កីឡាករបរទេស៣នាក់កំពុងប្រកបអាជីពនៅលីគកំពូលកម្ពុជា ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិខ្លួន

By |

លីគកំពូលកម្ពុជា នឹងត្រូវសម្រាករយៈពេល៣សប្តាហ៍ដោយទុកឱកាសអោយកីឡាករនៅជុំវិញពិភពលោកធ្វើការត្រៀមជាមួយក្រុមជម្រើសជាតិ ដែលគេហៅថា FIFA Day និង International Break។

ជាមួយគ្នានោះក្រៅពីកីឡាករក្នុងស្រុកដែលត្រូវបានកោះចូលក្រុមជម្រើសជាតិកម្ពុជា កីឡាករបរទេសដែលប្រកបអាជីពនៅលីគកំពូលកម្ពុជា ក៏ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិរៀងៗខ្លួនផងដែរ។

MCL2018_VSK_VS_PPCFC_5297

ដោយមានដូចជាខ្សែបម្រើប្រយុទ្ធរបស់ក្លិប ភ្នំពេញក្រោន កីឡាករ Tsotleho JANE វ័យ២៦ឆ្នាំ ស្ថិតនៅក្នុងទ្វីបអាហ្វ្រិក ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ ឡេសូតូ ដើម្បីត្រៀមធ្វើវើការប្រកួតមិត្តភាពអន្តរជាតិជាមួយ បូសវ៉ាណា នៅថ្ងៃទី ២៤ មិនា ខាងមុខនេះ។

កីឡាកររូបនេះក៏បានជាប់ជាជម្រើសជាតិនៃប្រទេសឡេសូតូ តាំងតែពីឆ្នាំ២០១៤ រហូតដល់បច្ចុប្បន្ន ដោយបង្ហាញខ្លួនបាន៧ប្រកួត និងទាត់បាល់បញ្ចូលទីបាន ១គ្រាប់ផងដែរ។

MCL2018_VSK_VS_PPCFC_8218

ចំណែកកីឡាករកូរ៉េខាងជើង របស់ក្លិប វិសាខា អាចនឹងត្រូវបានកោះហៅចូលក្រុមជម្រើសជាតិចំនូន២នាក់ ដើម្បីធ្វើការប្រកួតជាមួយ ហុងកុង នៅថ្ងៃទី ២៧ មិនា ក្នុងវគ្គជម្រុះ ពូល B នៃពានរង្វាន់ AFC Asian Cup 2019។ នេះបើយោងតាមការបញ្ជាក់របស់គ្រូបង្វឹកលោក ហុក សុជីវ័ន ខណៈមកទល់នេះពុំទាន់ទទួលបានលិខិតផ្លូវការជុំវិញការកោះហៅនៅឡើយនោះទេ។ ស្របពេលដែលខ្សែបម្រើ Pak Song-chol ដែលតែងតែជាប់ជម្រើស១១នាក់ដំបូងក្នុងក្រុមជម្រើសជាតិកូរ៉េខាងជើង អាចនឹងត្រូវបន្តកោះហៅដោយប្រកួតចុងក្រោយរបស់គេគឺនៅក្នុងការប្រកួតជាមួយ ចិន កាលពីថ្ងៃទី ១៦ ធ្នូ នៃពានរង្វាន់ 2017 EAFF E-1 Football Championship៕