ក្លិបអង្គរថាយហ្គឺរ ដាក់គោលដៅយកកៅអីក្នុងប្រអប់ Top4 នៅរដូវកាលឆ្នាំ២០១៨ ខណៈនឹងយកជើងឯកនៅឆ្នាំ២០២០

By |

នៅមិនដល់៥ថ្ងៃទៀត ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា នឹងចូលមកដល់សម្រាប់រដូវកាល២០១៨ ខណៈរដូវកាលនេះមានក្រុមចំនួន១២ចូលរួមប្រកួតដូចរដូវកាលកន្លងមកផងដែរ។

មុននឹងការប្រកួតចូលមកដល់នៅចុងសប្ដាហ៍នេះ ក្រុមការងារ We Are Football សូមធ្វើការជម្រាបជូនរឿងរ៉ាវខ្លះៗ អំពីក្លិប អង្គរថាយហ្គឺរ ដែលជាផ្នែកមួយនេះនៃសមាជិកក្លិបទាំង១២នៃលីគកំពូលកម្ពុជា រដូវកាល២០១៨។

 

១) ថ្នាក់ដឹកនាំក្រុម៖

ក្លិបអង្គរថាយហ្គឹរ មានក្បាលម៉ាស៊ីន ជាជនជាតិជប៉ុន ពោលគឺម្ចាស់ក្លិបជាជាតិជប៉ុន ដែលមានឈ្មោះថា Akihiro Kato ចូលមកវិនិយោគក្លិបនេះបន្ទាប់ពីក្លិបដើមដែលមានឈ្មោះថា ត្រាយអាស៊ី ជួបវិបត្តិហិរញ្ញវត្ថុ។ ក្រោយមកលោកក៏បានផ្លាស់ប្ដូរឈ្មោះអោយទៅជា ក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរ។

ក្លិបក៏មានអ្នកចាត់ការទូទៅផងដែរ ដែលមានឈ្មោះថា Yusuke Shinoda ជាអ្នកចាត់ការទូទៅសញ្ជាតិជប៉ុនដូចគ្នា។

WAF-Akihiro-Kato

លោក Akihiro Kato

គ្រូបង្វឹកនៃក្លិបអង្គរថាយហ្គឺរ គឺដឹកនាំដោយ លោក Oriol Mahedano ដែលជាគ្រូបង្វឹកសញ្ជាតិអេស៉្បាញ កំពុងកាន់អាជ្ញាប័ណ្ណគ្រូបង្វឹកកម្រិត UEFA A licence ចូលមកដឹកនាំក្រុមតាំងពីពាក់កណ្ដាលរដូវកាល២០១៧ និងជួយអោយក្លិបបញ្ចប់ទៅនៅចំណាត់ថ្នាក់លេខ៦ នៃលីគកាលពីរដូវកាលមុន។

WAF-Oriol-Mahedano-ATFC-Coach

លោក Oriol Mahedano

 

២) ឈ្មោះថ្មីអោយស្របតាមទឹកដី៖

ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ដើមឡើយមានឈ្មោះថា ខេមបូឌានថាយហ្គឺរ ចន្លោះពីរដូវកាល២០១៥ ដល់រដូវកាល២០១៧ ប៉ុន្តែទើបតែនៅរដូវកាល២០១៨នេះ បានផ្លាស់ប្ដូរមកជាក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក្រោមហេតុផលអោយស្របទៅនឹងការផ្លាស់មូលដ្ឋានរបស់ក្លិបនៅលើទឹកដីអង្គរ ដ៏បវរក្នុងខេត្តសៀមរាប។

WAF-ATFC-New-Name

លើសពីនេះទៅទៀតម្ចាស់ក្លិបដដែល លោក Akihiro Kato ធ្លាប់បានបង្ហើបពីការប្ដូរឈ្មោះនេះផ្ដោតលើហេតុផលចំបង ដោយសារពាក្យថា “អង្គរ” គឺជាពាក្យតំណាងអោយជាតិខ្មែរទាំងមូល ជនបរទេសនរណាក៏ស្គាល់ អច្ចឹងបានន័យថាការដូរឈ្មោះធ្វើអោយគេស្គាល់ខ្មែរអោយបានច្រើន ក៏ដូចជាស្គាល់ក្លិបអង្គរថាយហ្គឺរ អោយបានច្រើន ដែលនេះគឺជាមោទនភាពមួយដើម្បីអោយអ្នកគាំទ្រស្រលាញ់ក្លិបអោយកាន់តែច្រើន។

