អតីតកីឡាករ Lanexang United ចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ក្លាយជាសមាជិកបរទេសទី៤សម្រាប់ក្លិប

By |

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានធ្វើការចុះកិច្ចសន្យានាំយកកីឡាករបរទេសចំណូលថ្មីមួយរូបទៀត ដែលមានតួនាទីជាខ្សែបម្រើប្រយុទ្ធ មករួមជាមួយក្រុមសម្រាប់ត្រៀមនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨។

យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប កីឡាករបរទេសថ្មីទី៤ នេះមានឈ្មោះថា Ryota Ishikawa និងជាសមាជិកថ្មីទី៥ សម្រាប់ក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង មួយនេះនាំចូលជាមួយកិច្ចសន្យារយៈពេលមួយឆ្នាំ។

28277001_1691300227593381_6211001911612503167_n

Ryota Ishikawa មានវ័យ៣០ឆ្នាំ ធ្លាប់មានបទពិសោធជោគជាំនៅក្នុងលីគបាល់ទាត់នៃប្រទេសជប៉ុន ដោយចាប់ផ្ដើមដំបូងជាមួយក្លិបពាក់កណ្ដាលអាជីព Suzuka Unlimited FC នៅឆ្នាំ២០១១ មុននឹងផ្លាស់មកចូលរួមជាមួយ ក្រុម Fukushima United នៅឆ្នាំដដែល

កីឡាករជប៉ុនរូបនេះក៏ធ្លាប់មានបទពិសោធជោគជាំផងដែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយបានចូលរួមជាមួយក្លិបមួយចំនួន ដូចជាក្លិប Lanexang United របស់ឡាវ ( មុនពេលក្លិបត្រូវបានរំសាយ ) ចូលរួមជាមួយក្លិប Internazionale Pattaya របស់ថៃនៅលីគលំដាប់ទី៤ ក៏ធ្លាប់ចូលរួមជាមួយក្លិប Stallion Laguna FC របស់លីគកំពូលហ្វីលីពីន និងចុងក្រោយលេងអោយ Erchim FC នៅរដូលកាល២០១៧ ជួយអោយក្លិបឈ្នះជើងឯកលីគម៉ុងហ្គោលីផងដែរ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ព្រះខ័នរាជស្វាយរៀង បាននាំចូលកីឡាករបាន៥រូបហើយទាំងខ្មែរ និងបរទេសរួមមាន កីឡាករសញ្ជាតិអាហ្វ្រិកខាងត្បូង Shane Booysen, សួន សុវណ្ណ, កីឡាករសញ្ជាតិជប៉ុន Daisuke Kobayashi កីឡាករកូរ៉ខាងត្បូង Whoo Hyun និង Ryota Ishikawa នេះផ្ទាល់តែម្ដង៕

 

រូបភាព៖ LANEXANG UNITED / Preah Khan Reach Svay Rieng FC