កំណត់ត្រាសំខាន់៤ ដែល ឃួន ឡាបូរ៉ាវី ធ្វើបានក្នុងការប្រកួតជាមួយ ឡាវ កាលពីម្សិលមិញ

By |

កាលពីល្ងាចថ្ងៃទី ២១ ខែ មិនា ម្សិលមិញនេះ កម្ពុជា បានយកឈ្នះ ឡាវ ដោយលទ្ធផល ០ទល់១ ក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ខណៈ១គ្រាប់របស់កម្ពុជា ធ្វើបានសម្រេចដោយកីឡាករ ឃួន ឡាបូរ៉ាវី។

ជាការចាប់អារម្មណ៍គ្រាប់បាល់១គ្រាប់របស់ កីឡាករ ឃួន ឡាបូរ៉ាវី ដែលធ្វើបានសម្រេចនៅនាទី៨៦ ជួយអោយក្រុមយកឈ្នះ ឡាវ កាលពីម្សិលមិញនេះបានធ្វើអោយមានកំណត់ត្រាសំខាន់ៗមួយចំនួន សម្រាប់ខ្លួនឯងផ្ទាល់។

 

WAF-Boravy-Scored-Against-LAO

ឃួន ឡាបូរ៉ាវី ក្រោយទាត់ចូលទីក្រុមជម្រើសជាតិឡាវ កាលពីម្សិលមិញ

 

១) ក្លាយជាកីឡាករកម្ពុជាដំបូងគេទាត់ចូលទីក្រុមជម្រើសជាតិឡាវ ច្រើនជាងគេ៖

ចាប់តាំងពីក្រុមទាំង២ជួបគ្នា ពីឆ្នាំ១៩៧១មក ឃើញថាមានតែកីឡាករ ឃួន ឡាបូរ៉ាវី ម្នាក់គត់ដែលរកគ្រាប់បាល់ទាត់បញ្ចូលទីក្រុមជម្រើសជាតិឡាវ បានច្រើនជាងក្នុងចំណោម២៤គ្រាប់ ដែលក្រុមទាំង២ធ្លាប់ប៉ះគ្នាចំនួន១៥លើក។

ក្នុងចំណោម២២គ្រាប់នោះ ឃួន ឡាបូរ៉ាវី រកគ្រាប់បាល់បានច្រើនជាងគេពោលគឺ៤គ្រាប់ បើធៀបទៅនឹងកីឡាករដទៃដែលធ្លាប់រកគ្រាប់បាល់បានច្រើនបំផុត៣គ្រាប់ គឺកីឡាករ ហុក សុចិត្រា ( រកគ្រាប់បាល់បាន៣គ្រាប់ ) ក្រៅពីនេះរកបានតែ១គ្រាប់ៗ និងប្រកួតខ្លះពុំមានគ្រាប់។

សម្រាប់៤គ្រាប់របស់ ឃួន ឡាបូរ៉ាវី ដែលរកបានទល់នឹងជម្រើសជាតិឡាវ រួមមាន:

  • គ្រាប់ទី១: ឆ្នាំ២០១១ ( ពានជម្រុះ World Cup 2014 )
  • គ្រាប់ទី២: ឆ្នាំ២០១៤ ( ពានជម្រុះ AFF Suzuki Cup 2014 )
  • គ្រាប់ទី៣: ឆ្នាំ២០១៥ ( មិត្តភាពអន្តរជាតិ )
  • គ្រាប់ទី៤: ឆ្នាំ២០១៨ ( មិត្តភាពអន្តរជាតិ )

ប្រវត្តិជួបគ្នារវាងក្រុមទាំង២៖ ចុចទីនេះ

 

២) ឃួន ឡាបូរ៉ាវី ក្លាយជាកីឡាករដែលជួយអោយ កម្ពុជា យកឈ្នះ ឡាវ លើទឹកដីនៃទីក្រុងវៀងច័ន្ទន៍ ជាលើកដំបូង៖

