រឿងសំខាន់ៗ ៥យ៉ាងដែលអ្នកគាំទ្រគួរតែដឹងពីក្រុមចំណូលថ្មី វិសាខា មុនលីគកំពូលកម្ពុជាចាប់ផ្ដើម

By |

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា នឹងចូលមកដល់សម្រាប់រដូវកាល២០១៨ នៅចុងសប្តាហ៍នេះហើយ ខណៈរដូវកាលនេះមានក្រុមចំនួន១២ចូលរួមប្រកួតដូចរដូវកាលកន្លងមកផងដែរ។

មុននឹងការប្រកួតចូលមកដល់នៅចុងសប្ដាហ៍នេះ ក្រុមការងារ We Are Football សូមធ្វើការជម្រាបជូនរឿងរ៉ាវខ្លះៗ អំពីក្លិបចំណូលថ្មី វិសាខា ដែលជាផ្នែកមួយនេះនៃសមាជិកក្លិបទាំង១២នៃលីគកំពូលកម្ពុជា រដូវកាល២០១៨។

១ ថ្នាក់ដឹកនាំរបស់ក្លិបបាល់ទាត់វិសាខា៖

ក្លិបវិសាខា ត្រូវបានបង្កើតនៅថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៧ ដែលមានលោក ហុក សុចិត្រា ជាអ្នកចាត់ការទូទៅរបស់ក្រុម, លោក ហុក សុជីវ័ន ជាគ្រូបង្វឹកសម្រាប់ដឹកនាំក្រុមលេងនៅពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨នេះ ជាមួយសមាសភាពកីឡាករចំនួន ២៨នាក់ ក្នុងនោះមានកីឡាករបរទេសចំនួន ៥នាក់ ដែលសុទ្ធសឹងតែជាកីឡាករសញ្ជាតិកូរ៉េខាងជើងទាំងអស់។

Hok-Sochetra

ខាងក្រោមនេះជាឯកសណ្ឋានផ្លូវការរបស់ក្លិបវិសាខា សម្រាប់ត្រៀមចូលរួមនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា ខណៈឯកសណ្ឋានក្នុងដី គឺមានពណ៌ខៀវ ឆ្នូតស ជាមួយនឹងខោពណ៌ខៀវដូចគ្នា ស្របពេលដែលឯកសណ្ឋានពណ៌ស ឆ្នូតក្រហម គឺជាឯកសណ្ឋានក្រៅដី ជាមួយនឹងខោពណ៌ក្រហម។

WAF-Visakha-Home&Away-Kits-2018

ឯកសណ្ឋានផ្លូវការសម្រាប់រដូវកាល២០១៨នេះ

២ កីឡដ្ឋានផ្ទាល់ខ្លួនរបស់ក្លិបវិសាខា៖

បើយើងក្រឡេកទៅមើលទីលានមួយដែលស្ថិតក្នុងនៅតំបន់ហ្រ្គែនភ្នំពេញអ៊ីនធើណេសឺណលស៊ីធី ភូមិឃ្មួញ សង្កាត់ឃ្មួញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ កីឡដ្ឋានមួយដែលកំពុងតែសម្រុកសាងសង់ឲ្យរួចរាល់នាពាក់កណ្ដាលខែ មេសា ខាងមុខនេះ សម្រាប់ត្រៀមទទួលធ្វើជាម្ចាស់ផ្ទះក្នុងពានរង្វាន់លីគកំពូលកម្ពុជា ខណៈកីឡដ្ឋានមួយនេះ មានទាំងស្មៅសប្បនិម្មិត និងស្មៅធម្មជាតិ ពោលគឺ សម្រាប់ទីលានប្រកួតប្រើប្រាស់ស្មៅធម្មជាតិ រីឯ ទីលានសម្រាប់ហ្វឹកហាត់ត្រូវប្រើប្រាស់ស្មៅសប្បនិម្មិតផងដែរ។

Visakha Stadium 02

៣ គ្រូបង្វឹក និងកីឡាកររបស់ក្លិបវិសាខា៖

លោក ហុក សុជីវ័ន បានក្លាយជាគ្រូបង្វឹកក្រុមវិសាខាតាំងពីដើមរដូវកាល២០១៧ និងបានជួយក្រុមមួយនេះគ្រងជើងឯកលីគទី២ កម្ពុជា លើកដំបូងរបស់ខ្លួនក្រោយបានបង្កើតក្លិបនាឆ្នាំដដែលនេះ គ្រូដែលកំពុងតែកាន់អាជ្ញាបណ្ឌ AFC A License នៅតែបន្តដឹកនាំក្រុមមួយនេះដោយបានរៀបចំក្រុមរបស់ខ្លួនឲ្យកាន់តែប្រសើរជាងមុន ក្នុងការប្រជែងជាមួយក្រុមធំៗនៅលីគកំពូល។

