លីគកំពូលកម្ពុជា៖ អគ្គិសនីកម្ពុជា ត្រូវការឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ ជាចាំបាច់ដើម្បីស្គាល់រសជាតិ ៣ពិន្ទុលើកដំបូង ( ស្ថិតិប្រកួត )

By |

នៅរសៀលថ្ងៃ អាទិត្យ ទី ០៨រោច ខែ ចេត្រ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៨ ខែ មេសា គ.ស ២០១៧ នេះក្លិបបាល់ទាត់អគ្គីសនីកម្ពុជា និងទទួលស្វាគមន៍ក្លិបបាល់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងជំនួបប្រចាំការប្រកួតសប្តាហ៍ទី៤ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៨ នាវេលាម៉ោង ០៣:០០ នាទី នៅលើវាលស្មៅនៃកីឡដ្ឋានអគ្គីសនី ដែលជាទឹកដីផ្ទាល់របស់ក្រុមអគ្គីសនីកម្ពុជា។ រង់ចាំមើលថាតើ អគ្គីសនីកម្ពុជា ឬក៏ ប៉ូលីស ដែលទទួលបាន ៣ពិន្ទុនាល្ងាចនេះ?

*ពត៌មានអំពីក្រុមអគ្គិសនីកម្ពុជា៖

អគ្គិសនីកម្ពុជា ចាប់ផ្ដើមរដូវកាលថ្មីរបស់ខ្លួនហាក់ដូចមិនបានល្អទាល់តែសោះដោយចាញ់ ៣សប្តាហ៍ជាប់គ្នា ពោលបរាជ័យក្រោមថ្វីជើងរបស់ក្រុមចំណូលថ្មី វិសាខា ក្នុងលទ្ធផល ០ទល់៤ ណាហ្គាវើល ១ទល់៥ និងចុងក្រោយចាញ់ ព្រះខ័នរាជស្វាយរៀង ១ទល់៥ ទៀតធ្វើឲ្យក្រុមធ្លាក់ទៅកាន់ចំណាត់ថ្នាក់លេខ ១២ បាតតារាងនៃពានរង្វាន់លីគកំពូលកម្ពុជា ដោយទាន់មានពិន្ទុរាប់នៅឡើយទេ។ ក្រុមដែលដឹកនាំដោយលោក ប្រាក់ វុទ្ធី ជាក្រុមមួយដែលមិនប្រើប្រាស់សមាភាពកីឡាករបរទេសដើម្បីមកជួយក្រុមនោះទេ ពោលគឺប្រើប្រាស់កីឡាករខ្មែរសុទ្ធសម្រាប់ចូលរួមប្រកួតនៅលីគកំពូលកម្ពុជា។

*កីឡាករដែលគួរឲ្យចាប់អារម្មណ៍៖

កីឡាករ ម៉ាត់ នូរុណ ដែលត្រូវបានគេរំពឹងថាជាកីឡាករដ៏លេចធ្លោមួយរូបសម្រាប់ការប្រកួតនេះ និងគ្រោះថ្នាក់នៅតំបន់ប្រយុទ្ធរបស់ក្រុមអគ្គិសនីកម្ពុជា ជាមួយបទពិសោធន៍ និងទេពកោសល្យក្នុងការសម្រេចទីយ៉ាងល្អ ពោលគឺរកបាន ២គ្រាប់ហើយនារដូវកាលថ្មីនេះ។ កីឡាករវ័យក្មេងរូបនេះ ក៏ត្រូវបានគ្រូបង្វឹករបស់ខ្លួនសរសើរអំពីទេពកោសល្យ និងចាត់ទុកជាកីឡាករល្អមួយរូបនៅក្នុងក្រុមផងដែរ។

WAF-EDC-Vs-NWFC-9

*៥ ប្រកួតចុងក្រោយរបស់ក្រុមអគ្គិសនីកម្ពុជា

៥ ប្រកួតចុងក្រោយនៅក្នុងការប្រកួតលីគកំពូលកម្ពុជា និងមិត្តភាពកម្ដៅសាច់ដុំក្រៅផ្លូវការរបស់អគ្គិសនីកម្ពុជាគឺចាញ់ទាំង ៥លើក និងមិនដែលឈ្នះ ឬស្មើនោះទេ ។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា៖

– ថ្ងៃទី ០១ ខែ កុម្ភះ ឆ្នាំ ២០១៨៖ អគ្គិសនីកម្ពុជា ៣-៥ អាសុីអុឺរ៉ុប យូណាយធីត ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ១៤ ខែ កុម្ភះ ឆ្នាំ ២០១៨៖ អគ្គិសនីកម្ពុជា ១-២ អង្គរថាយហ្គឺរ ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៨៖ វិសាខា ៤-០ អគ្គិសនីកម្ពុជា ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៨៖ អគ្គិសនីកម្ពុជា ១-៥ ណាហ្គាវើល ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៨៖ ព្រះខ័នរាជស្វាយរៀង ៥-១ អគ្គិសនីកម្ពុជា ( លីគកំពូលកម្ពុជា )

