លទ្ធផលចាប់ឆ្នោតបែងចែកពូលជុំបន្ទាប់ នៃពានរង្វាន់លីគបាល់ទាត់យុវជន និងបាល់ទាត់នារី

By |

ការប្រកួតពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំ, ១៦ឆ្នាំ និងបាល់ទាត់នារី បានបញ្ចប់ការប្រកួតជម្រុះក្នុងពូលរបស់ខ្លួនទាំងស្រុងជាផ្លូវការហើយ កាលពីថ្ងៃអាទិត្យ ទី ២៥ ខែ កុម្ភៈ កន្លងទៅ។

ក្រោយបញ្ចប់ការប្រកួតទាំងស្រុងនៅក្នុងវគ្គជម្រុះតាមពូលនេះ ក៏បានរកឃើញក្រុមដែលឡើងទៅជុំបន្ទាប់ ក៏ដូចជាការចាប់ឆ្នោតផ្គូរផ្គង់បន្ថែមទៀតផងដែរ។

  • ការប្រកួតបាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំ៖

សម្រាប់ក្រុមប្រកួតដំបូង ពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំ បញ្ចប់ការប្រកួតទាំងស្រុង ក្រុមដែលទទួលបានកៅអីឡើងទៅប្រកួតជុំបន្តរួមមាន ពូល A ( ព្រៃវែង ជាមួយ សាលាតម្រង់ទិសបាល់ទាត់ត្បូងឃ្មុំ ) ពូល B ( កោះកុង ជាមួយ ព្រះសីហនុ ) ពូល C ( កំពង់ស្ពឺ ជាមួយ កណ្ដាល ) ខណៈពូល D នឹងត្រូវឡើងទាំង២ក្រុម ( U-14 ក្រសួងការពារជាតិ ជាមួយ U-14 ព្រះខ័នរាជស្វាយរៀង )។

ទាំង៨ក្រុមក៏នឹងត្រូវធ្វើការបែងចែកចេញជា២ពូល ប្រកួតនៅក្នុងដំណាក់កាលទី២បន្តទៀត ដោយជាលទ្ធផលនៅក្នុងការចាប់ឆ្នោតបែងចែកពូលរួមមាន៖

– ពូល A: ខេត្តស្វាយរៀង, ខេត្តកណ្ដាល, ខេត្តកំពង់ស្ពឺ និង ខេត្តព្រៃវែង

– ពូល B: ខេត្តកោះកុង, ខេត្តព្រះសីហនុ, យុវជនព្រះខ័នរាជស្វាយរៀង និងក្រុមយុវជនក្រសួងការពារជាតិ

  • ការប្រកួតបាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំ

សម្រាប់ការប្រកួតពានរង្វាន់បាល់ទាត់យុវជនអាយុក្រោម១៦ឆ្នាំ បញ្ចប់ការប្រកួតទាំងស្រុង រួមមាន ពូល A ( ស្វាយរៀង ជាមួយ ត្បូងឃ្មុំ ) ពូល B ( កោះកុង ជាមួយ ព្រះសីហនុ ) ពូល C ( មជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី ជាមួយ កំពង់ស្ពឺ ) ខណៈពូល D នឹងត្រូវឡើងទាំង២ក្រុម  ( U-16 ក្រសួងការពារជាតិ ជាមួយ U-16 សាលាបាល់ទាត់ភ្នំពេញ )។

ដូចគ្នាផងដែរ ទាំង៨ក្រុមក៏នឹងត្រូវធ្វើការបែងចែកចេញជា២ពូល ប្រកួតនៅក្នុងដំណាក់កាលទី២បន្តទៀតដូចគ្នា ដោយជាលទ្ធផលនៅក្នុងការចាប់ឆ្នោតបែងចែកពូលរួមមាន៖

– ពូល A: យុវជនសាលាបាល់ទាត់ជាតិបាទី, ខេត្តស្វាយរៀង, ខេត្តព្រះសីហនុ និង ខេត្តកំពង់ស្ពឺ

– ពូល B: ក្រុមយុវជនក្រសួងការពារជាតិ, យុវជនសាលាបាល់ទាត់ភ្នំពេញ, ខេត្តកោះកុង និង ខេត្តត្បូងឃ្មុំ

 

សម្រាប់ការប្រកួតពានរង្វាន់ទាំង២ឈុត យុវជនអាយុក្រោម១៤ និង១៦ឆ្នាំ នឹងចាប់ផ្ដើមប្រកួតពីថ្ងៃសក្រ ទី ០២ ខែ មិនា ស្អែកនេះតទៅ រហូតដល់ថ្ងៃទី ០៦ ខែដដែល សម្រាប់វគ្គជម្រុះក្នុងពូល នៅលើទីលានមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ គ្រប់ការប្រកួតទាំងអស់ មុននឹងបន្តការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ខេត្តត្បូងឃ្មុំ។

 

  • ការប្រកួតបាល់ទាត់នារី៖

ដោយឡែកសម្រាប់ការប្រកួតបាល់ទាត់នារីក៏បានផ្គូផ្គង់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដូចគ្នា គ្រាដែលក្រុមឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រួមមាន ពូល A ក្រុមបាល់ទាត់នារីខេត្តបាត់ដំបង ជាមួយ ខេត្តកំពង់ឆ្នាំង ស្របពេលដែលពូល B គឺក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ ចាប់ដៃគ្នាឡើងជាមួយ ខេត្តស្វាយរៀង។

ដូច្នេះជាលទ្ធផលនៃការផ្គូរផ្គង់ ក្រុមលេខ១ ពូល B និងត្រូវប្រកួតជាមួយ ក្រុមលេខ២ ពូល A ខណៈក្រុមលេខ១ ពូល A ត្រូវជួបជាមួយ ក្រុមលេខ២ ពូល B បានសេចក្ដីថា ក្រុមខេត្តបាត់ដំបង ត្រូវជួប ក្រុមខេត្តស្វាយរៀង រីឯក្រុមខេត្តកំពង់ស្ពឺ ត្រូវជួប ខេត្តកំពង់ឆ្នាំង និងចាប់ផ្ដើមប្រកួតនៅចុងសប្ដាហ៍នេះដូចគ្នា។