ធារ៊ី ចន្ថាប៊ីន លើកឡើងពីផលវិជ្ជមានសម្រាប់ការប្រកួតដំបូងរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងឆ្នាំ២០១៨នេះ

By |

ក្រុមជម្រើសជាតិកម្ពុជា នឹងបើកទំព័រប្រកួតដំបូងបំផុតសម្រាប់ឆ្នាំ២០១៨ ដោយធ្វើប្រកួតមិត្តភាពជាមួយ ក្រុមជម្រើសជាតិឡាវ នៅថ្ងៃទី ២១ មិនា វេលាម៉ោង៦ល្ងាច នៅកីឡដ្ឋានជាតិ រដ្ឋធានីវៀងចន្ទន៍។

ជាមួយគ្នានោះខ្សែបម្រើ ធារ៊ី ចន្ថាប៊ីន ដែលត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា លើកដំបូងក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកបណ្តោះអាសន្ន បានលើកឡើងថាការប្រកួតមិត្តភាពនេះនឹងមានផលវិជ្ជមានសម្រាប់ត្រៀមដល់នាថ្ងៃបន្ទាប់ មុនពេលជួប អាហ្គានីស្ថាន។

Screen Shot 2018-03-20 at 11.49.35 AM

« ខ្ញុំពិតជាមានអារម្មណ៍រំភើបដែលមានការប្រកួតមិត្តភាព ( កម្ពុជា ប៉ះ ឡាវ ) លើកដំបូងបំផុតនាដើមឆ្នាំ២០១៨នេះ។ ការប្រកួតមិត្តភាពនេះពិតជាមានផលវិជ្ជមានដោយបានផ្តល់ឱកាសអោយពួកយើងត្រៀមរៀបចំខ្លួនមុនពេលប៉ះ អាហ្គីស្ថាន។ ដូចដែរគ្រូបង្វឹកបាននិយាយពីមុនមកចឹងទោះបីយើងមិនបានធ្វើការហ្វឹកហាត់ជុំគ្នា និងរៀបចំរយៈពេលខ្លី ប៉ុន្តែយើងបានផ្តោតទៅលើការព្យាយាមយល់ចិត្តគ្នានៅលើទីលានទោះបីជាមានកីឡាករវ័យក្មេងមួយចំនូន និងសមាជិកថ្មីក៏ដោយ »។ សម្តីរបស់ ធារ៊ី ខ្សែបម្រើរបស់ក្លិប Terengganu។

បញ្ជាក់ថា ក្រោយចប់ការប្រកួតនេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតជាមួយ អាហ្វហ្គានីស្ថាន នៅថ្ងៃទី២៧ ខែដដែល ដើម្បីប្រកួតក្នុងពានរង្វាន់ AFC Asian Cup 2019 វគ្គជម្រុះ ជុំទី៣ ក្នុងពូល C ដែលជាការប្រកួតចុងក្រោយផងដែរ។ ស្របពេល ក្រុមជម្រើសជាតិឡាវ នឹងបន្តធ្វើការប្រកួតមិត្តភាពមួយលើកទៀតដោយជួប បង់ក្លាដេស នៅថ្ងៃទី ២៧ មិនា ដើម្បីត្រៀមចួលរួមពានរង្វាន់ AFF Suzuki Cup 2018 នាខែតុលាខាងមុខនេះ៕