លីគកំពូលកម្ពុជា៖ បឹងកេតអេហ្វសុី ត្រូវការឈ្នះសិស្សប្អូន សូលទីឡូអង្គរ ជាចាំបាច់ដើម្បីរក្សាតំណែងកំពូលតារាងរបស់ខ្លួន ( ស្ថិតិប្រកួត )

By |

នៅរសៀលថ្ងៃ សៅរ៍ ទី ០៧រោច ខែ ចេត្រ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៧ ខែ មេសា គ.ស ២០១៧ នេះក្លិបបាល់ទាត់សូលទីឡូអង្គរ និងទទួលស្វាគមន៍ក្លិបបាល់បឹងកេតអេហ្វសុី ក្នុងជំនួបការប្រកួតសប្តាហ៍ទី៤ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៨ នាវេលាម៉ោង ០៣:៣០ នាទី នៅលើវាលស្មៅនៃពហុកីឡដ្ឋានជាតិ ដែលជាទឹកដីបណ្ដោះអាសន្នរបស់ក្រុមសូលទីឡូអង្គរ។ រង់ចាំមើលថាតើ សូលទីឡូអង្គរ ឬក៏ បឹងកេត ដែលទទួលបាន ៣ពិន្ទុនារសៀលនេះ?

*ព័តមានអំពីក្រុមសូលទីឡូអង្គរ៖

សូលទីឡូអង្គរ បានស្គាល់ ៣ពិន្ទុដំបូងរបស់ខ្លួននៅលីគកំពូលកម្ពុជារដូវកាលនេះ បន្ទាប់ពីបានយកឈ្នះលើ វេស្ទើនភ្នំពេញ ៤ទល់១ កាលពីសប្តាហ៍ទី៣កន្លងទៅ បន្ទាប់ពីបានបរាជ័យ ២លើក ដោយបានចាញ់ភ្ញៀវ អាសុីអុឺរ៉ុប យូណាយធីត ១ទល់២ និងម្ចាស់ផ្ទះ ភ្នំពេញក្រោន ដោយលទ្ធផល ០ទល់១ កាលពីថ្ងៃទី ០៣ ខែ មីនា គិតត្រឹមសប្តាហ៍ទី ៤នេះ ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៨ ក្រោយចាញ់ ២លើក និងឈ្នះ ១លើក មិនដែលស្មើនោះទេ នៅក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨នេះ។

*កីឡាករដែលគួរអោយចាប់អារម្មណ៍៖

កីឡាករ Dzarma Bata ដែលត្រូវបានគេរំពឹងថាជាកីឡាករដ៏លេចធ្លោមួយរូបសម្រាប់ការប្រកួតនេះ និងគ្រោះថ្នាក់នៅតំបន់ប្រយុទ្ធរបស់ក្រុម ដោយកាលពីសប្តាហ៍មុន កីឡាកររូបនេះ រកបាន ១គ្រាប់ផងដែរក្នុងជំនួបឈ្នះ វេស្ទើនភ្នំពេញ ៤ទល់១ ផងដែរ។ អតីតសមាជិកអាសុីអុឺរ៉ុប រូបនេះ ជាកីឡាករម្នាក់លេចធ្លោជាងគេនារដូវកាលចាស់ដោយតែងតែស្វែងរកគ្រាប់ជូនអតីតក្រុមរបស់ខ្លួនជារឿយៗ ដោយស្ថិតនៅក្នុងតារាងទាំង១០ អ្នកទាត់បញ្ចូលទីច្រើនជាងគេនារដូវកាល២០១៧ផងដែរ។

MCL2018_WPP_VS_STL_4834

*៥ប្រកួតចុងក្រោយរបស់ក្រុមសូលទីឡូអង្គរ៖

៥ ប្រកួតចុងក្រោយនៅក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំ និងលីគកំពូលកម្ពុជារបស់សូលទីឡូអង្គរគឺមិនដែលស្មើនោះទេ ពោលឈ្នះ ៣លើក ចាញ់ ២លើក ។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់សូលទីឡូអង្គរ៖

– ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ អគ្គិសនីកម្ពុជា ១-២ សូលទីឡូអង្គរ ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ ព្រះខ័នរាជស្វាយរៀង ២-៣ សូលទីឡូអង្គរ ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៨៖ ភ្នំពេញក្រោន ១-០ សូលទីឡូអង្គរ ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៨៖ សូលទីឡូអង្គរ ១-២ អាសុីអុឺរ៉ុប យូណាយធីត ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៨៖ វេស្ទើនភ្នំពេញ ១-៤ សូលទីឡូអង្គរ ( លីគកំពូលកម្ពុជា )