 

រំលឹកថា ការផ្លាស់ប្ដូរឈ្មោះនេះគឺជាលើកទី ៣ ហើយសម្រាប់ក្លិបដែលបានបង្កើតឡើងនៅចុងឆ្នាំ ២០១២ មួយនេះ ដោយដើមឡើយមានឈ្មោះថា ត្រាយអាស៊ី ក្រោមការគ្រប់គ្រងរបស់ម្ចាស់ក្លិបផ្សេងជាជនជាតិជប៉ុនដូចគ្នា ក្រោយមកនៅឆ្នាំ ២០១៥ ទើបផ្លាស់ប្ដូរមកឈ្មោះ ខេមបូឌាថាយហ្គឺរ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ លោក  Akihiro Kato នេះផ្ទាល់តែម្ដងរហូតមកដល់សព្វថ្ងៃ មុននឹងប្ដូរឈ្មោះម្ដងទៀតទៅ អង្គរថាយហ្គឺរ នៅពេលនេះ៕

 

៣) កីឡដ្ឋាន៖

តាំងពីរដូវកាល២០១៧មកម្លេះ ដែលក្លិបបានផ្លាស់ទៅតាំងមូលដ្ឋាន ( ទឹកដីសម្រាប់ការប្រកួតក្នុងផ្ទះ ) នៅក្នុងខេត្តសៀមរាប ខណៈមិនខុសគ្នាសម្រាប់រដូវកាល២០១៨នេះ អង្គរថាយហ្គឹរ នៅតែបន្តយកកីឡដ្ឋានខេត្តសៀមរាបធ្វើជាទឹកដីសម្រាប់ការប្រកួតក្នុងផ្ទះរបស់ខ្លួនដដែល ប៉ុន្តែហាក់មិនទាន់អាចប្រើប្រាស់បាននៅឡើយគ្រាដែលគម្រោងជួសជុលផ្លាស់ប្ដូរស្មៅនៃកីឡដ្ឋាន ដែលហៅក្រៅថា “ស្វាយធំ” មួយនេះត្រូវបានពន្យា ដោយសារនៅរង់ចាំការចរចារអោយបានល្អិតល្អន់ ជាមួយថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការចុះអនុស្សរណៈយោគយល់ MOU លើការជួសជុលពីស្មៅធម្មជាតិ ទៅជាស្មៅសប្បនិម្មិតវិញ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។

តាមគម្រោងបើសិនជាការជួសជុលអាចដំណើរការទៅបានក្នុងពេលឆាប់ៗនេះ នោះកីឡដ្ឋានខេត្តសៀមរាប មួយនេះនឹងអាចប្រើប្រាស់នៅអំឡុងជើងទី២ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៨ ជាបណ្ដោះអាសន្ន ក្លិបនឹងប្រើប្រាស់ពហុកីឡដ្ឋានជាតិធ្វើជាទឹកដីរបស់ខ្លួនសម្រាប់ការប្រកួតក្នុងដី។

WAF-Siem-Reap-Stadium-(Svay-Thom)

 

៤) សមាជិកក្រុម៖

ក្រោមការដឹកនាំពីសំណាក់គ្រូបង្វឹកសញ្ជាតិអេស៉្បាញ លោក Oriol Mahedano បច្ចុប្បន្នក្លិបមានកីឡាករចំនួន២៥រូប ទាំងសមាជិកចាស់ និងសមាជិកថ្មី ក្នុងនោះមានកីឡាករបរទេស៥រូបផងដែរ។

