លោក ភា សុភ័ក្រ្តា សរសើរយុវជនភ្នំពេញក្រោន ជាយុវជនដែលបណ្ដាលក្លិបអាជីពត្រូវគិតដល់

By |

លោក ភា សុភ័ក្រ្តា គ្រូបង្វឹកនៃក្លិបបាល់ទាត់ក្រសួងការពារជាតិ បានលើកសរសើរយុវជននៃក្លិបភ្នំពេញក្រោន ថាជាយុវជនដែលបណ្ដាលក្លិបអាជីពនានាគួរតែមានដូច។

ការលើកឡើងបែបនេះគឺបន្ទាប់ពីក្លិបបានប្រកួតទល់នឹងក្រុមដែលសំបូរទៅដោយកីឡាករយុវជនមួយនេះ ( ភ្នំពេញក្រោន ) កាលពីថ្ងៃសៅរ៍កន្លងទៅ ក្នុងជំនួបសប្ដាហ៍ទី២ ប្រចាំពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៨។

 

MCL2018_NDM_VS_PPCFC_00

លោក ភា សុភ័ក្រ្តា

 

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារពត៌មានក្នុងកិច្ចសម្ភាសន៍ នៅក្រោយការប្រកួតដែលបញ្ចប់ទៅដោយក្រុមរបស់លោក បានរងបរាជ័យ ០ទល់២ ក្រោមថ្វីជើងភ្នំពេញក្រោននោះ  ដែលបានចោទសួរថា តើលោកគ្រូគិតថាភ្នំពេញក្រោន ឆ្នាំនេះមានការរីកចម្រើនបែបណាខ្លះ? គ្រូបង្វឹកវ័យ៣៧ឆ្នាំរូបនេះ បានលើកឡើងថា៖

«ខ្ញុំមើលឃើញទី១ គឺការរៀបចំរបស់គេ ជាពិសេសការលេងជាក្រុមរបស់គេបានល្អ ហើយបើនិយាយពាក់ព័ន្ធរឿងទេពកោសល្យ បើកីឡាករខ្មែរយើង ពួកគាត់ផ្សំជាមួយនឹងបរទេសបាន ព្រោះដោយសារកាត់មានមូលដ្ឋានគ្រឹះចេញពីថ្នាលយុវជន នេះជារឿងដែលសំខាន់ ដែលក្លិបទាំងអស់ត្រូវគិតទៅលើបញ្ហាថ្នាលយុវជននេះឯង អច្ចឹងទើបធ្វើអោយក្រុមគេសហការគ្នាលេងបានល្អនៅក្នុងថ្ងៃនេះ»។

សូមបញ្ជាក់ថាជម្រើស១១នាក់ដំបូងរបស់ ភ្នំពេញក្រោន កាលពីពីយកឈ្នះ ក្រសួងការពារជាតិ ០ទល់២ ត្រូវបានមើលឃើញថាមានកីឡាករយុវជន៥នាក់ដែលជាថ្នាលរបស់ក្លិបសុទ្ធសាទ ក្នុងនោះរួមមាន អ៊ន ចាន់ប៉ូលីន, អ៊ិន សូដាវីដ, សឿត បារាំង, ស៊ិន កក្កដា និង អ៊ុក សុវណ្ណ។

 

MCL2018_NDM_VS_PPCFC_8153

ជម្រើស១១នាក់ដំបូងរបស់ភ្នំពេញក្រោន ពេលប៉ះ ក្រសួងការពារជាតិ

 

៤រូបក្នុងចំណោមកីឡាករទាំង៥រូបខាងលើនេះ ក៏ត្រូវបាន លោក ប្រាក់ សុវណ្ណារ៉ា ដែលជាគ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា កោះហៅចូលក្រុមផងដែរ មានដូចជា អ៊ន ចាន់ប៉ូលីន, សឿត បារាំង, ស៊ិន កក្កដា និង អ៊ុក សុវណ្ណ ដែលនឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិធំ២ នាចុងខែមិនាខាងមុខនេះ។

ក្រៅតែពីកីឡាករយុវជនថ្នាល៥រូបដែលមានឈ្មោះនៅក្នុងបញ្ជីជម្រើស១១នាក់ដំបូង នៅកៅអីបម្រុងយុវជនថ្នាលរបស់ក្លិប៦រូបផ្សេងទៀត ក៏ត្រូវបានដឹងថាលើតចេញពីយុវជនថ្នាលដូចគ្នា ដែលរួមមាន កីឡាករ គង់ ចាន់វុទ្ធី, សួន នឿត, ពៅ ប៉ុនវុទ្ធី, យើុ ម៉ូស្លីម, យើុ សាហ្វី និង កែន ច័ន្ទសុភ័ក្ត្រ ផងដែរ លើកលែងតែកីឡាករ ប្រាក់ ធីវ៉ា ដែលមិនមែនជាយុវជនថ្នាលរបស់ក្លិប៕