លីគកំពូលកម្ពុជា៖ តើ វិសាខា ឬក៏ អាសុីអុឺរ៉ុប យូណាយធីត ដែលអាចទទួលបាន ៣ពិន្ទុបន្ថែមនាល្ងាចនេះ? ( ស្ថិតិប្រកួត )

By |

នៅល្ងាចថ្ងៃ សៅរ៍ ទី ០៧រោច ខែ ចេត្រ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៧ ខែ មេសា គ.ស ២០១៧ នេះក្លិបបាល់ទាត់វិសាខា និងទទួលស្វាគមន៍ក្លិបបាល់អាសុីអុឺរ៉ុប យូណាយធីត ក្នុងជំនួបការប្រកួតសប្តាហ៍ទី៤ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៨ នាវេលាម៉ោង ០៦:៣០ នាទី នៅលើវាលស្មៅនៃពហុកីឡដ្ឋានជាតិ ដែលជាទឹកដីបណ្ដោះអាសន្នរបស់ក្រុមវិសាខា។ រង់ចាំមើលថាតើ វិសាខា ឬក៏ អាសុីអុឺរ៉ុប ដែលទទួលបាន ៣ពិន្ទុនាល្ងាចនេះ?

*ពត៌មានអំពីក្រុមវិសាខា៖

វិសាខា បន្តធ្វើបានយ៉ាងល្អទៀតកាលពីសប្តាហ៍ទី៣របស់ខ្លួននៅក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨នេះ ដោយមិនទាន់ស្គាល់ពាក្យថាបរាជ័យនៅឡើយទេ ក្រោយពីបានត្រឹមស្មើគ្នាជាមួយក្រុមខ្លាំង ភ្នំពេញក្រោន ០ទល់០ បន្ទាប់ពីយកឈ្នះលើក្រុមអង្គរថាយហ្គឺរ ២ទល់០ និង អគ្គិសនីកម្ពុជា ៤ទល់០ ដោយពេលនេះកំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៣ ក្រោយប្រកួត ៣លើក ក្នុងនោះឈ្នះ ២លើក និងស្មើ ១លើក មិនដែលចាញ់នោះទេ ដោយមាន ៦ពិន្ទុស្មើគ្នាជាមួយ ភ្នំពេញក្រោន និងណាហ្គាវើល គិតត្រឹមសប្តាហ៍ទី៤នេះ។

*កីឡាករដែលគួរអោយចាប់អារម្មណ៍៖

កីឡាករ Choe Myong Ho ជាកីឡាករម្នាក់ដែលមានភាពលេងធ្លោ និងគ្រោះថ្នាក់ជាងគេនៅតំបន់ប្រយុទ្ធដែលតែងតែជួយអោយក្រុមមានគ្រាប់បាល់ ដោយគិតត្រឹមសប្តាហ៍ទី៤នេះ កីឡាករសញ្ជាតិកូរ៉េខាងជើងរូបនេះ បានទាត់បាល់បញ្ចូលទីបានចំនួន ៣គ្រាប់មកហើយឲ្យក្រុមថ្មីរបស់ខ្លួន។

MCL2018_ATFC_VS_VSK_3879

*៥ប្រកួតចុងក្រោយរបស់វិសាខា

៥ ប្រកួតចុងក្រោយនៅក្នុងការប្រកួតលីគកំពូលកម្ពុជា និងមិត្តភាពកម្ដៅសាច់ដុំរបស់វិសាខាគឺមិនដែលចាញ់ ពោលឈ្នះ ៤លើក ស្មើ ១លើក។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់វិសាខា៖

– ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ ព្រះខ័នរាជស្វាយរៀង ១-៥ វិសាខា ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ វេស្ទើនភ្នំពេញ ២-៣ វិសាខា ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៨៖ វិសាខា ៤-០ អគ្គិសនីកម្ពុជា ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៨៖ អង្គរថាយហ្គឺរ ០-២ វិសាខា ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៨៖ វិសាខា ០-០ ភ្នំពេញក្រោន ( លីគកំពូលកម្ពុជា )

 

