លោក សុក វាសនា ប្រាប់ថាឈ្នះវិសាខា ២ទល់០នេះ ជាលទ្ធផលលើសពីការរំពