គ្រូបង្វឹកក្រុមបឹងកេតថា៖«បាល់ទាត់ បើយើងលេងល្អតែ១តង់ យើងមិនអាចទទួលជ័យជម្នះបានទេ»

By |

បឹងកេត បានបញ្ចប់ការប្រកួតទី២របស់ខ្លួន នៅក្នុងពូល F ដោយបានចាញ់ ១ទល់២ នៅក្នុងផ្ទះ ក្រោមថ្វីជើងក្លិប Shan United លើទឹកដីនៃពហុកីឡដ្ឋានជាតិ កាលពីល្ងាចម្សិលមិញក្នុងពានរង្វាន់ AFC Cup 2018។

ជាមួយនឹងបរាជ័យនេះគ្រូបង្វឹកនៃក្លិបបឹងកេត លោក កែវ កុសល បានផ្ដល់ជាមតិខ្លះនៅក្រោយចប់ការប្រកួតនៅក្នុងសន្និសិទសារព័ត៌មាន ដូចខាងក្រោម

– ជុំវិញការប្រកួត…

សម្រាប់ការប្រកួតថ្ងៃនេះ គឺយើងទទួលបានលទ្ធផលមួយដែល ទាំងខ្ញុំ ទាំងថ្នាក់ដឹកនាំ ក៏ដូចជាកីឡាករមានការខកចិត្តយ៉ាងខ្លាំង ព្រោះពួកយើងបានប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ហើយយើងបានតាំងចិត្ត ប្តេជ្ញាចិត្ត ធ្វើម៉េចអោយទទួលបានជ័យជម្នះ ប៉ុន្តែចុងក្រោយនេះគឺជាបាល់ទាត់បើសិនជាយើងលេងល្អតែមួយតង់ ( មួយវគ្គ ) យើងអត់ងាចទទួលបានជ័យជម្នះបានទេ យើងត្រូវលេងល្អរហូតដល់ចប់៩០នាទី។ យើងឃើញថាតង់តិ១ យើងលេងបានល្អ យើងមានឱកាសច្រើនមែនទែន ប៉ុន្តែយើងបាត់បង់ឱកាស យើងធ្វើអត់បានសម្រេច អច្ចឹងនៅចុងតង់កម្លាំងរបស់យើងធ្លាក់ ហើយខាងក្រុម Shan គេមានឱកាសទាត់ចូលបាន ១ទល់១។

– ជុំវិញប្រព័ន្ធការពារ…

តាមពិតខ្សែការពាររបស់យើងគាត់លេងបានល្អ ប៉ុន្តែអ្វីដែលជាបញ្ហាមានន័យថា ខ្សែប្រយុទ្ធយើងអត់បានមកជួយខ្សែបម្រើ អច្ចឹងធ្វើអោយខ្សែបម្រើមានចន្លោះប្រហោង កាលណាខ្សែបម្រើមានចន្លោះប្រហោង ធ្វើអោយខ្សែបម្រើខាង Shan គាត់មានឱកាស គាត់ចាប់ផ្ដើមចែកបាល់ស្រួល អច្ចឹងបើសិនជាតំបន់កណ្ដាលយើងណែន ដោយយើងអោយខ្សែប្រយុទ្ធចុះមកជួយដែលប៉ុន្តែគាត់អស់សូវមានកម្លាំង គាត់អត់បានជួយ កាលណាគាត់អត់បានជួយ ខ្សែបម្រើ យ៉ាម៊ីន ជាមួយនឹង មីហ្សាន គាត់នៅទំនេរតែ២នាក់ អច្ចឹងគាត់ហត់មែនទែន ហើយកាលណាតំបន់បម្រើទូលាយហើយ គេចាប់ផ្ដើមមានឱកាសលេងទៅមុខស្រួល អច្ចឹងវាបង្ករគ្រោះថ្នាក់ដល់ខ្សែការពារយើងអោយពិបាក។

– ជុំវិញបញ្ហាកម្លាំង…

មុនការប្រកួតយើងត្រៀមបានល្អដែរ ក៏ប៉ុន្តែមិនដឹងជាយ៉ាងម៉េចនៅក្នុងថ្ងៃប្រកួត។ តាមពិតយើងដឹងដែរថាក្រុម Shan ជាក្រុមមានកម្លាំង ប៉ុន្តែជាអ្វីដែលយើងសោកស្ដាយមានន័យថា ពេលដែលយើងមានឱកាសនៅតង់ទី១ បើសិនជាយើងធ្វើបានសម្រេចអាចថាយើង អាចនាំមុខដល់ទៅ៣ ទៅ៤គ្រាប់ អច្ចឹងខ្ញុំជឿថាបើយើងបានលទ្ធផលនាំមុខ ៣,៤ គ្រាប់មុន ខ្ញុំជឿថា ទាំងកម្លាំងកាយ និងកម្លាំងចិត្តធម្មតា ខាងនោះប្រាកដជាបាក់ហើយ អច្ចឹងចូលតង់ទី២ យើងអាចស្រួលលេងជាងនេះ ដល់ពេលមុននឹងបញ្ចប់ទៅហើយស្រាប់តែកេបានលទ្ធផល ១ស្មើ អច្ចឹងធ្វើអោយខាងនោះមានកម្លាំងចិត្ត ហើយបូកផ្សំនឹងកម្លាំងគេរាងល្អជាងយើងផង ប៉ុន្តែសរុបលទ្ធផលប៉ុននេះយើងគិតថាអាចទទួលយកបាន យើងគិតថាក្រុមប្រឹងប្រែងអស់ហើយ។

ឆ្លងកាត់២ប្រកួតកន្លងមក បឹងកេត បានរងបរាជ័យទាំង២លើក ពោលសរុបមកបច្ចុប្បន្ន ពុំទាន់មានពិន្ទុរាប់នៅឡើយទេ ជាមួយនឹងការរបូតគ្រាប់បាល់រហូតដល់១០គ្រាប់ និងស្ថិតនៅបាតតារាងនៃពូល F នេះផងដែរ៕