ពានរង្វាន់ AFF Futsal Club Championship លើកទៅប្រកួតខែកក្កដា និងមានក្រុមតែ៧ចូលរួមប្រកួត បូកទាំង សសយក.កំចាយមារ របស់កម្ពុជា

By |

ការប្រកួតពានរង្វាន់ជើងឯកក្លិបបាល់ទាត់ក្នុងសាលប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Futsal Club Championship 2018 ដែលនឹងធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី នឹងត្រូវលើកការប្រកួតទៅធ្វើនៅខែកក្កដាវិញ និងមានក្រុមតែ៧ចូលរួមប្រកួត។

ដើមឡើងគម្រោងនៃការប្រកួតគឺគ្រោងនឹងធ្វើឡើងនៅខែឧសភា ខែក្រោយនេះ ប៉ុន្តែដោយសារតែលីគបាល់ទាត់ក្នុងសាលឥណ្ឌូនេស៊ី នឹងបញ្ចប់ការប្រកួតនៅក្នុងខែឧសភា ដូច្នេះហើយទើបបានជាសហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី ស្នើរលើកការប្រកួតទៅខែកក្កដា នេះបើយោងតាមការចេញផ្សាយដោយសារពត៌មានរបស់ប្រទេសដែលទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនេះ។

 

66920180322162229727

ការប្រកួត AFF Futsal Club Championship 2018 កាលពីឆ្នាំ២០១៧ កន្លងទៅ

 

សម្រាប់គម្រោងលើកទៅប្រកួតនៅខែកក្កដា គឺគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៥ រហូតដល់ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០១៨ នាទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។

មានក្លិបបាល់ទាត់ ដែលជាក្រុមតំណាងអោយប្រទេសតែ៧ប៉ុណ្ណោះដែលចូលរួមនៅក្នុងពានរង្វាន់នេះ ពោលគឺរួមមាន ម្ចាស់ផ្ទះឥណ្ឌូនេស៊ី, ថៃ, វៀតណាម, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ព្រុយណេ និង កម្ពុជា ខណៈប្រទេសក្នុងតំបន់ចំនួន៥ផ្សេងទៀត បូករួមជាមួយអូស្ត្រាលី សម្រេចមិនចូលរួមប្រកួតក្នុងពានរង្វាន់នេះ។

 

សមាសភាពក្រុមទាំង៧ ដែលតំណាងអោយប្រទេសរៀងៗខ្លួនរួមមាន៖

  • ឥណ្ឌូនេស៊ី : រង់ចាំក្រុមជើងឯករងលីគបាល់ទាត់ក្នុងសាល ( Indonesia Pro Futsal League 2018 )
  • ថៃ : Bangkok BTS
  • វៀតណាម : Sanatech Khanh Hoa
  • កម្ពុជា : សសយក កំចាយមារ
  • ម៉ាឡេស៊ី : Melaka United
  • មីយ៉ាន់ម៉ា : MIC FC
  • ព្រុយណេ : Arbisyam FC

 

ទាំង៧ក្រុមនេះ នឹងត្រូវបែងចែកចេញជា២ពូល ក្នុងនោះ ១ពូលមាន៣ក្រុម និង១ពូលទៀតមាន៤ក្រុម ធ្វើការប្រកួតវិលជុំសន្សំពិន្ទុ ២ក្រុមដែលមានពិន្ទុលើគេនឹងត្រូវប្រកយតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុននឹងប្រជែងគ្នាដណ្ដើមជើងឯក។

ចំពោះកាលបរិច្ឆេទនៃការចាប់ឆ្នោតបែងចែកពូល នៅពុំទាន់ត្រូវបានបង្ហាញអោយដឹងនៅឡើយទេ។

បញ្ចាក់ថា ពានរង្វាន់មួយនេះធ្វើឡើងជាឆ្នាំទី៤ហើយ  ក្រោយត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៥ ខណៈ Thai Port FC របស់ថៃ គឺជាក្រុមជោគជ័យជាងគេ ដោយគ្រងជើងឯក ៣ឆ្នាំ ជាប់ៗគ្នា៕

 

រូបភាព៖ bolalob