នៅពីក្រោយការយកកីឡដ្ឋានជាតិ ធ្វើជាទឹកដីសម្រាប់ក្រុមមួយចំនួនដដែល ក្នុងការប្រកួតពានលីគកំពូលកម្ពុជារដូវកាល២០១៨

By |

កាលពីដើមខែមករា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ជាមួយក្លិបទាំង១២ដែលជាសមាជិកនៃលីគកំពូលកម្ពុជា រដូវកាល២០១៨ ធ្លាប់បានសម្រេចថា ទាំងលីគកំពូលកម្ពុជា ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលនេះពហុកីឡដ្ឋានជាតិ នឹងពុំត្រូវបានយកមកប្រើប្រាស់ធ្វើជាទឹកដីនៃក្រុមណាមួយនៃលីគ កាលពីមុនទៀតឡើយ។

ក្រោយមក ទីបំផុតកីឡដ្ឋានជាតិនៅតែត្រូវក្លិបមួយចំនួននៅក្នុងលីគយកមកប្រើប្រាស់ធ្វើជាទឹកដីសម្រាប់ការប្រកួតក្នុងផ្ទះ ជាបណ្ដោះអាសន្នដដែល បើតាមលោក ឆាំង ពិសិដ្ឋ លេខាប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជាបានបញ្ជាក់ថាដោយសាររដូវកាលនេះក្លិបខ្លះនៅមិនទាន់រៀបចំកីឡដ្ឋានរបស់ខ្លួនរួច១០០ភាគរយ និងខ្លះទៀតកំពុងស្ថាបនាបន្ថែម ទើបមានការសម្រួលយកពហុកីឡដ្ឋានជាតិប្រើបណ្ដោះអាសន្នសិន។

ទស្សនាវីដេអូនៃការបកស្រាយខាងក្រោម៖

ត្រួសៗអំពីក្លិបដែលជាបណ្ដោះអាសន្នយកកីឡដ្ឋានជាតិធ្វើជាទឹកដីរបស់ខ្លួន រួមមាន បឹងកេត, ណាហ្គាវើល, ក្រសួងការពារជាតិ, អង្គរថាយហ្គឺរ, អគ្គស្នងការដ្ឋាននគរបាលជាតិ និង សូលទីឡូអង្គរ ខណៈក្លិប៦ផ្សេងទៀតរួមមាន ភ្នំពេញក្រោន, អាស៊ីអឺរ៉ុបយូណាយធីត, វេស្ទើនភ្នំពេញ, អគ្គីសនីកម្ពុជា និងព្រះខ័នរាជស្វាយរៀង មានកីឡដ្ឋានដែលរួចរាលសម្រាប់ការប្រកួតជាផ្លូវការ ស្របពេលដែលវិសាខា ខ្ចីកីឡដ្ឋានវេស្ទើនធ្វើជាទឹកដីបណ្ដោះអាសន្នរបស់ខ្លួន គ្រាដែលកីឡដ្ឋានក្លិបចំណូលថ្មីមួយនេះកំពុងសាងសង។

ជាគម្រោងដែលនាំអោយយឺតយ៉ាវនៅក្នុងការប្រើប្រាស់កីឡដ្ឋានផ្ទាល់ខ្លួននេះ បើតាមការអោយដឹង បឹងកេត បាននឹងកំពុងចរចារយកកីឡដ្ឋានខេត្តកណ្ដាល ធ្វើជាទឹកដីរបស់ខ្លួន ស្របពេលដែលណាហ្គាវើល គ្រោងយកកីឡដ្ឋាននៅក្នុងខេត្តកំពងស្ពឺ ធ្វើជាទឹកដីដូចគ្នាផងដែរ ខណៈអង្គរថាយហ្គឺរ ជាមួយ សូលទីឡូអង្គរ ដែលប្រើប្រាស់កីឡដ្ឋានរួមនៅក្នុងខេត្តសៀមរាប ក៏កំពុងតែត្រៀមជួសជុលស្ថាបនាស្មៅពីធម្មជាតិ មកជា សិប្បនិម្មិត ឡើងវិញផងដែរ។

ដោយឡែកសម្រាប់ក្រុមតំណាងស្ថាប័នរដ្ឋចំនួន២ រួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានដឹងថានឹងយកកីឡដ្ឋាន SCT Sports Complex ជាទឹកដីរបស់ក្រុមហ៊ុន 7NG នៅវិហារសួគ៌ធ្វើជាទឹកដីរបស់ខ្លួន និងកំពុងស្ថាបនាបន្ថែមផងដែរ ខណៈក្រសួងការពារជាតិ កំពុងជួសជុលផ្លាស់ប្ដូរស្មៅទាំងស្រុងនៃកីឡដ្ឋាន ដែលមានឈ្មោះថា កងយោធពលខេមរភូមិន្ទ ( ស្តាតចាស់ )៕

 

ចុចអានអត្ថបទ៖ កំណត់ត្រាថ្មី ! លីគកំពូលកម្ពុជារដូវកាល២០១៨ នឹងមិនអនុញ្ញាតិឲ្យក្រុមណាមួយយកពហុកីឡដ្ឋានជាតិ ធ្វើជាទឹកដីឡើយ

 

វីដេអូ៖ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា