លីគកំពូលកម្ពុជា៖ ក្រុមមិនទាន់ស្គាល់ជ័យជម្នះចំនួន ២ ពោលគឺ ព្រះខ័នរាជស្វាយរៀង និងអគ្គិសនីកម្ពុជា ប៉ះគ្នារសៀលនេះ ( ស្ថិតិប្រកួត )

By |

នៅរសៀលថ្ងៃ សៅរ៍ ទី ០២កើត ខែ ចេត្រ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៨ ខែ មីនា គ.ស ២០១៧ នេះក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងទទួលស្វាគមន៍ក្លិបបាល់អគ្គិសនីកម្ពុជា ក្នុងជំនួបការប្រកួតសប្តាហ៍ទី៣នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៨ នាវេលាម៉ោង ០៣:៣០ នាទី នៅលើវាលស្មៅនៃកីឡដ្ឋានខេត្តស្វាយរៀង ដែលជាទឹកដីផ្ទាល់របស់ក្រុមព្រះខ័នរាជស្វាយរៀង។ រង់ចាំមើលថាតើ ព្រះខ័នរាជស្វាយរៀង ឬក៏ អគ្គិសនីកម្ពុជា ដែលទទួលបាន ៣ពិន្ទុនារសៀលនេះ?

*ពត៌មានអំពីក្រុមព្រះខ័នរាជស្វាយរៀង៖

ព្រះខ័នរាជស្វាយរៀង បានចាប់ផ្ដើមរដូវកាលថ្មីរបស់ខ្លួនមិនសូវបានល្អប៉ុន្មាននោះទេដោយនៅ ២សប្តាហ៍ដំបូង បានត្រឹមតែ ១ពិន្ទុចែកគ្នាជាមួយ ណាហ្គាវើល និងប៉ូលីស ប៉ុណ្ណោះ ដោយកំពុងតែឈរនៅចំណាត់ថ្នាក់លេខ ៨ ដោយមានត្រឹម ២ពិន្ទុក្នុងដៃប៉ុណ្ណោះ។ ក្រុមជើងឯកពានសម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០១៧ បានធ្វើការនាំចូលកីឡាករបរទេសថ្មីៗ និងបានផ្លាស់ប្ដូរសមាសភាពគ្រូបង្វឹកថ្មីសម្រាប់ប្រកួតប្រជែងនៅក្នុងពានរង្វាន់លីគកំពូកម្ពុជារដូវកាល២០១៨នេះទៀតផង។

*កីឡាករដែលគួរអោយចាប់អារម្មណ៍៖

កីឡាករ Shane Booysen ដែលត្រូវបានគេរំពឹងថាជាកីឡាករដ៏លេចធ្លោ និងគ្រោះថ្នាក់មួយរូបនៅតំបន់ប្រយុទ្ធរបស់ក្រុមមកពីខេត្តស្វាយរៀងសម្រាប់ការប្រកួតនេះ។ កីឡាករសញ្ជាតិអាហ្វ្រិចខាងត្បូងរូបនេះ បានផ្លាស់មកចូលរួមជាមួយព្រះខ័នរាជស្វាយរៀង នាដើមរដូវកាលថ្មីនេះបន្ទាប់ពីរួមរស់ជាមួយភ្នំពេញក្រោនជាច្រើនឆ្នាំមក។

MCL2018_GCNP_VS_PKSR_4324

*៥ប្រកួតចុងក្រោយរបស់ព្រះខ័នរាជស្វាយរៀង

៥ ប្រកួតចុងក្រោយនៅក្នុងការប្រកួតលីគកំពូលកម្ពុជា និងមិត្តភាពកម្ដៅសាច់ដុំរបស់ព្រះខ័នរាជស្វាយរៀងគឺមិនដែលឈ្នះនោះទេ ពោលចាញ់ ២លើក ស្មើ ៣លើក ។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង៖

– ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ ព្រះខ័នរាជស្វាយរៀង ១-៥ វិសាខា ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ ព្រះខ័នរាជស្វាយរៀង ២-៣ សូលទីឡូអង្គរ ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ អាសុីអុឺរ៉ុប យូណាយធីត ២-២ ព្រះខ័នរាជស្វាយរៀង ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៨៖ ណាហ្គាវើល ០-០ ព្រះខ័នរាជស្វាយរៀង ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៨៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ០-០ ព្រះខ័នរាជស្វាយរៀង ( លីគកំពូលកម្ពុជា )

 