 

*ព័តមានអំពីក្លិបបាល់ទាត់បឹងកេត៖

បឹងកេតអេហ្វសុី ធ្វើបានយ៉ាងល្អនៅក្នុងការប្រកួតនៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨នេះ ដោយមិនទាន់ពាក្យថាបរាជ័យម្ដងឡើយ ក្រោយ ៣ប្រកួតកន្លងមក ពោលសុទ្ធតែ ឈ្នះទាំង ៣ប្រកួត កំពុងតែឈរនៅតំណែងកំពូលតារាង ដោយមាន ៩ពិន្ទុក្នុងដៃ នេះគិតត្រឹមសប្តាហ៍ទី៤។ ក្រោមការដឹកនាំដោយលោក ហៅ សុជាតិ ក្រុមជើងឯកឆ្នាំចាស់ហាក់ធ្វើបានល្អមែនទែននៅលីគក្នុងស្រុក ប៉ុន្ដែសម្រាប់ពានរង្វាន់ AFC Cup 2018នេះវិញ បឹងកេត ហាក់យ៉ាប់យឺនណាស់ ដោយរបូតគ្រាប់បាល់ ១៥គ្រាប់ក្នុងជំនួបប្រកួតក្រៅផ្ទះ ខណៈទើបតែរកបាន ៣ពិន្ទុប៉ុណ្ណោះនៅក្នុងពូល F របស់ខ្លួន។

*កីឡាករដែលគួរឲ្យចាប់អារម្មណ៍៖

កីឡាករចំណូលថ្មី Julius Oiboh ដែលត្រូវបានគេរំពឹងថាជាកីឡាករដ៏លេចធ្លោមួយរូបសម្រាប់ការប្រកួតនេះ ក្រោយពីរូបគេ រកបាន ៣គ្រាប់ម្នាក់ឯង ( Hat trick ) ក្នុងការប្រកួតឈ្នះ អាសុីអុឺរ៉ុប យូណាយធីត ៤ទល់៣ ក្នុងជំនួបសប្តាហ៍ទី១ និងរកបាន ១គ្រាប់បន្ថែមទៀតកាលពីជំនួបសប្តាហ៍ទី២កន្លងមក។ កីឡាករសញ្ញាតិនីហ៉េ្សរីយ៉ារូបនេះ គឺជាកីឡាករគ្រោះថ្នាក់សម្រាប់តំបន់ប្រយុទ្ធរបស់ក្រុមបឹងកេតក្នុងការស្វែងរកគ្រាប់បាល់ដែលអាចជាក្ដីកង្វល់ផងដែរសម្រាប់គូរប្រកួត និងជាកីឡាករទាត់ចូលទីច្រើនជាងគេ ពោលគឺ ៥គ្រាប់ហើយគិតត្រឹមសប្តាហ៍ទី៤នេះ។

WAF-AUE-BKFC-5

*៥ ប្រកួតចុងក្រោយរបស់ក្លិបបាល់ទាត់បឹងកេតអេហ្វសុី៖

៥ ប្រកួតចុងក្រោយនៅក្នុងពានរង្វាន់ AFC Cup 2018 និងលីគកំពូលកម្ពុជារដូវកាល២០១៨ គឺឈ្នះ ៤លើក និងចាញ់ ១លើក មិនដែលស្មើរ។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់បឹងកេត៖

– ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៨៖ អាសុីអុឺរ៉ុប យូណាយធីត ៣-៤ បឹងកេតអេហ្វសុី ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៨៖ បឹងកេតអេហ្វសុី ៣-២ Home United ( សឹង្ហបុរី ) ( AFC Cup 2018 )

– ថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៨៖ វេស្ទើនភ្នំពេញ ១-៣ បឹងកេតអេហ្វសុី ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៨ ពូលF៖ Home United ( សឹង្ហបុរី ) ៦-០ បឹងកេតអេហ្វសុី ( AFC Cup 2018 )

– ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៨៖ បឹងកេតអេហ្វសុី ៥-១ អគ្គស្នងការដ្ឋាននគរបាលជាតិ ( លីគកំពូលកម្ពុជា )

 

*ប្រវត្តិជួបគ្នារវាង សូលទីឡូអង្គរ និង បឹងកេតអេហ្វសុី៖

ក្រុមទាំង២ មិនដែលមានប្រវត្តិជួបគ្នានោះទេនៅក្នុងលីគកំពូលកម្ពុជា ដោយសារតែក្រុម សូលទីឡូអង្គរ គឺជាក្រុមចំណូលថ្មីទើបឡើងមកលេងនៅលីគកំពូលកម្ពុជានារដូវកាលនេះ៕