រដូវកាល២០១៨នេះ អង្គរថាយហ្គឹរ បានធ្វើការនាំចូលកីឡាករចំនួន១១រូប ក្នុងនោះរួមមាន កីឡាករ Ryota Hayashi, Kenjiro Orgino និងកីឡាករ Kazuteru Okamoto ដែលមានសញ្ជាតិជប៉ុនដូចគ្នា កីឡាករ ឈង់ ប៊ុនណាត, កីឡាករ សុឹង ណារិទ្ធិ, ប៉ោ សុខុម, កង ឧត្តម, លី វាសនា, តាំង ពិសី និង ហម បញ្ញា ដែលមានសញ្ជាតិខ្មែរ ជាមួយនឹងកីឡាករបរទេស១រូបទៀត Afanwi Baldwin ផងដែរ។

27066880_1119722374836679_4222699137660878167_n

សម្រាប់កីឡាករដែលចាកចេញនៅក្នុងរដូវកាលនេះ គឺមានចំនួនជាង១០នាក់ ទាំងផ្លាស់ទៅចូលរួមជាមួយក្លិបថ្មី និងចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់។

 

៥) ការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី៖

ជាត្រៀមមុនរដូវកាលថ្មីមកដល់ ក្លិបអង្គរថាយហ្គឺរ បានធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្លិបមួយចំនួនដែលរួមលីគជាមួយគ្នាផងដែរនោះ ក្នុងនោះបានធ្វើការប្រកួតចំនួន៥ប្រកួត មានទាំងឈ្នះ ចាញ់ និងស្មើ ជាមួយនឹងលទ្ធផលរួមមាន៖

  • ថ្ងៃទី ០៣ ខែ កុម្ភៈ៖ ចាញ់ ( អាស៊ីអឺរ៉ុបយូណាយធីត ) ដោយលទ្ធផល ៤ទល់២
  • ថ្ងៃទី ០៨ ខែ កុម្ភៈ៖ ឈ្នះ ( វេស្ទើនភ្នំពេញ ) ដោយលទ្ធផល ៥ទល់១
  • ថ្ងៃទី ១០ ខែ កុម្ភៈ៖ ចាញ់ ( វិសាខា ) ដោយលទ្ធផល ០ទល់៣
  • ថ្ងៃទី ១៤ ខែ កុម្ភៈ៖ ស្មើ ( អគ្គិសនីកម្ពុជា ) ដោយលទ្ធផល ១ទល់១
  • ថ្ងៃទី ២៤ ខែ កុម្ភៈ៖ ឈ្នះ ( អគ្គស្នងការដ្ឋាននគរបាលជាតិ ) ដោយលទ្ធផល ១ទល់២

 

៦) គោលដៅសម្រាប់រដូវកាល២០១៨៖

កាលពីពេលថ្មីៗនេះ ក្លិបបានដាក់គោលដៅផងដែរសម្រាប់រដូវកាល២០១៨នេះ ដោយរំពឹងថានឹងទទួលបានចំណាត់ថ្នាក់នៅក្នុងក្រុមកំពូលទាំង៤ ( Top 4 ) មុននឹងឈានទៅសម្រេចគោលដៅដណ្ដើមជើងឯកនៅឆ្នាំ២០២០ នេះបើតាមការអោយដឹងពី លោក Akihiro Kato ដែលជាម្ចាស់ក្លិបអង្គរថាយហ្គឺរផ្ទាល់។

 

សូមបញ្ចាក់ថា លីគកំពូលកម្ពុជា រដូវកាល២០១៨ នឹងត្រលប់មកវិញនាចុងសប្ដាហ៍នេះ ខណៈសម្រាប់អង្គរថាយហ្គឺរ នឹងធ្វើការប្រកួតបើកឆាករបស់ខ្លួន ដោយត្រូវតតាំងជាមួយ ក្រុមជើងឯករងរដូវកាលចាស់២០១៧ ក្រសួងការពារជាតិ នាថ្ងៃអាទិត្យ ទី ០៤ ខែ មិនា លើវាលស្មៅសិប្បនិម្មិត នៃពហុកីឡដ្ឋានជាតិ នៅវេលាម៉ោង ១៥:៣០ នាទីរសៀល៕