លីគកំពូលកម្ពុជា សម្រាក៣សប្ដាហ៍ ចំពេលម្ចាស់ការពារតំណែងជើងឯកឆ្នាំចាស់ ឡើងមកឈរកំពូលតារាង

By |

ការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០១៨ បានបញ្ចប់ការប្រកួតនៅក្នុងសប្ដាហ៍ទី៣របស់ខ្លួនហើយកាលពីម្សិលមិញ ដោយម្ចាស់ការពារតំណែងជើងឯកឆ្នាំចាស់ បឹងកេត បានឡើងមកឈរកំពូលតារាងបណ្ដោះអាសន្ន។

មុនបញ្ចប់សប្ដាហ៍ទី៣ ក្រុម២ធ្វើបានល្អជាងគេ ពោលគឺ ព្រះខ័នរាជស្វាយរៀង ជាមួយ បឹងកេត អាចរកគ្រាប់បាល់ទាត់បញ្ចូលទីបានច្រើនជាងគេពោលគឺ៥គ្រាប់ដូចគ្នា ខណៈមានតែ១គូប៉ុណ្ណោះដែលស្មើ។

 

photo6156775339406239831

លទ្ធផលសរុបនៅក្នុងសប្ដាហ៍ទី៣

 

ត្រឹមសប្ដាហ៍ទី៣នេះ ក្រុមមួយប៉ុណ្ណោះដែលធ្វើបានល្អជាងគេ ពោលគឺបឹងកេត ដោយ៣ប្រកួតកន្លងមកមិនទាន់ស្គាល់ពាក្យថាចាញ់ និងស្មើ នៅឡើយទេ ខណៈ ណាហ្គាវើល, វិសាខា, ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ជាក្រុមដែលមិនទាន់ស្គាល់ពាក្យថាចាញ់ ប៉ុន្តែមានលទ្ធផលស្មើខ្លះៗ។

ជាការកត់សម្គាល់ក្រុម២ថ្វីត្បិតតែរកបានពិន្ទុតិចជាងក្រុមកំពូលតារាង បឹងកេត ប៉ុន្តែ២ក្រុមនេះកំពុងមានស្ថិតិល្អ តាមរយៈការរក្សាសំណាញ់ទីរបស់ខ្លួនមិនអោយរបូតគ្រាប់បាល់សូម្បីតែ១គ្រាប់នៅឡើយ ក្នុងចំណោម៣ប្រកួតមកនេះ ពោលគឺរវាង វិសាខា ជាមួយ ភ្នំពេញក្រោន។

ងាកមកតំបន់បាតតារាងវិញក្រុមចំនួន៣កំពុងតែស្ថិតក្នុងស្ថានភាពពិបាក ដោយ៣ប្រកួតកន្លងមកមិនទាន់ស្គាល់ពាក្យថាឈ្នះ រួមមាន អង្គរថាយហ្គឺរ, វេស្ទើនភ្នំពេញ និងអគ្គិសនីកម្ពុជា។

 

photo6156775339406239830

តារាងចំណាត់ថ្នាក់សរុបសម្រាប់សប្ដាហ៍ទី៣

 

ត្រឹមសប្ដាហ៍នេះ លីគកំពូលកម្ពុជានឹងត្រូវសម្រាកចំនួន៣សប្ដាហ៍ បានសេចក្ដីថាពុំមានការប្រកួត ដោយសារសមាជិកមួយចំនួននៃក្រុមចំនួន៧នៅក្នុងលីគកំពូលកម្ពុជា ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមប្រកួតនៅក្នុងការប្រកួតចំនួន២នាចុងខែមិនានេះ។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គ្រោងនឹងធ្វើការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ទល់នឹងក្រុមបាល់ទាត់ជម្រើសជាតិឡាវ ដើម្បីជាការត្រៀមប្រកួតក្នុងជំនួបចុងក្រោយនៃពានរង្វាន់ AFC Asian Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៨ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

សម្រាប់ការប្រកួតមិត្តភាពកម្ដៅសាច់ដុំនេះគឺជាការត្រៀមប្រកួតក្នុងជំនួបចុងក្រោយនៃពានរង្វាន់ ជើងឯកទ្វីបអាស៊ី AFC Asian Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ទល់នឹងជម្រើសជាតិអាហ្វហ្គានីស្ថាន នៅថ្ងៃទី២៧ ខែដដែល ឆ្នាំ២០១៨៕