បន្ទាប់ពីបានឡើងមកលេងនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា វិសាខា បានធ្វើឲ្យពិភពបាល់ទាត់នៅស្រុកខ្មែរមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងធ្វើឲ្យក្រុមធំៗកាន់តែមានសម្ពាធក្នុងការប្រកួតប្រជែង ក្រោយពីបាននាំចូលនូវកីឡាករសំខាន់ៗ និងសំបូរបទពិសោធន៍ក្រាស់ក្រែលនៅលីគកំពូលនេះជាច្រើនរូបដូចជា នាំយកកីឡាករសញ្ជាតិកូរ៉េខាងជើងទាំង ៤រូបពី ក្រសួងការពារជាតិ, កីឡាករ រស់ សំអឿន ពីក្រុមបឹងកេតអេហ្វសុី, កីឡាករ កែវ សុខសិលា ពីក្រុមភ្នំពេញក្រោន, កីឡាករ ស៊ាន ភីសារ ពីក្រុមក្រសួងការពារជាតិ និងកីឡាករជាច្រើនទៀតសម្រាប់ពង្រឹងសមត្ថភាពក្រុមទាំងមូលផងដែរ ខណៈមានកីឡាករមួយចំនួនក៏បានចាកចេញទៅក្លិបដើមរបស់ខ្លួនវិញ ក្រោយពីអស់សុពលភាពក្នុងកិច្ចសន្យាខ្ចីជើងមួយរដូវកាល។

៤ គោលដៅប្រចាំឆ្នាំរបស់ក្រុម៖

កាលពីពេលថ្មីៗនេះ ក្លិបបានដាក់គោលដៅផងដែរសម្រាប់រដូវកាល២០១៨នេះ ដោយរំពឹងថានឹងទទួលបានចំណាត់ថ្នាក់នៅក្នុងក្រុមកំពូលទាំង៦ ( Top 6 ) ឬក៏រក្សាខ្លួននៅក្នុងលីគកំពូលបន្តទៀត មុននឹងឈានទៅសម្រេចគោលដៅ ៣ឆ្នាំ ពោលគឺនៅឆ្នាំ ២០២០ ដើម្បីដណ្ដើមជើងឯកលីគកំពូលកម្ពុជា នេះបើតាមការអោយដឹងពី លោក ហុក សុជីវ័ន ដែលជាគ្រូបង្វឹកវិសាខាផ្ទាល់បានបញ្ជាក់។

៥ ការត្រៀមខ្លួនសម្រាប់រដូវកាលថ្មីរបស់ក្រុម៖

ក្រុមជើងឯកលីគលំដាប់ទី២ បានធ្វើការត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ការចូលលេងនៅលីគកំពូលកម្ពុជារដូវកាល២០១៨នេះ ដោយបានធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំដកស្រង់បទពិសោធន៍ទាំងក្នុងស្រុក និងក្រៅស្រុក អ្វីដែលគួរឲ្យកត់សម្គាល់មួយទៀតនោះគឺ ក្រុមដឹកនាំដោយលោក ហុក សុជីវ័ន មិនទាន់ស្គាល់បរាជ័យនោះទេនៅក្នុងការប្រកួតមិត្តភាពរបស់ខ្លួន នេះអាចចាត់ទុកថាជាផលវិជ្ជមានមួយសម្រាប់ចូលរួមប្រកួតប្រជែងជាមួយក្រុមខ្លាំងនៅក្នុងលីគ។

  • ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០១៨៖ អាសុីអុឺរ៉ុប យូណាយធីត ០-២ វិសាខា កីឡដ្ឋាន AEU Sport Park
  • ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៨៖ វិសាខា ៣-០ អគ្គិសនីកម្ពុជា កីឡដ្ឋាន អគ្គិសនីកម្ពុជា
  • ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៨៖ ត្រាតអេហ្វសុី ០-២ វិសាខា កីឡដ្ឋានត្រាត ប្រទេសថៃ
  • ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៨៖ ចន្ថាបុរី ២-២ វិសាខា កីឡដ្ឋានចន្ថាបុរី ប្រទេសថៃ
  • ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ ជម្រើសខេត្តកោះកុង ២-៣ វិសាខា កីឡដ្ឋានខេត្តកោះកុង
  • ថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ អង្គរថាយហ្គឺរ ០-៣ វិសាខា កីឡដ្ឋាន ISF
  • ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ វិសាខា ៥-១ ព្រះខ័នរាជស្វាយរៀង កីឡដ្ឋានបុរីប៉េងហួរ ច្បារអំពៅ
  • ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ វេស្ទើនភ្នំពេញ ២-៣ វិសាខា កីឡដ្ឋានវេស្ទើន

សូមបញ្ចាក់ថា លីគកំពូលកម្ពុជា រដូវកាល២០១៨ នឹងត្រលប់មកវិញនាចុងសប្ដាហ៍នេះ ខណៈសម្រាប់ វិសាខា នឹងធ្វើការប្រកួតបើកឆាករបស់ខ្លួន ដោយត្រូវតតាំងជាមួយ ក្រុម អគ្គិសនីកម្ពុជា នាថ្ងៃអាទិត្យ ទី ០៤ ខែ មិនា លើវាលស្មៅសិប្បនិម្មិត នៃកីឡដ្ឋានវេស្ទើនភ្នំពេញ ដែលជាទឹកដីក្រុមជើងឯកលីគទី២ បណ្ដោះអាសន្ន នៅវេលាម៉ោង ១៥:៣០ នាទីរសៀល៕