គ្រូបង្វឹកថ្មីសញ្ជាតិម៉ាឡេសុី និយាយអ្វីខ្លះក្រោយវេស្ទើនភ្នំពេញចាញ់ក្រុមប៉ូលីសដល់ទៅ ៦ទល់០?

By |

បន្ទាប់ពីបរាជ័យនៅក្នុងសប្តាហ៍ដំបូងនៃពានរង្វាន់លីគកំពូលកម្ពុជា ក្រោមថ្វីជើងក្រុម អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៨កន្លងទៅនោះ គ្រូបង្វឹកថ្មីរបស់ក្រុមវេស្ទើនភ្នំពេញ បានលើកឡើងថា ថ្វីត្បិតចាញ់ក្រុមប៉ូលីស ប៉ុន្ដែកូនក្រុមរបស់គាត់ធ្វើបានយ៉ាងល្អហើយ ជាពិសេសកីឡាករខ្មែរតែម្ដង។

លោក Pak Chon Rozak គ្រូបង្វឹកថ្មីសញ្ជាតិម៉ាឡេសុីរបស់ក្រុមវេស្ទើនភ្នំពេញបានផ្ដល់បទសម្ភាសន៍ជាមួយក្រុមសារពត៌មានក្រោយបញ្ចប់ការប្រកួតថា៖« អូខេ! សម្រាប់ទស្សនះខ្ញុំផ្ទាល់ វាមិនមែនជាការចាប់ផ្ដើមល្អ ឬមិនល្អនោះទេ ប្រសិនបើយើងចាញ់ គឺចាញ់ មិនថា ១ទល់០ ឬក៏ ៦ទល់០ ក៏នៅតែចាញ់ដែរ ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំមើលឃើញថាកីឡាករវ័យក្មេងរបស់ខ្ញុំពួកគេធ្វើបានល្អ ជាពិសេសកីឡាករខ្មែរ ដោយពួកគេកំពុងតែលេងជាមួយនឹងក្រុមដែលសំបូរបទពិសោធន៍មួយ ខ្ញុំពេញចិត្ត និងមានមោទនភាពលើកូនក្រុមរបស់ខ្ញុំ ពីព្រោះថាខ្ញុំបានផ្លាស់ប្ដូរកីឡាករក្មេងចូលលេងច្រើន ប៉ុន្ដែពួកគេបានបង្ហាញយ៉ាងល្អ ដែលជាអ្វីដែលពួកត្រូវចាប់ផ្ដើម ហើយពួកគេបានយល់អំពីអ្វីដែលពួកគេត្រូវធ្វើសម្រាប់ពេលខាងមុខ។

 

MCL2018_GCNP_VS_WPP_000

 

វាជាការចាប់ផ្ដើមដ៏ល្អមួយសម្រាប់ពួកគេ បើទោះបីជាលទ្ធផលចាញ់ក៏ដោយ ដោយពួកគេត្រូវសិក្សាស្វែងយល់បន្ថែមទៀតក្នុងការពង្រឹងសមត្ថភាពរបស់ពួកគេ។ បើទោះបីខ្ញុំទើបតែបង្ហាត់ពួកគេបានតែ ២សប្តាហ៍ក៏ពិតមែន ខ្ញុំបានសំលឹងឃើញលក្ខណះពិសេសមួយដែលយើងត្រូវធ្វើរួមគ្នា ហើយយើងនិងពង្រឹងសមត្ថភាពបន្ថែមទៀតរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ»។

 

សូមបញ្ជាក់ថា គិតត្រឹមសប្តាហ៍ទី១នេះ ក្រុមតំណាងសាកលវិទ្យាល័យវេស្ទើនមួយនេះ កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ១២បាតតារាងនៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨ ក្រោយចាញ់ ប៉ូលីស ០ទល់៦៕