កីឡាករឆ្នើមរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ទិត្យ ឌីណា ត្អូញត្អែរពីបញ្ហាក្នុងក្រុម សម្រាប់ប្រកួតដើមរដូវកាល២០១៨នេះ

By |

ខ្សែបម្រើ ទិត្យ ឌីណា ដែលប្រកបអាជីពនៅក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់អំពីផលលំបាកមួយចំនួនរបស់ខ្លួន និងមិត្តរួមក្រុម ក្រោយបង្ហាញទម្រង់លេងមិនល្អដោយបានចាញ់ ក្រុមជើងឯងឆ្នាំចាស់ បឹងកេត ក្នុងសប្តាហ៍ទី៣ ១ទល់៥ នៅលើវាលស្មៅនៃពហុកីឡដ្ឋានជាតិ កាលពីថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៨កន្លងមក។

ម្ចាស់អាវលេខ១១ របស់ក្រុមប៉ូលីសរូបនេះបានលើកឡើងក្រោយបញ្ចប់ការប្រកួតនោះយ៉ាងដូច្នេះថា៖« មានអារម្មណ៍ថា ប្រកួតប៉ះបឹងកេត ថ្មីៗនេះ ពួកយើងលេងហាក់បីដូចមិនសូវសុីចង្វាក់គ្នាទេ ហើយបច្ចេកទេសក៏មិនបានល្អដោយសារពួកយើងអត់សូវដែលបានហាត់ជាមួយគ្នា ព្រោះថាដូចជាខ្ញុំនិងសមាជិកដទៃហាត់នៅបណ្ឌិតសភា ហើយខ្លះហាត់នៅតាមទីលានផ្សេង ដល់ចឹងយើងលេងមិនមានភាពសុីចង្វាក់គ្នាទេ។ ថ្នាក់ដឹកនាំលោកបានជួយសម្រួលផងដែរ ប៉ុន្ដែបញ្ហាទី១ គឺការធ្វើដំណើរយើងអត់មានការធ្វើដំណើរទៅហាត់ជុំគ្នា ហើយណាមួយជាប់រៀនផងអច្ចឹងអត់បានហាត់ជុំគ្នាទេ។ រាល់ថ្ងៃពួកយើងហាត់បានត្រឹមតែ ១ម៉ោងប៉ុណ្ណោះដោយសារព្រឹកចូលរៀនពីម៉ោង ៧ រហូតដល់ ៥ កន្លះល្ងាចបានចេញ ខ្ញុំគិតថាវាអាចមានផលប៉ះពាល់ដល់ក្រុមផងដែរ ដោយសារបើយើងអត់បានហាត់ជុំគ្នាទេយើងអត់អាចលេងជាមួយគេបានទេ យើងអត់មានកម្លាំង ព្រោះសល់រយៈពេលខ្លីត្រឹម ១ម៉ោងក្នុងការហាត់ វាមិនអាចធ្វើកម្លាំងអីបានទេ។ បើយើងអត់កម្លាំង តិចនិចអីក៏តាមហ្នឹងដែរ បើយើងមានកម្លាំង តិចនិចមានអច្ចឹងយើងអាចលេងបាន តែបើអត់កម្លាំងហើយ តិចនិចមានក៏លេងអត់កើតដែរ »។

 

MCL2018_GCNP_VS_WPP_2015

ទិត្យ ឌីណា ក្នុងការប្រកួតទល់នឹង វេស្ទើនភ្នំពេញ កាលពីសប្ដាហ៍ទី១ នៃលីគកំពូលកម្ពុជា

 

គិតមកត្រឹមពេលនេះ ក្រុមដែលដឹកនាំដោយលោក នុត សូនី កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៧ ដោយបានធ្វើការប្រកួតចំនួន ៣លើក ពោលគឺឈ្នះ ១លើក ស្មើ ១លើក និងចាញ់ ១លើក មាន ៤ពិន្ទុ។

សូមបញ្ជាក់ថា កីឡាកររបស់ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ រួមមានទាំងអស់១៣រូប ដែលបានចូលបំពេញ វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល មានដូចជា ដូចជាកីឡាករ ប្រាក់ មុន្នីភារុណ, នួន បុរី, ឈិន ម៉េងស៊ាង, សាយ ពិសិដ្ឋ, ស៊ុន វណ្ណដេត, អ៊ុល រ៉ាវី, សុប រ៉ាវី, ស្រី ឧត្តម, សាន ធីដេត, សាយ វិសាល, ទិត្យ ឌីណា, ម៉ាន រីតាវ៉ាន់ និង អៀង ទីន រួមទាំងក្រុមគ្រូបង្វឹក៣រូបទៀតផងដែរ៕