គោលដៅ គ្រូ U-21 សិង្ហបុរី ក្នុងពានរង្វាន់ស្តេចព្រុយណេ ឆ្នាំ២០១៨ ដែលស្ថិតនៅពូលរួមជាមួយកម្ពុជា

By |

ជម្រើសជាតិកម្ពុជាអាយុក្រោម២១ឆ្នាំ ត្រូវបានចាប់ឆ្នោតស្ថិតនៅក្នុងពូល B ជាមួយ ជម្រើសជាតិឡាវ និងជម្រើសជាតិសិង្ហបុរី អាយុក្រោម២១ឆ្នាំ ក្នុងពានរង្វាន់ស្ដេចស៊ូលតង់ នៃប្រទេសព្រុយណេ នៅចុងខែមេសា ខាងមុខនេះ។

គ្រាដែលលទ្ធផលបង្ហាញថាស្ថិតនៅពូល B រួមជាមួយ កម្ពុជា និងឡាវ គ្រូបង្វឹកនៃក្រុមជម្រើសជាតិសិង្ហបុរីអាយុក្រោម២១ឆ្នាំ លោក Fandi Ahmad បានលើកឡើងពីគោលដៅរបស់ខ្លួនផងដែរ នៅក្នុងពានរង្វាន់ដែលមានឈ្មោះថា Hassanal Bolkiah Trophy 2018 នេះ។

«រាល់ការប្រកួតដែលយើងលេងនាពេលបច្ចុប្បន្ននឹងមានសារៈសំខាន់ក្នុងការរៀបចំសម្រាប់ការប្រកួតអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៩ ( SEA Games 2019 ) ហើយការប្រកួតនេះនឹងជួយខ្ញុំក្នុងការវាយតម្លៃការបង្ហាញទម្រង់លេងផ្ទាល់ខ្លួនរបស់កីឡាករមួយរូបៗ។» សម្ដីរបស់ លោក Fandi Ahmad។

 

29468731_10156271571798255_8557340287054118912_o

លោក Fandi Ahmad គ្រូបង្វឹកនៃក្រុមជម្រើសជាតិសិង្ហបុរីអាយុក្រោម២១ឆ្នាំ 

 

អតីតវីរៈបុរសបាល់ទាត់របស់សិង្ហបុរីផងដែររូបនេះក៏បានបន្តថា៖ «ក្រុមនេះខ្ញុំបានកោះហៅមកប្រកួតជាមួយ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម២៣ឆ្នាំ ក្នុងនោះមានកីឡាករ១៥នាក់ដែលអាចលេងនៅក្នុងការប្រកួតពាន U-21 នេះ ហើយខ្ញុំនឹងសម្លឹងមើលកីឡាករយុវជនបន្ថែមដែលនឹងត្រៀមប្រកួតក្នុងរដូវកាល ក្របខ័ណ្ឌលីគកំពូលសិង្ហបុរី នាបេលខាងមុខ។ យើងនឹងប្រឹងប្រែងអស់ពីលទ្ធភាព ហើយយើងនឹងទទួលបានជ័យជំនះក្នុងការពានរង្វាន់នេះ»។

 

29432460_10156267068898255_7528986354588319744_o

សមាជិក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២១ឆ្នាំ 

 

សូមរំលឹកថា ការដឹកនាំប្រកួតចុងក្រោយរបស់លោក ជាមួយក្រុមជម្រើសជាតិសិង្ហបុរីអាយុក្រោម២៣ឆ្នាំ ដែលមានកីឡាករអាយុក្រោម២១ឆ្នាំចំនួន១៥នាក់ គឺបានរងបរាជ័យក្រោមថ្វីជើង ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម២៣ឆ្នាំ ដោយលទ្ធផល ០ទល់៣ កាលពីថ្ងៃទី២១ ខែមិនា កន្លងទៅថ្មីៗនេះ។

ក្រឡេកមកពានរង្វាន់ Hassanal Bolkiah Trophy 2018 តាមគម្រោងការប្រកួតគឺគ្រោងនឹងធ្វើឡើងនៅចុងខែមេសា ឆ្នាំ២០១៨ នេះ ពោលគឺចាប់ផ្ដើមពីថ្ងៃទី ២៣ ខែ មេសា រហូតដល់ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៨ ជាមួយនឹងសមាសភាពប្រទេសចំនួន៧ចូលរួម។

ប្រទេសចំនួន៧ចូលរួម រួមមាន ( ម្ចាស់ផ្ទះ ព្រុយណេ, ទីម័រខាងកើត, មីយ៉ាន់ម៉ា, ថៃ, កម្ពុជា, សិង្ហបុរី និង ឡាវ ) ខណៈ៤ប្រទេសដែលអវត្តមានគឺ ( ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, វៀតណាម និងហ្វីលីពីន )។

 

29425391_1876610542632080_4849311982718532659_n

លទ្ធផលនៃការចាប់ឆ្នោតបែងចែកពូលទាំង២ពូល

 

គួរបញ្ជាក់ថា ពានរង្វាន់នេះ បានអាក់ខានប្រារព្ធឡើងរយៈពេល៣ឆ្នាំមកហើយ ខណៈឆ្នាំចុងក្រោយគឺនៅឆ្នាំ២០១៤ បន្ទាប់ពីបានបង្កើតឡើងដំបូងនៅឆ្នាំ២០០២ ដោយភាគច្រើនក្រុមដែលចូលរួមគឺជាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្ទាល់តែម្ដង និងសម្រាប់តែឈុតយុវជនអាយុក្រោម២១ឆ្នាំប៉ុណ្ណោះ។

ពានរង្វាន់នេះ កម្ពុជា ធ្វើបានល្អបំផុតនៅឆ្នាំ២០០៧ ដោយទទួលបានចំណាត់ថ្នាក់លេខ៣ស្ទួន ជាមួយ U-21 ម៉ាឡេស៊ី៕

 

រូបភាព៖ Football Association of Singapore / National Football Association of Brunei Darussalam – NFABD