*ព័តមានអំពីក្រុមអាសុីអឺរ៉ុបយូណាយធីត៖

អាសុីអឺរ៉ុបយូណាយធីត បានបន្តបាត់បង់ ៣ពិន្ទុនៅទឹកដីរបស់ខ្លួនកាលពីសប្តាហ៍ទី៣កន្លងទៅ ក្រោយចាញ់ ក្រសួងការពារជាតិ ១ទល់២ ដោយនេះជាបរាជ័យក្នុងផ្ទះរបស់ខ្លួនលើកទី២ហើយ បន្ទាប់បានចាញ់ បឹងកេត ៣ទល់៤ កាលពីសប្តាហ៍ទី១ ប៉ុន្ដែសម្រាប់ការប្រកួតនៅក្រៅផ្ទះ ក្រុមដែលដឹកនាំដោយលោក សុក វាសនា បានជោគជ័យនឹងទទួលបាន ៣ពិន្ទុផងដែរ។ គិតត្រឹមសប្តាហ៍ទី៤នេះ ក្រុមតំណាងឲ្យសាកលវិទ្យាល័យអាសុីអុឺរ៉ុប ស្ថិតនៅចំណាត់ថ្នាក់លេខ ៩ ដោយបានធ្វើការប្រកួតចំនួន ៣លើកក្នុងនោះឈ្នះ ១លើក និងចាញ់ ២លើក មិនដែលស្មើរនៅឡើយទេ ដោយមាន ៣ពិន្ទុនៅក្នុងដៃ។

*កីឡាករដែលគួរអោយចាប់អារម្មណ៍៖

កីឡាករ Mbarga Privat ដែលត្រូវបានគេរំពឹងថាជាកីឡាករដ៏លេចធ្លោមួយរូបសម្រាប់ការប្រកួតនេះ និងគ្រោះថ្នាក់នៅតំបន់ប្រយុទ្ធរបស់ក្រុមក្នុងការស្វែងរកគ្រាប់បាល់បាន ៣សប្តាហ៍ជាប់គ្នា។ កីឡាករចំណូលថ្មី ធ្វើបានយ៉ាងល្អដោយរូបគេ រកបាន ៤គ្រាប់ហើយ ពោលគឺបានទាត់បាល់បញ្ចូលទី ១គ្រាប់ដែលជាគ្រាប់បាល់ជ័យជម្នះកាលពីសប្តាហ៍ទី២ ក្រោយពីម្ចាស់អាវលេខ៩ រូបនេះបានទាត់បាល់បញ្ចូលទីចំនួន ២គ្រាប់ជូនក្លិបថ្មីរបស់ខ្លួនផងដែរនៅក្នុងប្រកួតចាញ់ក្រុម បឹងកេត ៣ទល់៤ កាលពីសប្តាហ៍១។

WAF-AUE-BKFC-12

*៥ប្រកួតចុងក្រោយរបស់អាស៊ីអឺរ៉ុបយូណាយធីត៖

៥ ប្រកួតចុងក្រោយនៅក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំ និងលីគកំពូលកម្ពុជារបស់អាសុីអឺរ៉ុបយូណាយធីតគឺ ឈ្នះ ម្ដង ស្មើ ម្ដង និងចាញ់ ៣ ដង។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់អាសុីអឺរ៉ុបយូណាយធីត៖

– ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ ភ្នំពេញក្រោន ៦-៣ អាសុីអុឺរ៉ុបយូណាយធីត ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ ព្រះខ័នរាជស្វាយរៀង ២-២ អាសុីអុឺរ៉ុបយូណាយធីត ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៨៖ អាសុីអុឺរ៉ុប យូណាយធីត ៣-៤ បឹងកេតអេហ្វសុី ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៨៖ សូលទីឡូអង្គរ ១-២ អាសុីអុឺរ៉ុប យូណាយធីត ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៨៖ អាសុីអុឺរ៉ុប យូណាយធីត ១-២ ក្រសួងការពារជាតិ ( លីគកំពូលកម្ពុជា )

 

*ប្រវត្តិជួបគ្នារវាង វិសាខា និងអាសុីអុឺរ៉ុប យូណាយធីត៖

ក្រុមទាំង២ មិនដែលមានប្រវត្តិជួបគ្នានោះទេនៅក្នុងលីគកំពូលកម្ពុជា ដោយសារតែក្រុម វិសាខា គឺជាក្រុមចំណូលថ្មីទើបឡើងមកលេងនៅលីគកំពូលកម្ពុជានារដូវកាលនេះ៕