AFC Cup៖ មុនប៉ះគ្នាល្ងាចនេះគ្រូបង្វឹកបឹងកេត ចង់រកលទ្ធផលបំពេញចិត្តអ្នកគាំទ្រ ខណៈគ្រូ Home United ចង់បានពិន្ទុជាលើកទី៣

By |

នាល្ងាចថ្ងៃទី ០៧ ខែ មិនា ឆ្នាំ ២០១៨ នេះ ក្លិបបាល់ទាត់បឹងកេត នឹងត្រូវធ្វើការប្រកួត ជាមួយ Home United ក្នុងពានរង្វាន់សម្រាប់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី AFC Cup 2018 វគ្គជម្រុះក្នុងពូល ប្រចាំពូល F។

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានកាលពីម្សិលមិញ មុនការប្រកួតពានរង្វាន់ AFC Cup 2018 រវាងក្រុមទាំង២នាល្ងាចនេះ គ្រូបង្វឹកនៃក្លិបបឹងកេត ក៏ដូចជា Home United បានលើកឡើងខ្លះៗជុំវិញការប្រកួត។

 

សម្ដីរបស់ លោក កែវ កុសល គ្រូបង្វឹកនៃក្លិប បឹងកេត៖

«សម្រាប់ការប្រកួតនេះ ខ្ញុំដឹងថា Home United គឺជាក្រុមខ្លាំង គាត់លេង២ប្រកួត គាត់ឈ្នះ Shan នៅក្រៅដី ហើយស្មើ Ceres ទៀត អច្ចឹងការប្រកួតថ្ងៃស្អែកនេះ គឺជាការប្រកួតមួយដ៏ពិបាកក្រុមបឹងកេត របស់យើង ប៉ុន្តែទោះជាយ៉ាងណាយើងនឹងប្រឹងប្រែង ហើយណាមួយនៅក្នុងដីរបស់យើង អច្ចឹងយើងនឹងប្រឹងប្រែងដើម្បីអោយអ្នកគាំទ្ររបស់យើង  គាត់សប្បាយចិត្ត»។

Press_2

គ្រូបង្វឹកដដែលរូបនេះ ក៏បានលើកឡើងទទួលស្គាល់ផងដែរ ជុំវិញកូនក្រុមរបស់ខ្លួននៅខ្សោយតំបន់ការពារ ដោយសារតែតំបន់ប្រយុទ្ធ ព្យាយាមប្រយុទ្ធច្រើន គ្រាដែលពេលបាត់បាល់ខ្សែប្រយុទ្ធអត់ចុះជួយការពារ ដែលនាំអោយចន្លោះប្រហោងដល់តំបន់កណ្ដាល នឹងធ្លាយដល់តំបន់ការពារទៀត។

 

សម្ដីរបស់ លោក Aidil Sharin គ្រូបង្វឹកនៃក្លិប Home United៖

«ខ្ញុំគិតថាការត្រៀមរបស់ពួកយើងគឺល្អ គ្រប់យ៉ាងគឺរលូន ការចាប់ផ្ដើមការប្រកួតទី១ក៏ដូចគ្នា ពូកយើងធ្វើបានល្អ យើងមកទីនេះហើយសង្ឃឹមថាក្រុមនឹងទទួលបានផលវិជ្ជមាន យើងនឹងព្យាយាមអោយអស់ពីលទ្ធភាព ដើម្បីរកពិន្ទុអោយបានកាន់តែច្រើនបំផុតក្នុងពូលនេះ»

WAF-HOME-UTD-Coach-Press

គ្រូបង្វឹកសញ្ជាតិសិង្ហបុរី រូបនេះក៏បានបន្តទៀតផងដែរថា លោកគោរពគ្រប់ក្រុមទាំងអស់ នៅក្នុងវគ្គជម្រុះតាមពូលអ្វីៗគ្រប់យ៉ាងអាចកើតឡើង លោកបានបញ្ជាក់ថា កាលបឹងកេត ចាញ់ Ceres-Negros ៩-០ គឺជាការបរាជ័យដ៏ធំសម្បើម ប៉ុន្ដែលោកមិនបានគិតពីលទ្ធផលនេះទេ ហើយលោកផ្ដោតលើបច្ចុប្បន្នភាពរបស់ក្រុមបឹងកេតវិញ។

 

សូមបញ្ជាក់ជាថ្មីផងដែរ ថាការប្រកួតរវាង ក្លិបបឹងកេត ជាមួយ Home United នឹងចាប់ផ្ដើមនៅវេលាម៉ោង ៦:៣០ នាទីល្ងាច ថ្ងៃទី ០៧ ខែ មិនា នេះ លើទីលានកីឡដ្ឋានជាតិ ខណៈការប្រកួតក៏នឹងការផ្សាយផ្ទាល់តាមរយៈស្ថានីយទូរទស្សន៍ BTV News ផងដែរ៕

 

រូបភាព៖ Home United Football Club