តោះ! មកដឹងយុវជននៃសាលាជាតិបាទី ប៉ុន្មាននាក់ដែលនឹងត្រូវប្រលងសញ្ញាបត្រ បាក់ឌុប នៅឆ្នាំនេះ

By |

អស់រយៈពេលច្រើនជាង៥ឆ្នាំហើយ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្កើតអោយមានសាលាបាល់ទាត់ជាតិ ដើម្បីបណ្ដុះបណ្ដាលកីឡាករត្រៀមខ្លួនប្រកួតពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ខាងមុខ។

មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី មានការបណ្ដុះថ្នាលយុវជនទាំងអស់ចំនួន២ឈុត ក្នុងនោះរួមមាន ឈុតយុវជនអាយុក្រោម១៥ឆ្នាំ ( U-15 ) និងឈុតយុវជនអាយុក្រោម១៨ឆ្នាំ ( U-18 ) ដែលស្មើនឹងកីឡាករទាំងអស់ចំនួន៤៥នាក់ ( គិតត្រឹមឆ្នាំ២០១៧ )។

 

WAF-FFC-Academy-2017

យុវជនអាយុក្រោម១៥ឆ្នាំ ហ្វឹកហាត់នៅសាលាបាល់ទាត់ជាតិបាទី ( រូបភាព៖ ឆ្នាំ២០១៧ )

 

ជាមួយនឹងការរស់នៅក្នុងមជ្ឈមណ្ឌល ឬក៏ហៅថាជាសាលាបាល់ទាត់ ដែលមានទីតាំងនៅក្នុង ស្រុកបាទី ខេត្តតាកែវ នេះយុវជនទាំងអស់សុទ្ធតែទទួលបានការបំពាក់បំប៉ន ទាំងការហ្វឹកហាត់ជាលក្ខណៈអាជីព ការហូបចុកដ៏ត្រឹមត្រូវ ហើយនឹងការសិក្សាផងដែរ។

ដោយឡែកក្រៅតែពីការហ្វឹកហាត់ដែលមានលក្ខណៈអាជីព យុវជនទាំងអស់ក៏ត្រូវតែទទួលបានការសិក្សាថ្នាក់មូលដ្ឋានផងដែរ ទាំងចំណេះដឹងទូទៅភាសាខ្មែរ, ភាសាអង់គ្លេស និងកុំព្យូទ័រ ខណៈឆ្នាំ២០១៨នេះ មានយុវជនចំនួន៩រូប នឹងត្រូវត្រៀមប្រលងយកសញ្ញាបត្រមធ្យសិក្សាទុតិយភូមិ ( បាក់ឌុប ) បានសេចក្ដីថាកំពុងសិក្សាថ្នាក់ទី១២។

យោងតាមសៀវភៅរបាយការណ៍សកម្មភាពការងាររបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក ) បានបញ្ជាក់ថាមានយុវជនចំនួន៩រូប បានប្រឡងជាប់ថ្នាក់ទី១១ ក្នុងឆ្នាំសិក្សា ២០១៦-២០១៧ និងកំពុងសិក្សាថ្នាក់ទី១២ ដែលជាឆ្នាំបញ្ចប់នៃការសិក្សា កម្រិតមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា ២០១៧-២០១៨។

យុវជនទាំង៩រូបនោះរួមមាន៖ លន ថេន, អាត អូនតូច, សឿត ណាវ៉ា, ហ៊ុល គឹមហ៊ុយ, ទៀត គឹមហេង, ផាច សុជាវិឡា, សៀន សុភក្ត្រា, ទេស សម្បត្តិ  និង រ័ត្ន ប៊ុននូ។

 

WAF-CAM-U-16-2016

 

សូមបញ្ជាក់ថា តាមគម្រោងបឋមរបស់ក្រសួងអប់រំ យុវជន និងកីឡា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុទិយភូមិ ឆ្នាំសិក្សា ២០១៧-២០១៨ គឺគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨។

គួររំលឹកថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហការជាមួយស្ថាប័នពាក់ព័ន្ធដូចជាក្រសួងអប់រំ យុវជន និងកីឡា រួមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដៃគូឧបត្ថម្ភនានា រួមគ្នាបង្កើតសាលាបាល់ទាត់ជាតិ ដើម្បីបណ្ដុះបណ្ដាលកីឡាករត្រៀមខ្លួនប្រកួតពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលទំនុកបម្រុងដល់កីឡាករទាំងអស់ ទាំងការស្នាក់នៅ ហូបចុក សិក្សា ព្យាបាល ហ្វឹកហាត់ ព្រមទាំងផ្ដល់ជាសម្ភារៈហ្វឹកហាត់ និងសំលៀកបំពាក់កីឡា ដល់កីឡាករទាំងអស់ដែលស្នាក់នៅក្នុងសាលាបាល់ទាត់ជាតិនេះផងដែរ៕