ឃួន ឡាបូរ៉ាវី ត្រលប់មកមាតុប្រទេសវិញនៅថ្ងៃនេះ ក្រោយធ្វើតេស្តជាមួយ Ratchaburi Mitr Phol រួចមក

By |

 ខ្សែប្រយុទ្ធរបស់ក្លិបបឹងកេត កីឡាករ ឃួន ឡាបូរ៉ាវី គ្រោងនឹងធ្វើដំណើរត្រលប់មកវិញហើយនៅថ្ងៃនេះ បន្ទាប់ពីបានបញ្ចប់ការធ្វើតេស្តជាមួយក្លិបនៅលីគកំពូលថៃ Ratchaburi Mitr Phol FC សមាជិកពានរង្វាន់លីគកំពូលប្រទេសថៃ មួយរយៈពេលខ្លីរួចមក។

ឆ្លើយឆ្លងពីប្រទេសថៃមុនមកប្រទេសកំណើតវិញ ឃួន ឡាបូរ៉ាវី បានបង្ហើបថាខ្លួននឹងត្រលប់មកមាតុប្រទេសវិញនៅថ្ងៃនេះ ដោយសារតែក្លិប Ratchaburi Mitr Phol ត្រូវធ្វើដំណើរទៅប្រកួតនៅក្នុងខេត្ត Ubon Ratchathani ជាមួយក្រុមម្ចាស់ផ្ទះ Ubon UMT United សម្រាប់ជំនួបសប្ដាហ៍ទី៩នៃលីគកំពូលថៃ។

 

29982822_1833751283331174_1688989248975640445_o

ឃួន ឡាបូរ៉ាវី ក្នុងការបង្ហាញខ្លួនអោយ Ratchaburi Mitr Phol ជំនួបមិត្តភាពទល់នឹង Nakhonpathom United

 

ជុំវិញដំណឹងនៃការចរចាររវាងក្លិបជាមួយរូបខ្លួន កីឡាករវ័យ២៩ឆ្នាំដែលជាខ្សែប្រយុទ្ធជួរមុខនៃក្រុមជម្រើសជាតិកម្ពុជារូបនេះ បានបង្ហើបថានៅរង់ចាំការសម្រេចពីខាងក្លិបប្រទេសថៃមួយនេះសិន ខណៈដំណឹងនឹងត្រូវផ្ដល់អោយតាមរយៈភ្នាក់ងារដោះដូរកីឡាកររបស់ខ្លួន។

គួររំលឹកថានៅក្នុងការធ្វើតេស្តជាមួយក្លិប Ratchaburi Mitr Phol កាលពីថ្ងៃទី ៣ មិនា កីឡាករ ឃួន ឡាបូរ៉ាវី បានបង្ហាញខ្លួនធ្វើតេស្តនៅវគ្គទី១ និងវគ្គទី២ ដោយសរុបមានចំនូនរយៈពេល៣០នាទី។

 

រូបភាព៖ Ratchaburi Mitr Phol FC