តើអ្នកដឹងទេ? ប៉ះ អាហ្វហ្គានីស្ថាន ចំនួន៤លើក ក្រុមជម្រើសជាតិកម្ពុជាគឺស្ថិតក្រោមការដឹកនាំគ្រូបង្វឹក៤រូបផ្សេងគ្នា

By |

នៅថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៨ ខាងមុខនេះ ជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតជាមួយ ក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន ក្នុងការប្រកួតវគ្គជម្រុះជុំចុងក្រោយ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី ( UAE 2019 AFC Asian Cup ) ប្រចាំពូល C។

សម្រាប់ជំនួបនៅ៤ថ្ងៃខាងមុខនេះ រវាងក្រុមទាំង២ ត្រូវបានចាត់ទុកថាជាជំនួបលើកទី៤ សម្រាប់ប្រវត្តិក្នុងជួបគ្នានៅលើវាលស្មៅបាល់ទាត់ ចាប់តាំងពីសហព័ន្ធនៃប្រទេសទាំង២បង្កើតរៀងៗខ្លួនមក ( កម្ពុជា បង្កើតសហព័ន្ធកីឡាបាល់ទាត់នៅឆ្នាំ១៩៣៣ ) ស្របពេលដែល ( អាហ្វហ្គានីស្ថាន បង្កើតសហព័ន្ធកីឡាបាល់ទាត់នៅឆ្នាំ១៩២២ )។

 

WAF-CAM-Vs-AFG-2017-News

ជម្រើសជាតិកម្ពុជា ប្រកួតជាមួយ ជម្រើសជាតិអាហ្វហ្គានីស្ថាន កាលពីឆ្នាំ២០១៧

 

អ្វីដែលជាការចាប់អារម្មណ៍ ក្នុងចំណោមការប្រកួតទាំង៣ បូករួមជាមួយការប្រកួតខាងមុខ ១ប្រកួតទៀត ការដឹកនាំរបស់ក្រុមជម្រើសជាតិកម្ពុជា គឺស្ថិតក្រោមការចង្អុលបញ្ជាពីគ្រូបង្វឹកចំនួន៤រូបផ្សេងគ្នា ទាំងខ្មែរ និងបរទេស។

ជម្រើសជាតិកម្ពុជា ដែលបាន និងត្រៀមប្រកួតជាមួយ ជម្រើសជាតិអាហ្វហ្គានីស្ថាន ៤ដង រួមមាន ឆ្នាំ២០១៥ ចំនួន២ដង ឆ្នាំ២០១៧ ចំនួនម្ដង និងនៅឆ្នាំ២០១៨នេះ។

 

ខាងក្រោមគឺជាសមាសភាពគ្រូបង្វឹកទាំង៤ដែលដឹកនាំ កម្ពុជា ប្រកួតជាមួយ អាហ្វហ្គានីស្ថាន៖

 

  • ប្រកួតដំបូង: ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៥

ជម្រើសជាតិកម្ពុជា ដែលប៉ះជាមួយ អាហ្វហ្គានីស្ថាន លើកដំបូងគឺស្ថិតនៅក្នុងពានរង្វាន់ជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី ( 2018 FIFA World Cup ) ដែលជាការប្រកួតក្នុងពូល E ធ្វើឡើងនៅលើទឹកដីនៃប្រទេសកម្ពុជា។

ការប្រកួតកាលគ្រានោះ ជម្រើសជាតិកម្ពុជា ត្រូវបានដឹកនាំដោយគ្រូបង្វឹកសញ្ជាតិជប៉ុន លោក Ohara Kazunori ( កាន់ការងារបណ្ដោះអាសន្ន ) បែបនេះក្ដីលទ្ធផលនៅជំនួបដំបូងនេះ កម្ពុជា រងបរាជ័យក្រោមថ្វីជើង អាហ្វហ្គានីស្ថាន ដោយលទ្ធផល ០ទល់១។

WAF-Ohara-News

លោក Ohara Kazunori ( អាវប្រផេះអត់ពាក់មួក )

 

  • ប្រកួតទី២: ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០១៥

ឆ្នាំ២០១៥ដដែលនោះ ជម្រើសជាតិកម្ពុជា បានជួបប្រកួតជាមួយ អាហ្វហ្គានីស្ថាន ជាលើកទី២ និងស្ថិតនៅក្នុងពានរង្វាន់ជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី ( 2018 FIFA World Cup ) ដូចគ្នា ធ្វើឡើងនៅលើទឹកដីកណ្ដាល នៃប្រទេសអ៊ីរ៉ង់។

