អ្នកចាំទី ស៊ូ យ៉ាទី របស់បឹងកេត ប្រាប់ពីតិចនិចផ្ទាល់ខ្លួនក្នុងការសង្គ្រោះបាល់ពិន័យ ១១ម៉ែត្រកាលពីម្សិលមិញ

By |

កីឡាករ ស៊ូ យ៉ាទី ជាអ្នកចាំទីរបស់ក្លិបបឹងកេត បានធ្វើការសង្គ្រោះបាល់ពិន័យ ១១ម៉ែត្រពីការទាត់របស់កីឡាករសញ្ជាតិកូរ៉េខាងត្បូង No Dae Ho នៅនាទី ៩០បូក ៥ ទៅហើយក្រោយពីការបង្កកំហុសពីសំណាក់កីឡាករមិត្តរួមក្រុមរបស់ខ្លួន ដែលជួយឲ្យ ក្រុមបឹងកេត ឈ្នះលើ ក្រុមប៉ូលីស ក្នុងលទ្ធផល ៥ទល់១ ក្នុងសប្តាហ៍ទី៣ នៅលើវាលស្មៅនៃពហុកីឡដ្ឋានជាតិ ក្នុងនោះអ្នកចាំទីរូបនេះ បានប្រាប់អំពីតិចនិចផ្ទាល់ខ្លួនក្នុងការសង្គ្រោះបាល់ពិន័យ ១១ម៉ែត្រផងដែរ។

អ្នកចាំទីក្រុមជម្រើសជាតិកម្ពុជារូបនេះ បានផ្ដល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារពតមានក្រោយបញ្ចប់ការប្រកួតម្សិលមិញយ៉ាងដូច្នេះថា៖ « សម្រាប់ខ្ញុំ ការសង្គ្រោះបាល់ពិន័យ ១១ម៉ែត្រ គឺខ្ញុំធ្វើការសម្រេចចិត្តម្ខាងៗ បូករួមជាមួយនិងការមើលជំហរក្នុងការទាត់របស់កីឡាករគេ រួចក៏ធ្វើការសម្រេចលោតទៅខាងនោះតែម្ដង»។

« ខ្ញុំគិតថាថ្ងៃនេះ ពួកយើងធ្វើបានល្អ ប្រព័ន្ធការពារយើងក៏ល្អជាងការប្រកួតមុនៗដែរដោយបានកាត់បន្ថយគ្រាប់បន្ដិចម្ដងៗ សម្រាប់ការកែប្រែនៅប្រព័ន្ធការពារនេះគឺជាតាក់តិចរបស់គ្រូបង្វឹក ដោយគាត់បានធ្វើការកែតម្រូវពីកំហុសរបស់ខ្សែការពារម្នាក់ៗ ដើម្បីកែប្រែដោយបានយកមកអនុវត្តន៍នៅពេលហាត់ រួចយកមកប្រើនៅពេលប្រកួតពិតប្រាកដ ដោយឃើញថាមានភាពល្អប្រសើរជាងមុនច្រើន។ ដើមរដូវកាលនេះ ពួកយើងជួបបញ្ហាច្រើន ទី១ យើងមានបញ្ហាកីឡាករមួយចំនួនរបួស និងទី២ ការប្រកួតលេងជាប់ៗគ្នាពេក ដូច្នេះហើយធ្វើឲ្យកីឡាករយើងមិនមានពេលគ្រប់គ្រាន់សម្រាប់ការប្រមូលកម្លាំងមកវិញបានទាន់ពេលវេលានោះទេ »។ ម្ចាស់អាវលេខ១ រូបនេះបានបន្ថែមយ៉ាងដូច្នេះ។

គួរបញ្ជាក់ថា អ្នកចាំទីឆ្នើមរបស់ក្រុមបឹងកេត ក៏ដូចជាក្រុមជម្រើសជាតិកម្ពុជារូបនេះ បានក្លាយជាកីឡាករដំបូងគេក្នុងការសង្គ្រោះការទាត់បាល់ពិន័យ ១១ម៉ែត្រ នៅក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨នេះ ខណៈគិតត្រឹមសប្តាហ៍ទី៣នេះ ក្រុមជើងឯកលីគកំពូលកម្ពុជា ៣សម័យកាល មិនទាន់ស្គាល់ពាក្យថាបរាជ័យនៅឡើយទេនា ៣ប្រកួតមកនេះ ដោយឈ្នះទាំង ៣ប្រកួត មាន ៩ពិន្ទុក្នុងដៃ កំពុងតែឈរនៅចំណាត់ថ្នាក់លេខ១ កំពូលតារាងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨នេះផងដែរ៕