៩ គូ​បន្តប្រកួតក្នុង​វគ្គ​ជម្រុះ​ថ្នាក់​ខេត្ត​ប្រចាំពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០១៨ នៅ​រសៀល​ថ្ងៃ​ពុធ​នេះ

By |

កម្មវិធីប្រកួតលើកទី៣ ក្នុងវគ្គជម្រុះថ្នាក់ខេត្តប្រចាំពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៨ នឹងធ្វើឡើងនៅវេលាម៉ោង៣រសៀលថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨ ដោយមាន៩គូផ្សេងគ្នា។

photo6186115545200437268

ពានរង្វាន់នេះនឹងរៀបចំចំនួន២វគ្គដោយវគ្គទី១ ហៅថាវគ្គជម្រុះថ្នាក់ខេត្ត និងវគ្គទី២ហៅថាវគ្គជម្រុះថ្នាក់ជាតិ ដែលការប្រកួតចាប់ពីថ្ងៃទី៧ ខែមីនា រហូតដល់ថ្ងៃទី៦ខែតុលា ឆ្នាំ២០១៨។ ចំពោះវគ្គជម្រុះតាមថ្នាក់ខេត្តបែងចែក ការប្រកួតជា២វគ្គខុសគ្នាទៀតគឺវគ្គជម្រុះតាមពូលនិងជម្រុះចុងក្រោយ។ វគ្គតាមពូលមានក្រុមចំនួន២៣ខេត្តចូលរួមបូកជាមួយក្រុមគីរីវង់សុខសែនជ័យ, ស៊ីម៉ាក់, យុវជនក្រសួងការពារជាតិ និងសាលាបាល់ទាត់ជាតិបាទី ទាំងអស់២៧ក្រុមបែងចែកជា៥ពូល។ ក្រុមលេខ១ដល់លេខ៣ បូកទាំងក្រុមលេខ៤ល្អបំផុតក្នុងចំណោមពូលទាំង៥មានឈ្មោះឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ចំណែកវគ្គជម្រុះជុំចុងក្រោយ យកក្រុមទាំង១៦ចាប់គូគ្នាប្រកួតប្តូរទឹកដីគ្នា រហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ក្រុមដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (៤ក្រុមខ្លាំងជាងគេ) មានឈ្មោះឡើងទៅប្រកួតដណ្តើមជើងឯកថ្នាក់ជាតិ។

ចំណែកការប្រកួតជើងឯកថ្នាក់ជាតិវិញមានក្រុមចំនួន១២ជាសមាជិកពានរង្វាន់លីគកំពូលកម្ពុជានៅរង់ចាំបូកជាមួយក្រុមចំនួន៤ខ្លាំងជាងគេមកពីការប្រកួតជម្រុះជើងឯកថ្នាក់ខេត្ត។ ដោយចាប់ឆ្នោតរើសគួប្រកួតប្តូរទឹកដីគ្នា (ចំនួន២លើក) ក្នុងវគ្គ៨ក្រុមចុងក្រោយរហូតដល់វគ្គផ្ដាច់ព្រ័ត្រតែម្តង។យ៉ាងណាក្តីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងវគ្គផ្ដាច់ព្រ័ត្រធ្វើឡើងនៅពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ទាំងក្នុងវគ្គជម្រុះជើងឯកថ្នាក់ខេត្តនិងវគ្គជម្រុះជើងឯកថ្នាក់ជាតិក្នុងពានរង្វាន់នេះ៕