កីឡាករ ឆុំ ភីសា​ ចូលរួមជាមួយក្រុមដែលមានមូលដ្ឋាននៅខេត្តសៀមរាបជាផ្លូវការហើយ

By |

អតីតខ្សែការពារភ្នំពេញក្រោន និងក្រុមជម្រើសជាតិ បានចូលរួមជាមួយក្លិបបាល់ទាត់អង្គរថាយហ្គឺរជាផ្លូវការហើយដោយក្លាយជាសមាជិកទី១២នៃកីឡាករចំណូលថ្មី នេះបើយោងតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់ក្លិប។

សមាជិកថ្មីចុងក្រោយនេះ មានឈ្មោះថា ឆុំ ភីសា លេងក្នុងតួនាទីជាខ្សែការពារ បច្ចុប្បន្នមានវ័យ២៣ឆ្នាំ កីឡាកររូបនេះមានដើមកំណើតនៅ ស្វាយប៉ោ២, ទីរួមខេត្ត បាត់ដំបង ជាកីឡាកររបស់ក្រុមម្ចាស់ជើងឯកលីគកំពូល ៦សម័យកាល ភ្នំពេញក្រោន មុននឹងមកចូលរួមជាមួយ អង្គរថាយហ្គឺរ នៅឆ្នាំនេះ។

Chhom Pissa ATFC New Player

គិតមកទល់ពេលនេះ កីឡាករ ឆុំ ភីសា គឺជាកីឡាករចំណូលថ្មីទី១២ ហើយដែលក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះធ្វើការនាំចូលបន្ថែម ដោយកីឡាករ ១១រូបទៀតមានដូចជា៖ កីឡាករ Ryota Hayashi និងកីឡាករ Kazuteru Okamoto ដែលមានសញ្ជាតិជប៉ុនដូចគ្នា កីឡាករ ឈង់ ប៊ុនណាត, កីឡាករ សុឹង ណារិទ្ធិ, ប៉ោ សុខុម ដែលមានសញ្ជាតិខ្មែរ ជាមួយនឹងកីឡាករបរទេស១រូបទៀត Afanwi Baldwin ផ្ទេរមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ ( ប៉ូលីស ) កីឡាករ កង ឧត្តម, លី វាសនា, តាំង ពិសី, ហម បញ្ញា និង Kenjiro Orgino ផ្ទេរមកពីអាស៊ីអឺរ៉ុបយូណាយធីត៕

រូបភាព៖ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