អ្នកចាត់ការទូទៅក្លិបភ្នំពេញក្រោន និយាយពីការកត្តាមួយចំនួនដែលអាចនាំអោយរីកចម្រើនបាល់ទាត់នៅកម្ពុជា

By |

នាមួយរយៈចុងក្រោយនេះ វិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ហាក់កំពុងមានការរីកចម្រើនគួរអោយកត់សម្គាល់ ខណៈកត្តានេះត្រូវបាន អ្នកចាត់ការទូទៅក្លិបភ្នំពេញក្រោន និងមានបទពិសោធក្នុងការគ្រប់គ្រងផ្នែកទីផ្សារ បានលើកឡើងពីកត្តាមួយចំនួនទៀតដែលនឹងធ្វើអោយបាល់ទាត់កម្ពុជាកាន់តែរីចម្រើន។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារពត៌មានកាលពីពេលថ្មីៗកន្លងទៅនេះ អ្នកចាត់ការទូទៅក្លិបភ្នំពេញក្រោនសញ្ជាតិជប៉ុន លោក Noriaki Ikeda រូបនេះ បានបង្ហើបពីកត្តាមួយចំនួន និងសំខាន់ៗ ត្រូវពឹងផ្អែកលើកត្តាចំបងមួយ។

«កាលពីពេលដែលខ្ញុំនៅទីនេះកាលពីឆ្នាំ២០១៤ មិនមានក្លិបច្រើនទេដែលមានអ្នកឧបត្ថម្ភ សូម្បីតែដៃគូឧបត្ថម្ភធំ និងដៃគូសហការឧបត្ថម្ភជាដើមឡើយ ឥលូវនេះខ្ញុំឃើញក្លិបជាច្រើនចាប់ផ្ដើមមានអ្នកឧបត្ថម្ភ ប៉ុន្តែមិនទាន់គ្រប់គ្រាន់នៅឡើយទេ ប៉ុន្តែបើធៀបទៅនឹងកាលពី ៣, ៤ ឆ្នាំមុន ដែលនេះបានសេចក្ដីថាជាការសហការគ្នាក្នុងការធ្វើអោយបាល់ទាត់មានការរីកចម្រើន។» សម្ដីរបស់ លោក Noriaki Ikeda។

 

22496421_1792007027493480_5552509032579944288_o

លោក Noriaki Ikeda

 

អ្នកចាត់ការដដែលរូបនេះបានបន្តថា ដើម្បីជាការទាក់ទាញអ្នកឧបត្ថម្ភ លោកបានសម្លឹងឃើញនូវវិធីសាស្ត្រមួយ ដោយបច្ចុប្បន្នក្រុមហ៊ុនដៃគូឧបត្ថម្ភហាក់ចាប់អារម្មណ៍លើការអភិវឌ្ឍន៍យុវជនថ្នាល ដូច្នេះបើសិនជាក្លិបមានកម្មវិធីអភិវឌ្ឍន៍យុវជនថ្នាល នោះគឺនឹងនាំអោយម្ចាស់ដៃគូឧបត្ថម្ភចាប់អារម្មណ៍ក្នុងការវិនិយោគជាមួយ។

លោកបានទាញឧទាហរណ៍ជាក់ស្ដែងដូចជាក្លិបភ្នំពេញក្រោន បច្ចុប្បន្នក្លិបមានកម្មវិធីអភិវឌ្ឍន៍យុវជនថ្នាល ទាំងក្រុមយុវជនអាជីព ក៏ដូចជាក្រុមយុវជនសហគមន៍ ដោយលោកសម្ដែងការជឿជាក់ថានេះជាផ្នែកមួយក្នុងការជូយអោយបាល់ទាត់កម្ពុជាមានការរីកចម្រើន។

 

20819716_1736713336356183_3588792194811742836_o

យុវជនអាយុក្រោម១៤ឆ្នាំនៃក្លិបភ្នំពេញក្រោន

 

ក្រៅពីនេះកត្តាសំខាន់មួយទៀតគឺផ្ដោតទៅលើអ្នកគាំទ្រ ក្នុងន័យចង់សំដៅទៅលើក្នុងការប្រកួតមួយបើសិនជាមានអ្នកគាំទ្រច្រើននោះក៏ជាផ្នែកនៃការនាំអោយបាល់ទាត់មានការរីកចម្រើន ចំណេញទាំងដៃគូឧបត្ថម្ភ និងចំណេញទាំងកីឡាករមានទឹកចិត្តបូករួមជាមួយឆន្ទះនៅក្នុងការប្រកួត។

«ជុំវិញជាមួយអ្នកគាំទ្រយើងត្រូវធ្វើបន្ថែមទៀត ឥលូវនេះយើងកំពុងតែធ្វើវាបានយ៉ាងល្អប្រសើរ ដោយប្រើប្រាស់តាមរយៈការបង្ហោះពត៌មាននៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាមួយការរចនារូបភាព ( Design Art Work ) ធ្វើជាវីដេអូ និងអ្វីផ្សេងៗជាច្រើនទៀត។ ខ្ញុំសង្ឃឹមថានៅឆ្នាំនេះនូវអ្វីដែលយើងបានធ្វើជាច្រើនទាំងនៅក្នុងផ្នែកទីផ្សារ នៅលើហ្វេសប៊ុកជាដើម គឺជាការជូនដំណឹងទៅដល់អ្នកគាំទ្រ ដូច្នេះខ្ញុំសង្ឃឹមថាយើងនឹងទទួលបានអ្នកគាំទ្រច្រើនមកកាន់ទីនេះ ( កីឡដ្ឋាន RSN )»។ សម្ដីបន្ថែមរបស់ លោក Noriaki Ikeda។

 

គួររំលឹកថា កាលពីល្ងាចថ្ងៃទី ០៩ ខែ មករា ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសតែងតាំងអ្នកចាត់ការទូទៅថ្មីរបស់ខ្លួនសញ្ជាតិជប៉ុនគឺ លោក Noriaki Ikeda ដែលធ្លាប់ជាអតីតអ្នកចាត់ការទូទៅនៃក្លិប Albirex Niigata Phnom Penh សមាជិកក្លិបនៃលីគកំពូលកម្ពុជារដូវកាល២០១៤ និងជាក្លិបដែលមាននៅក្នុងលីគកំពូលជប៉ុន ក៏ដូចជាលីគកំពូលសិង្ហបុរីផងដែរ តែក្រោយមកក៏ត្រូវបានរំសាយចោលវិញ។

ក្រៅតែពីបទពិសោធន៍ជោគជាំនៅក្នុងវិស័យបាល់ទាត់សម្រាប់តំបន់អាស៊ី លោក Noriaki Ikeda ក៏ធ្លាប់ធ្វើការជាអ្នកគ្រប់គ្រងផ្នែកទីផ្សារអោយសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី និងធ្លាប់ធ្វើការនៅឧស្សាហកម្មបច្ចេកវិទ្យាក្នុងសហរដ្ឋអាមេរិក និង ជប៉ុន ផងដែរ៕

 

រូបភាព៖ FB Phnom Penh Crown FC