លោក ប្រាក់ វុទ្ធី ប្រាប់ពីកត្តា ២យ៉ាងដែលបណ្ដាលឲ្យអគ្គិសនីកម្ពុជាបរាជ័យក្នុងសប្តាហ៍ដំបូង

By |

កាលពីថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៨ អគ្គិសនីកម្ពុជា បានបរាជ័យពីសំណាក់សិស្សប្អូន វិសាខា ដោយលទ្ធផល ០ទល់៤ នៅលើទីលាននៃកីឡដ្ឋាន វេស្ទើន ក្នុងជំនួបការប្រកួតសប្តាហ៍ដំបូងនៃពានរង្វាន់លីគកំពូលកម្ពុជា ក្នុងនោះផងដែរគ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជា បានលើកឡើងនូវកត្តា ២យ៉ាងដែលជាចំនុចខ្វះខាតក្រុម គឺ ការលេងមិនទាន់យល់ចិត្តគ្នា និងប្រព័ន្ធការពារនៅមានការខ្វះខាតច្រើន។

លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជាបានផ្ដល់កិច្ចសម្ភាសន៍ដល់ក្រុមអ្នកសារពតមានយ៉ាងដូច្នេះថា៖« តាមពិតទៅយើងដឹងហើយថា វិសាខា គេបានរៀបចំកីឡាករទាំងក្នុងស្រុក និងក្រៅស្រុកបានល្អ ដោយក្នុងនោះយើងបានរៀបចំទម្រង់លេងបែបការពារមួយដែរ ដោយការប្រកួតនេះយើងរៀបចំការការពារឲ្យបានច្រើន ហើយធ្វើការវាយបកប៉ុន្ដែនៅតែមិនអាចរក្សាបានគ្រាប់បាល់តិចនៅឡើយ និងសម្រេចទីមិនបានល្អសោះ អ្វីដែលសំខាន់ទៅទៀតនោះគឺ ការលេងយល់ចិត្តគ្នាពីសំណាក់កូនក្រុម ដោយពួកគេនៅមិនទាន់មានភាពសុីចង្វាក់ និងយល់ពីគ្នាបានល្អប្រសើរនៅឡើយទេ។ កីឡាករវ័យក្មេងមួយចំនួនដែលបាននាំចូលមកនារដូវកាលនេះ ពួកគាត់នៅមិនទាន់មានភាពសុីចង្វាក់និងគ្នាជាមួយអ្នកចាស់នៅឡើយ ហើយមួយទៀតរឿងដែលសំខាន់គឺ ប្រព័ន្ធការពារនេះឯង ដែលយើងនៅមានការខ្វះខាតច្រើន ប៉ុន្ដែទោះបីយ៉ាងណាខ្ញុំគិតថាលទ្ធផលប៉ុណ្ណេះក៏យើងអាចសប្បាយចិត្ត ដោយសារកូនក្រុមរបស់ខ្ញុំបានលេងតាមអ្វីដែលខ្ញុំដាក់ឲ្យលេង»។

Result-week-1-VSK-EDC

សូមបញ្ជាក់ថា ឆ្លងកាត់ ១ប្រកួតរួចមក ក្រុមដែលប្រើសមាសភាពកីឡាករខ្មែរសុទ្ធមួយនេះ កំពុងតែស្ថិតតំបន់កាត់ចោលនៅចំណាត់ថ្នាក់លេខ ១១ ពីលើក្រុម វេស្ទើនភ្នំពេញ ដោយមាន ០ពិន្ទុ និងដកគ្រាប់បាល់ចំនេញចំនួន ៤គ្រាប់ ខណៈនៅសប្តាហ៍ទី២ ត្រូវជួបជាមួយ ណាហ្គាវើល នៅលើទីលាននៃកីឡដ្ឋាន អគ្គិសនី នាចុងសប្តាហ៍នេះ៕