លីគ​ហ្វូតសាល៖​កំចាយមារ ឆន្ទៈកីឡា និង​​ដោនថោនស្ព័ត រក​បាន​៣ពិន្ទុ​បើកឆាក​ដូចគ្នា

By |

ក្រុម​កំចាយមារ ឆន្ទៈកីឡា និង​​ដោនថោនស្ព័ត សុទ្ធ​តែ​ឈ្នះ​​ដូចគ្នា​ក្នុង​ប្រកួត​​បើក​ឆាក​ពានរង្វាន់​ជើង​ឯក​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល (Futsal League 2018) ឆ្នាំ​២០១៨ នៅ​ថ្ងៃ​សៅរ៍ ទី​៣ ខែ​មីនា ឆ្នាំ​២០១៨ នេះ​ដូចគ្នា​លើ​ទីលាន​ ដឹប្លូស្ព័ត (The Blue Sport) ម្តុំទួលគោក។

សរុប​លទ្ធផល​ទាំង​៣ប្រកួត​ក្រុម​ឱម៉ាល់ ចាញ់​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់​​ស.ស.យ.ក កំចាយមារ ៥ទល់៣ ហើយ​ក្រុម​ឆន្ទៈកីឡា ​ឈ្នះ​ក្រុម​អាណាចក្របៃតង ៦ទល់៤ ​និង​ក្រុម​ផេនដាអែហ្វស៊ី ចាញ់​​ក្រុម​ដោនថោនស្ព័ត ៨ទល់៣។

ចំណែក​​ប្រកួត​២គូ​ទៀត​ក្នុង​សប្ដាហ៍​ទី១ ដូចគ្នា​​​បន្ត​ធ្វើ​ឡើង​នៅ​​ថ្ងៃ​អាទិត្យ ទី៤​ខែ មីនា ​ស្អែក​នេះ​ដោយ​ក្រុម​ហូមស្ព័តអែហ្វស៊ី ជួប​ក្រុម​ប៊ីអេ​យូណាយ​ធីត នៅ​ម៉ោង​៤ល្ងាច​និង​ក្រុម​ហ្វេនស្ព័តអែហ្វធី ប៉ះ​ក្រុម​យុវជន​៧មករា នៅ​ម៉ោង​៥:៣០នាទី​ល្ងាច លើ​ទីលាន​ជាមួយ​គ្នា។

តាម​គ្រោង​​ការ​ប្រកួត​លីគ​ហ្វូតសាល​ជា​លើក​ដំបូង​នៅ​ក្នុង​ស្រុក​នេះ​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​០៣ ខែ មិនា រហូត​ដល់​ថ្ងៃទី​២៨ ខែ កក្កដា ឆ្នាំ ២០១៨​ ខណៈ​ភាក​ច្រើន​ប្រកួត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដែល​មាន​ក្រុម​ជា​សមាជិក​​ចំនួន១០ក្រុម​។ ក្រុម​ទាំង​១០​នេះ​​មានផេនដាអែហ្វស៊ី, អាណាចក្របៃតង, ប៊ីអែយូណាយធីត, ហ្វេនស្ព័តអែហ្វធី, ឆន្ទៈកីឡា,យុវជន​កំចាយមារ , ដោនថោនស្ព័ត, យុវជន​៧មករា, ហូមស្ព័តអែហ្វស៊ី និងឱម៉ាល់៕