 

*ពត៌មានអំពីក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ៖

អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ផ្ដើមរដូវកាលថ្មីរបស់ខ្លួនបានយ៉ាងល្អដោយបានបំបាក់ក្រុមវេស្ទើនភ្នំពេញ យ៉ាងចាស់ដៃ ៦ទល់០ កាលពីសប្តាហ៍ទី១ និងបន្តស្មើជាមួយក្រុមខ្លាំង ព្រះខ័នរាជស្វាយរៀង ប៉ុន្ដែបានចាញ់ក្រោមស្នាដៃក្រុម បឹងកេត ១ទល់៥ កាលពីសប្តាហ៍ទី៣ កន្លងទៅ។ ដោយគិតត្រឹមសប្តាហ៍ទី៤នេះ ក្រុមប៉ូលីស កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៧ ពោលគឺឈ្នះ ស្មើ និងចាញ់ សុទ្ធតែ ១លើកដូចគ្នា ដោយមាន ៤ពិន្ទុនៅក្នុងដៃ បើទោះបីជាការត្រៀមខ្លួនធ្វើការប្រកួតមិត្តភាពនានាហាក់មានសភាពស្ងប់ស្ងាត់ជាក្រុមដទៃក៏ដោយ។

*កីឡាករដែលគួរឲ្យចាប់អារម្មណ៍៖

កីឡាករ No Dae Ho ដែលត្រូវបានគេរំពឹងថាជាកីឡាករដ៏លេចធ្លោ និងគ្រោះថ្នាក់មួយរូបនៅតំបន់ប្រយុទ្ធរបស់ក្រុមប៉ូលីសសម្រាប់ការប្រកួតនេះ ដោយកីឡាករសញ្ជាតិកូរ៉េខាងត្បូងរូបនេះ បានទាត់បាល់បញ្ចូលទីចំនួន ២គ្រាប់ក្នុងជ័យជម្នះលើ វេស្ទើនភ្នំពេញ ៦ទល់០ ពោលគិតត្រឹមសប្តាហ៍ទី៤ នេះ រូបនេះ រកបានចំនួន ៣គ្រាប់ហើយកំពុងតែប្រដេញជាមួយកីឡាករ Julius Oiboh ក្នុងតំណែងអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅរដូវកាល២០១៨នេះ។

MCL2018_GCNP_VS_WPP_1907

*៥ ប្រកួតចុងក្រោយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ៖

៥ ប្រកួតចុងក្រោយនៅក្នុងលីគកំពូលកម្ពុជា និងការប្រកួតមិត្តភាពកម្ដៅសាច់ដុំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិគឺចាញ់ ២ ដង ឈ្នះ ២ ដងនិងស្មើ ១ដង។ ខាងក្រោមជាទិន្នន័យនៃការប្រកួតរបស់ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ៖

– ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ ព្រះខ័នរាជស្វាយរៀង ៤-៣ អគ្គស្នងការដ្ឋាននគរបាលជាតិ ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៨៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ១-២ អង្គរថាយហ្គឺរ ( ប្រកួតមិត្តភាពកម្ដៅសាច់ដុំ )

– ថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៨៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ៦-០ វេស្ទើនភ្នំពេញ ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៨៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ០-០ ព្រះខ័នរាជស្វាយរៀង ( លីគកំពូលកម្ពុជា )

– ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៨៖ បឹងកេតអេហ្វសុី ៥-១ អគ្គស្នងការដ្ឋាននគរបាលជាតិ ( លីគកំពូលកម្ពុជា )

 

*ប្រវត្តិជួបគ្នាចុងក្រោយរវាង អគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយ អគ្គិសនីកម្ពុជា

ក្រុមទាំងពីរនេះធ្លាប់ជួបគ្នាបានតែ ២លើកប៉ុណ្ណោះ ដោយសារតែក្រុមអគ្គិសនីកម្ពុជាជាក្រុមដែលទើនតែឡើងមកលេងនៅពានរង្វាន់លីគកំពូលកម្ពុជារដូវកាលមុន២០១៧។ ខាងក្រោមនេះជាទិន្និន័យរបស់ក្រុមទាំង២៖

– រដូវកាល ២០១៧ ថ្ងៃទី ២៦ ខែ កុម្ភៈ ជើងទី១៖ អគ្គិសនីកម្ពុជា ០-០ អគ្គស្នងការដ្ឋាននគរបាលជាតិ

– រដូវកាល ២០១៧ ថ្ងៃទី ១៧ ខែ កញ្ញា ជើងទី២៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ១-២ អគ្គិសនីកម្ពុជា