ការប្រកួតកាលគ្រានោះ ជម្រើសជាតិកម្ពុជា ត្រូវបានដឹកនាំដោយគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង លោក Lee Tae Hoon ខណៈលទ្ធផលនៅជំនួបទី២នេះ កម្ពុជា រងបរាជ័យក្រោមថ្វីជើង អាហ្វហ្គានីស្ថាន ដោយលទ្ធផល ៣ទល់០។

WAF-CAM-Vs-TLS-Lee-Tae-Hoon

លោក Lee Tae Hoon 

 

  • ប្រកួតទី៣: ថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៧

ចូលដល់ឆ្នាំ២០១៧នេះ កម្ពុជា និង អាហ្វហ្គានីស្ថាន ត្រូវបានចាប់ឆ្នោតស្ថិតនៅក្នុងពូល ( ពូល C ) ជាមួយគ្នាជាថ្មីម្ដងទៀត ប៉ុន្តែស្ថិតនៅក្នុងពានរង្វាន់ផ្សេងពីពានរង្វាន់ខាងលើ ដោយលើកនេះស្ថិតនៅក្នុងពានរង្វាន់ជើងឯកទ្វីបអាស៊ី ( AFC Asian Cup ) វគ្គជម្រុះជុំចុងក្រោយ។

នៅក្នុងពូល C នេះ និងត្រូវបានចាត់ទុកថាជាជំនួបលើកទី៣រវាងក្រុមទាំង កម្ពុជា បានប្រកួតយកឈ្នះ អាហ្វហ្គានីស្ថាន ជាលើកដំបូង ខណៈគ្រានោះក្រុមត្រូវបានដឹកនាំដោយគ្រូបង្វឹកសញ្ជាតិប្រេស៊ីល គឺលោក Leonardo Vitorino បញ្ចប់ទៅដោយលទ្ធផល កម្ពុជា ឈ្នះ ១ទល់០ នៅពហុកីឡដ្ឋានជាតិ។

WAF-Leonardo-2017

លោក Leonardo Vitorino ពេលដឹកនាំក្រុមប្រកួតទល់នឹងអាហ្វហ្គានីស្ថាន

 

  • ប្រកួតទី៤: ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៨

ស្ថិតក្នុងពានរង្វាន់ដដែលខាងលើ ( AFC Asian Cup ) តែសម្រាប់ការប្រកួតជើងទី២វិញម្ដង ជំនួបនេះនឹងក្លាយជាជំនួបទី៤សម្រាប់ក្រុមទាំង២ គ្រោងនឹងធ្វើនៅថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៨ ខាងមុខ នៅប្រទេសតាជីគីស្ថាន ដែលជាទឹកដីកណ្ដាល។

ជាថ្មីម្ដងទៀត ត្បិតការប្រកួតមិនទាន់មកដល់ ប៉ុន្តែសមាសភាពគ្រូបង្វឹកដែលនឹងត្រូវដឹកនាំកម្ពុជា នៅក្នុងការប្រកួតនេះគឺជា លោក ប្រាក់ សុវណ្ណារ៉ា ដែលបានសេចក្ដីថា លោកគឺជាគ្រូបង្វឹកទី៤ដែលត្រូវឈរបញ្ជារកូនក្រុមនៅក្នុងការប្រកួតទល់នឹង អាហ្វហ្គានីស្ថាន ទាំង៤លើកចុងក្រោយ។

AFC2019_Cambodia_VS_Jordan_9673

លោក ប្រាក់ សុវណ្ណារ៉ា 

 

សូមបញ្ជាក់ជាថ្មីថា ក្រុមជម្រើសជាតិកម្ពុជា នឹងតតាំងជាមួយក្រុមជម្រើសជាតិអាហ្វហ្គានីស្ថាន សម្រាប់ប្រកួតបិទពូល ក្នុងវគ្គជម្រុះចុងក្រោយ នៃពានរង្វាន់ជើងឯកទ្វីបអាស៊ី ( UAE 2019 AFC Asian Cup ) ប្រចាំពូល C នៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៨ ខាងមុខនេះ ម៉ោង ៩:០០ នាទីយប់ ( ម៉ោងនៅប្រទេសកម្ពុជា )៕