*ពត៌មានអំពីក្រុមអគ្គិសនីកម្ពុជា៖

អគ្គិសនីកម្ពុជា ចាប់ផ្ដើមរដូវកាលថ្មីរបស់ខ្លួនហាក់ដូចមិនបានល្អទាល់តែសោះដោយចាញ់ទាំង ២សប្តាហ៍ ពោលបរាជ័យក្រោមថ្វីជើងរបស់ក្រុមចំណូលថ្មី វិសាខា ក្នុងលទ្ធផល ០ទល់៤ និងណាហ្គាវើល ១ទល់៥ ដោយបានធ្លាក់ទៅកាន់ចំណាត់ថ្នាក់លេខ ១២ បាតតារាងនៃពានរង្វាន់លីគកំពូលកម្ពុជា។ ក្រុមដែលដឹកនាំដោយលោក ប្រាក់ វុទ្ធី ជាក្រុមមួយដែលមិនប្រើប្រាស់សមាភាពកីឡាករបរទេសដើម្បីមកជួយក្រុមនោះទេ ពោលគឺប្រើប្រាស់កីឡាករខ្មែរសុទ្ធសម្រាប់ចូលរួមប្រកួតនៅលីគកំពូលកម្ពុជា។

*កីឡាករដែលគួរឲ្យចាប់អារម្មណ៍៖

កីឡាករ ម៉ាត់ នូរុណ ដែលត្រូវបានគេរំពឹងថាជាកីឡាករដ៏លេចធ្លោមួយរូបសម្រាប់ការប្រកួតនេះ និងគ្រោះថ្នាក់នៅតំបន់ប្រយុទ្ធរបស់ក្រុមអគ្គិសនីកម្ពុជា ជាមួយបទពិសោធន៍ និងទេពកោសល្យក្នុងការសម្រេចទីយ៉ាងល្អ។ កីឡាករវ័យក្មេងរូបនេះ ក៏ត្រូវបានគ្រូបង្វឹករបស់ខ្លួនសរសើរអំពីទេពកោសល្យ និងចាត់ទុកជាកីឡាករល្អមួយរូបនៅក្នុងក្រុមផងដែរ។

WAF-EDC-Vs-NWFC-9

*៥ ប្រកួតចុងក្រោយរបស់ក្រុមអគ្គិសនីកម្ពុជា

៥ ប្រកួតចុងក្រោយនៅក្នុងការប្រកួតលីគកំពូលកម្ពុជា និងមិត្តភាពកម្ដៅសាច់ដុំក្រៅផ្លូវការរបស់អគ្គិសនីកម្ពុជាគឺចាញ់ទាំង ៤លើក ស្មើរ ១លើក និងមិនដែលឈ្នះនោះទេ ។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា៖

– ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៨៖ វិសាខា ៣-០ អគ្គិសនីកម្ពុជា ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ០១ ខែ កុម្ភះ ឆ្នាំ ២០១៨៖ អគ្គិសនីកម្ពុជា ៣-៥ អាសុីអុឺរ៉ុប យូណាយធីត ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ១៤ ខែ កុម្ភះ ឆ្នាំ ២០១៨៖ អគ្គិសនីកម្ពុជា ១-២ អង្គរថាយហ្គឺរ ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៨៖ វិសាខា ៤-០ អគ្គិសនីកម្ពុជា ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៨៖ អគ្គិសនីកម្ពុជា ១-៥ ណាហ្គាវើល ( លីគកំពូលកម្ពុជា )

 

*ប្រវត្តិជួបគ្នា ២ ប្រកួតចុងក្រោយរវាងព្រះខ័នរាជស្វាយរៀង និង អគ្គិសនីកម្ពុជា៖

ប្រវត្តិជួបគ្នា ២ ប្រកួតចុងក្រោយរវាងក្រុមទាំង ២  នៅលីគកំពូលកម្ពុជាគឺអគ្គិសនីកម្ពុជា មិនធ្លាប់ឈ្នះ ព្រះខ័នរាជស្វាយរៀង ម្តងទេ ពោលគឺចាញ់ទាំង ២ លើក ក្នុងការប្រកួតលីគកំពូលកម្ពុជា។ ខាងក្រោមជាទិន្នន័យសរុបរវាងក្រុមទាំងពីរ៖

– រដូវកាល ២០១៧ ថ្ងៃទី ១២ ខែ មិនា ជើងទី១៖ អគ្គិសនីកម្ពុជា ០-៣ ព្រះខ័នរាជស្វាយរៀង

– រដូវកាល ២០១៧ ថ្ងៃទី ១០ ខែ កញ្ញា ជើងទី២៖ ព្រះខ័នរាជស្វាយរៀង ៦-០ អគ្គិសនីកម្ពុជា