត្តម សៅ សុខា នៅ​ក្នុង​សន្និបាត​នេះ​​តំណែង​ប្រធាន សហព័ន្ធ និង​​តំណែង​អនុប្រធាន​សហព័ន្ធ មាន​ឯកឧត្តម ខៀវ សាម៉េត កំពុង​គ្រប់គ្រង​នឹង​បន្ត​ការងារ​ខាង​មុខ​រហូត​ដល់​ឆ្នាំ​២០២២ ខាង​មុខ​ដូចគ្នា​ដោយ​ស្វ័យប្រវត្តិ ដោយ​គ្មាន​បេក្ខជន​ផ្សេង​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង។​

នៅ​ក្នុង​សន្និបាត​នេះ​បាន​បោះឆ្នោត​ជ្រើសរើស​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​​ថ្មី​២រូប​ជំនួស​សមាជិក​២​រូប​ដែល​ផុត​អាណត្តិ​​ផង​ដែរ។ ឯកឧត្តម តែម ម៉ឺន និង​ឯកឧត្តម ឌី វិជ្ជា បាន​ផុត​អាណត្តិ​ជា​សមាជិក។ ចំណែក​បេក្ខជន​ឈរ​ឈ្មោះ​មាន​ចំនួន​៣រូប​គឺ​ឯកឧត្តម តែម ម៉ឺន, ឯកឧត្តម ឌី វិជ្ជា និង​លោក ស្រេង សេង មក​ពី​មន្ទីរអប់រំយុវជន​រាជធានី​ភ្នំពេញ។ ជា​លទ្ធផល​​នៃ​ការ​បោះឆ្នោត​លោក ស្រេង សេង ទទួល​បាន​១៣​សំឡេង ឯកឧត្តម តែម ម៉ឺន ទទួល​បាន​៣៥សំឡេង និង​ឯកឧត្តម ឌី វិជ្ជា ទទួល​បាន​៣០សំឡេង។ ឯកឧត្តម តែម ម៉ឺន និង​ឯកឧត្តម ឌី វិជ្ជា បន្ត​ឈ្មោះ​ក្នុង​សមាជិក​ប្រតិបត្តិ​ថែម​ទៀត។

តំណែង​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា តែងតែ​បោះឆ្នោត​​នៅ​រៀងរាល់​៤ឆ្នាំ​ម្តង​ខណៈ​ឯកឧត្តម សៅ សុខា គ្រប់គ្រង​តំណែង​ប្រធាន​៤អាណត្តិ​​ទាំង​លើក​នេះ​ហើយ។ សន្និបាត​នេះ​មាន​ការ​ចូល​រួម​សង្កេត​ពី​តំណាង​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី (AFC) និង​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ផង​ដែរ៕

រូបថត៖FFC