ជម្រើសជាតិកម្ពុជា ធ្លាប់ឡើងទៅប្រកួតជាមួយ ជម្រើសជាតិឡាវ នៅលើទឹកដីនៃទីក្រុងវៀងច័ន្ទន៍ ជាលើកដំបូងកាលពីឆ្នាំ២០១០ ដោយធ្លាប់ប្រកួតនៅប្រទេសនេះចំនួន៤លើក ខណៈ៣លើកកន្លងមក កម្ពុជា មិនដែលឈ្នះឡើយ ក្នុងនោះស្មើ១ និងចាញ់២ ទើបតែលើកនេះដែលរកគ្រាប់បាល់ជ័យជម្នះលើកដំបូងអោយកម្ពុជា។

កម្ពុជា ប្រកួតនៅលើទឹកដីឡាវ ៤លើករួមមាន ឆ្នាំ២០១០, ២០១១, ២០១៤ និង ២០១៨។

លម្អិតប្រវត្តិជួបគ្នារវាងក្រុមទាំង២នៅលើទឹកដីរបស់ឡាវ៖ ចុចទីនេះ

 

៣) ក្លាយជាកីឡាករកម្ពុជា តែម្នាក់គត់ដែលរកគ្រាប់បាល់បានទាំងក្លិប និងជម្រើសជាតិ លើទឹកដីប្រទេសឡាវ៖

ដូចដែលបានដឹងហើយ នៅឆ្នាំ២០១៨នេះ ឃួន ឡាបូរ៉ាវី បានរកគ្រាប់បាល់បាន២គ្រាប់ហើយនៅលើទឹកដីរបស់ឡាវ ក្នុងនោះមានទាំងជាមួយក្លិប ( ក្លិបបឹងកេត ) និងជាមួយក្រុមជម្រើសជាតិ។

ជាមួយក្លិបបាល់ទាត់បឹងកេត ឃួន ឡាបូរ៉ាវី បានរកគ្រាប់បាល់ជ័យជម្នះតែ១គ្រាប់ លើក្រុម Lao Toyota FC ក្នុងវគ្គជម្រុះពានរង្វាន់ AFC Cup 2018 និងគ្រាប់ជ័យជម្នះម្ដងទៀតគឺកាលពីម្សិលមិញនេះ។

** កីឡាករ ចាន់ វឌ្ឍនាកា ធ្លាប់រកគ្រាប់បាល់បាន២គ្រាប់ អោយបឹងកេត យកឈ្នះ  Lao Toyota FC ដូចគ្នាក្នុងពានរង្វាន់ Toyota Mekong Club Championship 2015 ខណៈជាមួយជម្រើសជាតិពុំដែលរកគ្រាប់បាល់បានឡើយ។

 

៤) ឃួន ឡាបូរ៉ាវី បន្តរកគ្រាប់បាល់ក្នុងជំនួបដំបូងប្រចាំឆ្នាំសម្រាប់ជម្រើសជាតិកម្ពុជា២ឆ្នាំជាប់ៗគ្នា៖

ចាំបានថាកាលពីឆ្នាំ២០១៧ ឃួន ឡាបូរ៉ាវី ក៏រកគ្រាប់បាល់អោយកម្ពុជា ដំបូងគេនៅក្នុងការប្រកួតបើកឆាកប្រចាំឆ្នាំសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ខណៈឆ្នាំ២០១៨ កីឡាករវ័យ២៩ឆ្នាំដដែលរូបនេះ បន្តធ្វើបានដូចគ្នា។

កាលពីឆ្នាំ២០១៧ ឃួន ឡាបូរ៉ាវី រកគ្រាប់បាល់អោយកម្ពុជា បានដំបូងក្នុងការប្រកួតទល់នឹង ជម្រើសជាតិអារ៉ាប់បីសាវឌីត កាលពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៧ ត្បិតលទ្ធផលពេលនោះបញ្ចប់ទៅដោយ កម្ពុជា ចាញ់ អារ៉ាប់បីសាវឌីត ៧ទល់២។

វីដេអូ  កម្ពុជា ចាញ់ អារ៉ាប់បីសាវឌីត ៧ទល់២៖

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា