រឿងរ៉ាវ៦ចំនុច របស់ភ្នំពេញក្រោន សម្រាប់រដូវកាលថ្មី២០១៨ ដែលនឹងមកដល់ចុងសប្ដាហ៍នេះ

By |

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា នឹងចូលមកដល់សម្រាប់រដូវកាល២០១៨ នាចុងសប្ដាហ៍ថ្ងៃសៅរ៍ ទី ០៣ ខែ មិនា នេះ។

មុននឹងការប្រកួតចូលមកដល់នៅចុងសប្ដាហ៍នេះ ក្រុមការងារ We Are Football សូមធ្វើការជម្រាបជូនរឿងរ៉ាវខ្លះៗ អំពីក្លិបភ្នំពេញក្រោន ដែលជាផ្នែកមួយនេះនៃសមាជិកក្លិបទាំង១២នៃលីគកំពូលកម្ពុជា រដូវកាល២០១៨។

១) ថ្នាក់ដឹកនាំក្រុម៖

ក្លិបភ្នំពេញក្រោន ត្រូវបានដឹកនាំដោយអ្នកជំនួញម្នាក់ពោលគឺ លោក ឬទ្ធី សំណាង ដែលជាម្ចាស់សណ្ឋាគារមួយកន្លែងនៅខេត្តស្វាយរៀង និងក្លាយជាម្ចាស់ក្លិបទី២ ក្រោយការលាឈប់របស់លោក លី សុភ័ក្ត្រ៕

WAF-PPCFC-Chairman

លោក ឬទ្ធី សំណាង

ក្លិបក៏មានអ្នកចាត់ការទូទៅផងដែរ ដែលមានឈ្មោះថា Noriaki Ikeda ជាអ្នកចាត់ការទូទៅសញ្ជាតិជប៉ុន។

គ្រូបង្វឹកនៃក្លិបភ្នំពេញក្រោន គឺដឹកនាំដោយ លោក Sean Sainsbury ដែលជាគ្រូបង្វឹកសញ្ជាតិអង់គ្លេស កំពុងកាន់អាជ្ញាប័ណ្ណគ្រូបង្វឹកកម្រិត UEFA A licence ចូលមកដឹកនាំក្រុមតាំងពីពាក់កណ្ដាលរដូវកាល២០១៧ និងជួយអោយក្លិបបញ្ចប់ទៅនៅចំណាត់ថ្នាក់លេខ៥ នៃលីគកាលពីរដូវកាលមុន។

WAF-PPCFC-Coach-2018

លោក Sean Sainsbury

២) កីឡដ្ឋាន៖

ក្លិបដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ មួយនេះមានកីឡដ្ឋានផ្ទាល់ខ្លួននឹងប្រើប្រាស់បានរយៈពេល៣រដូវកាលហើយ ដោយមានឈ្មោះថា RSN Syadium ដែលជាឈ្មោះកាត់ជាភាសាអង់គ្លេសរបស់ម្ចាស់ក្លិប លោក ឬទ្ធី សំណាង។

កីឡដ្ឋានដែលផ្ទុកទស្សនិកជនបានប្រមាណ ៥,០០០ នាក់មួយនេះ នឹងនៅតែបន្តធ្វើជាមូលដ្ឋានសម្រាប់ភ្នំពេញក្រោន ប្រើប្រាស់បម្រើដល់ការប្រកួតក្នុងដីនារដូវកាល២០១៨នេះផងដែរ។

WAF-RSN-Stadium-2017

 

៣) សមាជិកក្រុម៖

ក្រោមការដឹកនាំពីសំណាក់គ្រូបង្វឹកសញ្ជាតិអង់គ្លេស លោក Sean Sainsbury បច្ចុប្បន្នក្លិបមានកីឡាករចំនួន២៨រូប ទាំងសមាជិកចាស់ បូកបញ្ចូលទាំងសមាជិកថ្មី ថែមទាំងមានកីឡាករបរទេស៥រូបផងដែរ។

រដូវកាល២០១៨នេះ ភ្នំពេញក្រោន ទើបតែបានធ្វើការនាំចូលកីឡាករចំនួន៦រូបប៉ុណ្ណោះ ក្នុងនោះរួមមាន កីឡាករ Tsotleho JANE កីឡាករខ្សែប្រយុទ្ធ Pouya Hossein ដែលមានសញ្ជាតិអុឺរ៉ង់, កីឡាករ Jonny Campbell ដែលជាខ្សែការពារសញ្ជាតិអាមេរិក, កីឡាករ Jorrin John ខ្សែប្រយុទ្ធសញ្ជាតិដើមអង់គ្លេស និងកីឡាករខ្សែការពារជប៉ុន Atsushi Shirota និងកីឡាករកូនកាត់ខ្មែរបារាំង អាលេច យូ ផងដែរ។

បែបនេះក្ដីក្លិបក៏មានកីឡាករមួយចំនួនធំបានចាកចេញដូចគ្នាផងដែរ ដូចជាកីឡាករសំខាន់ៗ Shane Booysen, កែវ សុខសិលា, កែវ សុខផេង, កុក បុរីស ឆុំ ភីសា និងកីឡាករមួយចំនួនធំទៀត។

28070718_1930873940273454_5519037151381438206_o

 

៤) ការត្រៀមខ្លួនសម្រាប់រដូវកាលថ្មី៖

ជាត្រៀមមុនរដូវកាលថ្មីមកដល់ ក្លិបភ្នំពេញក្រោន ក៏បានធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្លិបមួយចំនួនដែលរួមលីគជាមួយគ្នាផងដែរនោះ ក្នុងនោះបានធ្វើការប្រកួតចំនួន១០ប្រកួត មានទាំងឈ្នះ ចាញ់ និងស្មើ ជាមួយនឹងលទ្ធផលរួមមាន៖

  • ថ្ងៃទី ២៣ ខែ ធ្នូ៖ ស្មើ ( គីរីវង់សុខសែនជ័យ ) ដោយលទ្ធផល ៣ទល់៣
  • ថ្ងៃទី ០៦ ខែ មករា៖ ចាញ់ ( Negeri Sembelin FA ) ដោយលទ្ធផល ០ទល់៣
  • ថ្ងៃទី ០៩ ខែ មករា៖ ឈ្នះ ( Terengganu FC ) ដោយលទ្ធផល ២ទល់១
  • ថ្ងៃទី ២០ ខែ មករា៖ ឈ្នះ ( សូលទីឡូអង្គរ ) ដោយលទ្ធផល ២ទល់០
  • ថ្ងៃទី ២៧ ខែ មករា៖ ឈ្នះ ( ណាហ្គាវើល ) ដោយលទ្ធផល ៦ទល់២
  • ថ្ងៃទី ១០ ខែ កុម្ភៈ៖ ឈ្នះ ( អាស៊ីអឺរ៉ុបយូណាយធីត ) ដោយលទ្ធផល ១ទល់៣
  • ថ្ងៃទី ១៧ ខែ កុម្ភៈ៖ ស្មើ ( ណាហ្គាវើល ) ដោយលទ្ធផល ៣ទល់៣
  • ថ្ងៃទី ១៧ ខែ កុម្ភៈ៖ ឈ្នះ ( អាស៊ីអឺរ៉ុបយូណាយធីត ) ដោយលទ្ធផល ៦ទល់៣
  • ថ្ងៃទី ២៤ ខែ កុម្ភៈ៖ ឈ្នះ ( វេស្ទើនភ្នំពេញ ) ដោយលទ្ធផល ២ទល់៥
  • ថ្ងៃទី ២៥ ខែ កុម្ភៈ៖ ឈ្នះ ( សសយក ខេត្តកោះកុង ) ដោយលទ្ធផល ០ទល់៣

 

៥) គោលដៅសម្រាប់រដូវកាល២០១៨៖

យោងតាមសម្ដីរបស់ លោក Sean Sainsbury ដែលជាគ្រូបង្វឹករបស់ក្លិបធ្លាប់បានលើកឡើងអំពីគោលដៅខ្លះៗរបស់ក្លិបយ៉ាងដូច្នេះថា៖ «សម្រាប់គោលដៅនារដូវកាលនេះ គឺខ្ញុំចង់បង្ហាញឲ្យគ្រប់គ្នាឃើញថា យើងគឺជាក្រុមដ៏ល្អមួយនៅក្នុងលីគ ដោយពួកយើងចង់ឈ្នះរាល់គ្រប់ការប្រកួតទាំងអស់តាមអ្វីដែលយើងអាចធ្វើបាន យើងមានអារម្មណ៍ថាយើងអាចប្រកួតប្រជែងជាមួយក្រុមដទៃទៀតបាន ប៉ុន្ដែនៅពេលដែលរដូវកាលថ្មីចាប់ផ្ដើម យើងចង់បង្ហាញឲ្យអ្នកទាំងអស់គ្នាឃើញថា យើងជាក្រុមដ៏អស្ចារ្យមួយនៅក្នុងលីគ»។

 

៦) ពត៌មានទូទៅ៖

ក្លិបបាល់ទាត់ភ្នំពេញក្រោន ប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានគេទទួលស្គាល់ថាជាក្លិបដែលសំបូរទៅដោយកីឡាករយុវជន ដែលភាគច្រើនកើតចេញមកពីថ្នាលដែលបានឆ្លងកាត់ការបណ្ដុះបណ្ដាលតាំងពីនៅជាយុវជនអាយុក្រោម១២ ទៅ១៣ឆ្នាំ។

សម្រាប់រដូវកាលនេះផងដែរ បើយោងតាមបញ្ជីសមាសភាពក្រុម គឺក្លិបមានកីឡាករយុវជនដែលជាថ្នាលតាំងពីអំឡុងឆ្នាំ២០១២ ប្រហែលជា១៩នាក់ ក្នុងចំណោមកីឡាករទាំង២៨នាក់នៅក្នុងក្លិប។

WAF-PPCFC-Youth

សម្រាប់ការប្រកួត លីគកំពូលកម្ពុជា រដូវកាល២០១៨ ដែលនឹងត្រលប់មកវិញនាចុងសប្ដាហ៍នេះ ភ្នំពេញក្រោន នឹងធ្វើការប្រកួតបើកឆាករបស់ខ្លួន ដោយត្រូវតតាំងជាមួយ ក្រុមទើបឡើងមកពីលីគលំដាប់ទី២កម្ពុជា សូលទីឡូអង្គរ នាថ្ងៃសៅរ៍ ទី ០៣ ខែ មិនា លើវាលស្មៅធម្មជាតិ នៃកីឡដ្ឋាន RSN នៅវេលាម៉ោង ១៨:០០ នាទីល្ងាច៕

 

រូបភាព៖ FB – Phnom Penh Crown FC