U-21 កម្ពុជា ស្ថិតនៅពូល B ដែលមានតែ៣ប្រទេស ក្នុងពានរង្វាន់ស្ដេចព្រុយណេ ឆ្នាំ២០១៨

By |

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់នៃប្រទេសព្រុយណេ ( NFABD ) អញ្ជើញអោយទៅចូលរួមប្រកួតក្នុងពានរង្វាន់ស្ដេចស៊ូលតង់ នៃប្រទេសព្រុយណេ នៅចុងខែមេសា ខាងមុខនេះ បានបង្ហាញពីលទ្ធផលនៃការចាប់ឆ្នោតហើយ ដោយ U-21 កម្ពុជា ស្ថិតនៅពូល B ដែលមានតែ៣ប្រទេស។

មន្រ្តីសារពត៌មានប្រចាំសហព័ន្ធកីឡាបាល់ទាត់ព្រុយណេ បានអោយដឹងថា សហព័ន្ធរបស់ខ្លួនបានអញ្ជើញប្រទេសចំនួន១០អោយចូលរួម បូករួមទាំងខ្លួនជាម្ចាស់ផ្ទះ សរុបចំនួន១១ប្រទេស ក្នុងពានរង្វាន់ដែលមានឈ្មោះថា Hassanal Bolkiah Trophy 2018 ប៉ុន្តែប្រទេសចំនួន៤ មិនបានបញ្ចូនក្រុមចូលរួមឡើយ។

ដូច្នេះបានសេចក្ដីថា ប្រទេសទាំង១១នៅក្នុងតំបន់ មានប្រទេសចំនួន៧ចូលរួម ( ម្ចាស់ផ្ទះ ព្រុយណេ, ទីម័រខាងកើត, មីយ៉ាន់ម៉ា, ថៃ, កម្ពុជា, សិង្ហបុរី និង ឡាវ ) និងអវត្តមាន៤ប្រទេស ( ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, វៀតណាម និងហ្វីលីពីន )។

 

សមាភាពក្រុមទាំង៧ ក៏ត្រូវបានបែងចែកចេញជា២ពូល ពូល A និងពូល B ដែលដែលមានការបែងចែកតាមរយៈការចាប់ឆ្នោតដូចខាងក្រោម៖

29495877_10155724672078218_8135979724456329216_n

 

មន្រ្តីដដែលរូបនេះបានបន្តថា តាមគម្រោងការប្រកួតគឺគ្រោងនឹងធ្វើឡើងនៅចុងខែមេសា ឆ្នាំ២០១៨ នេះ ពោលគឺបានផ្លាស់ប្ដូរ មកចាប់ផ្ដើមពីថ្ងៃទី ២៣ ខែ មេសា រហូតដល់ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៨ វិញដែលជាថ្ងៃបិទការប្រកួត។

គួរបញ្ជាក់ថា ពានរង្វាន់នេះ បានអាក់ខានប្រារព្ធឡើងរយៈពេល៣ឆ្នាំមកហើយ ខណៈឆ្នាំចុងក្រោយគឺនៅឆ្នាំ២០១៤ បន្ទាប់ពីបានបង្កើតឡើងដំបូងនៅឆ្នាំ២០០២ ដោយភាគច្រើនក្រុមដែលចូលរួមគឺជាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្ទាល់តែម្ដង និងសម្រាប់តែឈុតយុវជនអាយុក្រោម២១ឆ្នាំប៉ុណ្ណោះ។

ពានរង្វាន់នេះ កម្ពុជា ធ្វើបានល្អបំផុតនៅឆ្នាំ២០០៧ ដោយទទួលបានចំណាត់ថ្នាក់លេខ៣ស្ទួន ជាមួយ U-21 ម៉ាឡេស៊ី៕

 

ចុចអានអត្ថបទ៖ កម្ពុជា ស្ថិតក្នុងបញ្ជីប្រទេសទាំង១១ ដែលអញ្ជើញអោយចូលរួមប្រកួតពានរង្វាន់ស្ដេចព្រុយណេ នៅខែមេសា

 

រូបភាព៖ subuk-saja / aseanfootball.org