AFC Cup 2018៖ លោក កែវ កុសល «ក្រុមទាំងមូលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការយកជ័យជម្នះ»

By |

ក្លិបបាល់ទាត់បឹងកេត នឹងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ ក្នុងជំនួបទី២ ប្រចាំពូល F នៃពានរង្វាន់សម្រាប់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2018 នាល្ងាចថ្ងៃអង្គារ៍ស្អែកនេះ។

មុនការប្រកួតពានរង្វាន់ AFC Cup 2018 ក្រុមទាំង២បានធ្វើសន្និសិទសារព័ត៌មាន ខណៈគ្រូបង្វឹកនៃក្លិបបឹងកេត បានលើកឡើងខ្លះៗសម្រាប់ជំនួបជើងទី២នេះ។

«ការប្រកួតថ្ងៃស្អែកនេះ សម្រាប់ក្រុមទាំង២ ទើបតែចាញ់ហើយដូចគ្នា ខាងយើងចាញ់ Ceres នៅទឹកដីហ្វីលីពីន ហើយខាង Shan United របស់ភូមា គាត់ចាញ់ Home United របស់សិង្ហបុរី នៅទឹកដីខ្លួនឯង អច្ចឹងខ្ញុំគិតថាការប្រកួតស្អែកនេះ គឺជាការប្រកួតមួយដ៏លំបាកសម្រាប់ក្រុមយើង ព្រោះក្រុមទាំងសងខាងសុទ្ធតែត្រូវការឈ្នះ ហើយយើងដឹងហើយថាក្រុមមួយៗនៅក្នុងពូលសុទ្ធតែតំណាងជើងឯកប្រទេសមួយៗ ក៏ប៉ុន្តែទោះយ៉ាងណាក៏យើងសប្បាយចិត្ត យើងនឹងប្រឹងប្រែងដើម្បីអោយទទួលបានលទ្ធផលល្អ ក្រុមទាំងមូលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការយកជ័យជម្នះ»។ សម្ដីរបស់ លោក កែវ កុសល គ្រូបង្វឹកនៃក្លិបបឹងកេត។

 

PressAFC_000

 

គ្រូបង្វឹកដែលកំពុងកាន់អាជ្ញាប័ណ្ណគ្រូបង្វឹក កម្រិត AFC A License រូបនេះក៏បានលើកឡើងជុំវិញបញ្ហាកីឡាករផងដែរ ថាកីឡាករម្នាក់ដែលបានទទួលរងរបួស ( ខ្សែការពារខាងឆ្វេង សេត រ៉ូហ្ស៊ីប ) រួមទាំងកីឡាករបរទេស២រូបទៀត ពោលគឺកីឡាករ Julius និង Gbenga សុទ្ធតែអាចចូលប្រកួតវិញបាននាការប្រកួតថ្ងៃស្អែក។

សូមបញ្ជាក់ផងដែរថាការប្រកួតរវាង ក្លិបបឹងកេត ជាមួយ Shan United នឹងចាប់ផ្ដើមនៅវេលាម៉ោង ៦:៣០ នាទីល្ងាចថ្ងៃទី ២៧ ខែ កុម្ភៈ ស្អែកនេះ លើទីលានកីឡដ្ឋានជាតិ ខណៈការប្រកួតក៏នឹងការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