ក្លិបបាល់ទាត់ក្រសួងការពារជាតិ រៀបចំគំរោងកម្មវិធីចែករំលែកបទពិសោធន៍បាល់ទាត់ជាច្រើនខេត្ត នៅចុងខែមីនានេះ

By |

ក្លឹបបាល់ទាត់ក្រសួងការពារជាតិ បាននឹងកំពុងរៀបចំគំរោងកម្មវិធីចែករំលែកបទពិសោធន៍បាល់ទាត់ (Football Clinic) តាមបណ្តាខេត្តមួយចំនួនដោយឆ្លងកាត់ ខេត្តកំពង់ចាម, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តបាត់ដំបង, ខេត្តពោធិសាត់ និងខេត្តកំពង់ឆ្នាំង ដោយកម្មវិធីនេះអាចដំណើរការរយៈពេល ៣ថ្ងៃ ពោលគឺចាប់ពីនៅថ្ងៃទី ៣១ ខែ មីនា ដល់ថ្ងៃទី ០២  ខែ មេសា ខាងមុខនេះ អាស្រ័យហេតុនេះបើមានចំណាប់អារម្មណ៍សូមរួសរាន់ធ្វើការទំនាក់ទំនង នេះបើតាមលោក ភា សុភក្ត្រា គ្រូបង្វឹកក្រុមជើងឯករងលីគកំពូលកម្ពុជារដូវកាល២០១៧ ធ្វើការបង្ហោះនៅលើគណនីទំនាក់ទំនងសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនផងដែរ។

សម្រាប់លក្ខខណ្ឌក្នុងការចូលរួមនៅក្នុងកម្មវិធីចែករំលែកបទពិសោធន៍៖

1-ចំនួនក្មេង ១ក្រុម ៣៥នាក់
2-អាយុចាប់ពី ១៦ឆ្នាំ ដល់ ១៨ឆ្នាំ
3-យ៉ាងហោចណាស់ក៏មានទីវាលសំរាប់ហាត់
4-ផ្ញើររូបភាពក្រុម និងទីលាន

សូមបញ្ជាក់ថា ក្លិបក្រសួងការពារជាតិ នឹងធ្វើការជ្រើសរើសតែមួយទីតាំងក្នុងមួយខេត្តសម្រាប់ធ្វើការចែករំលែកបទពិសោធន៍នេះ ខណៈកម្មវិធីអាចនឹងមានការប្រែប្រួលខ្លះៗ ឬក៏រៀបចំមិនទាន់ ហេតុនេះក្លិបនឹងធ្វើការលើកទៅពេលក្រោយ ប្រសិនជាមានករណីចាំបាច់ណាមួយ៕

រូបភាព៖ Sopheaktra Phea