គ្រូអាស៊ីអឺរ៉ុប និយាយពីការវាយបកតាមពីក្រោយបាន៣គ្រាប់ ត្រឹម១០នាទីចុងក្រោយក្នុងជំនួបទល់នឹងម្ចាស់ជើងឯកឆ្នាំចាស់បឹងកេត

By |

អាស៊ីអឺរ៉ុបយូណាយធីត បានការប្រកួតបើកឆាកពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៨ របស់ខ្លួនដោយបានរងបរាជ័យក្នុងទឹកដីរបស់ខ្លួន ក្រោមថ្វីជើង បឹងកេត ដោយលទ្ធផល ៣ទល់៤ នាកីឡដ្ឋាន AEU Sport Park។

នៅក្នុងការប្រកួត អាស៊ីអឺរ៉ុបយូណាយធីត ត្រូវបានក្រុមភ្ញៀវបឹងកេត នាំមុខមុនរហូតដល់ទៅ៤គ្រាប់ ប៉ុន្តែនៅក្នុង១០នាទីចុងក្រោយនៃវគ្គទី២ ក្រុមដែលមានមូលដ្ឋាននៅតំបន់អរិយក្សត្រមួយនេះ បានរកគ្រាប់បាល់តាមពីក្រោយគ្រាប់មកវិញ ប៉ុន្តែពុំគ្រប់គ្រាន់សម្រាប់ការរកពិន្ទុខ្លះពីការប្រកួតនេះឡើយ ជាមួយនឹងបរាជ័យនៅក្នុងជំនួបបើកឆាកនេះ គ្រូបង្វឹកនៃក្លិបអាស៊ីអឺរ៉ុបយូណាយធីត  ក៏បានផ្ដល់ជាមតិយោបល់ខ្លះៗជាមួយអ្នកសារពត៌មានដូចខាងក្រោម។

WAF-AEU-Coach-2018-News

– ជុំវិញការប្រកួត…

ពាក់ព័ន្ធទៅនឹងការប្រកួតដំបូងគឺយើងមានបញ្ហាដោយសារកីឡាកររបស់យើងមួយចំនួនអត់មានទំនុកចិត្តក្នុងការលេង អច្ចឹងវាធ្វើអោយការប្រកួត និងការរក្សាបាល់យើងគឺមានបញ្ហាច្រើន។

– ជុំវិញការតាមបានពីក្រោយ៣គ្រាប់វិញ ជាសំណាង…

និយាយទៅគឺ មិនមែនជាការសំណាងទេ គឺឱកាសយើងមានច្រើនដូចគ្នា ប៉ុន្តែអ្វីដែលយើងសំខាន់ដូចខ្ញុំនិយាយពីខាងដើមដំបូងគឺយើងធ្វើអោយមានបញ្ហាខ្លួនឯង បង្កើតឱកាសអោយគេបញ្ចប់ទី កីឡាកររបស់យើងបង្ករកំហុសច្រើននៅតំបន់ការពារ អ្វីដែលយើងរៀបពីមុនគឺយើងប្រាប់ពួកគាត់ហើយអស់ហើយ តែដល់ពេលធ្វើ អ្វីដែលខ្ញុំប្រាប់គឺបញ្រ្ចាស់ទាំងអស់។ ចូលតង់ទី២ យើងកែប្រែពួកគាត់ ព្យាយាមអោយពួកគាត់ប្រឹងលេងដោយឆន្ទះអ្វីដែលគាត់មានពីមុនមក អ្វីដែលគាត់ហ្វឹកហាត់ ទាំងប៉ុន្មានអោយបញ្ចេញអោយអស់ គឺគាត់ប្រឹងប្រែងតាមអ្វីដែលយើងប្រាប់ មានន័យថាអាចស្ដារមកវិញបានខ្លះ។

– ជុំវិញក្ដីរំពឹងពីភាពល្អប្រសើរសម្រាប់រដូវកាលនេះ…

នេះជាការតាំងចិត្តរបស់ខ្ញុំ ខ្ញុំសង្ឃឹមថាអ្វីដែលយើងព្យាយាមធ្វើ នឹងធ្វើអោយបានល្អជាងឆ្នាំមុនច្រើន អ្វីដែលយើងនៅមានបញ្ហាគឺដោយសារ ទី១ កីឡាករយើងពាក់កណ្ដាលគឺថ្មី អច្ចឹងការលេងអត់ទាន់ស៊ីសង្វាក់គ្នានៅឡើយ យើងនៅមានបញ្ហាទាំងការយល់ចិត្តគ្នា តែយើងសង្ឃឹមថាប្រកួតក្រោយៗយើងនឹងព្យាយាមធ្វើអោយបានល្អជាងនេះ។

 

ជុំវិញការទទួលរងបរាជ័យក្នុងសប្ដាហ៍ដំបូងនេះ បានសេចក្ដីថា អាស៊ីអឺរ៉ុបយូណាយធីត នឹងត្រូវឈរនៅចំណាត់ថ្នាក់លេខ១០ ដោយមាន០ពិន្ទុ និងដកគ្រាប់ចំណេញ១គ្រាប់ផងដែរ។ សប្ដាហ៍បន្ទាប់ អាស៊ីអឺរ៉ុបយូណាយធីត នឹងត្រូវធ្វើការប្រកួតជាមួយ ក្រុមចំណូលថ្មី សូលទីឡូអង្គរ នៅថ្ងៃសៅរ៍ ទី១០ ឆ្នាំ២០១៨៕