លោក ប្រាក់ សុវណ្ណារ៉ា រំលេចនូវចំនុចសំខាន់២សម្រាប់ជំនួបប្រកួតមិត្តភាពជាមួយនឹង ជម្រើសជាតិឡាវ ស្អែកនេះ

By |

លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើការលើកឡើងនូវចំនុចសំខាន់២ មុននឹងត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិឡាវ ក្នុងជំនួបមិត្តភាពអន្តរជាតិ នៅថ្ងៃទី ២១ ខែ មិនា ស្អែកនេះ។

ថ្លែងក្នុងសន្និសិទសារពត៌មានពីប្រទេសឡាវ គ្រូបង្វឹកវ័យ៤៥ឆ្នាំរូបនេះ បានលើកឡើងនូវចំនុចសំខាន់ពីការប្រកួតនេះ គឺដើម្បីជាការត្រៀមប្រកួតទល់នឹង អាហ្វហ្គានីស្ថាន ក្នុងជំនួបចុងក្រោយប្រចាំពូល C ពានរង្វាន់ជម្រុះជើងឯកទ្វីបអាស៊ី AFC Asian Cup 2019 ជុំចុងក្រោយ ប្រកួតបិទពូល និងជាពិសេសផ្ដល់ឱកាសដល់យុវជនបានបង្ហាញខ្លួនក្នុងការប្រកួតនេះ។

 

WAF-CAM-Coach-In-LAO

លោក ប្រាក់ សុវណ្ណារ៉ា នៅក្នុងសន្និសីទសារពត៌មាន នាប្រទេសឡាវ

 

លោក ប្រាក់ សុវណ្ណារ៉ា បានលើកឡើងយ៉ាងដូច្នេះថា៖ «នេះគឺជាការប្រកួតដែលអាចនិយាយបានថា ជាការប្រកួតដំបូងសម្រាប់ឆ្នាំ២០១៨ ហើយជាការត្រៀមលក្ខណៈអោយបានប្រសើរសម្រាប់ការប្រកួតជាមួយអាហ្វហ្គានីស្ថាន នៅថ្ងៃទី២៧ចុងខែនេះ ហើយទាក់ទងទៅនឹងអាកាសធាតុ ទាក់ទងទៅនឹងកត្តាផ្សេងៗ គឺប្រទេសឡាវ ហើយនឹងកម្ពុជា យើងមានស្ថានភាពមិនខុសគ្នាទេ ហើយការប្រកួតនេះគឺជាការប្រកួតសំខាន់ដែលយើងអាចនឹងបង្ករឱកាសទៅដល់កីឡាករ ជាពិសេសកីឡាករក្មេងៗដែលនឹងបានលេងនៅក្នុងការប្រកួតនេះ»។

បញ្ជាក់ជាថ្មីថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតបាល់ទាត់លក្ខណៈមិត្តភាពអន្តរជាតិជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិឡាវ ដែលធ្វើឡើងនៅកីឡដ្ឋាន Lao National Stadium ទីក្រុងវៀងចន្ទន៍ ទឹកដីនៃប្រទេសឡាវ នាវេលាម៉ោង ៦:០០ នាទីយប់ថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៨ ស្អែកនេះ៕

 

រូបភាព៖ ពីវីដេអូផ្សាយផ្ទាល់សន្និសីទសារពត៌មាន mycujoo.tv របស់សហព័ន្ធកីឡាបាល់ទាត់ឡាវ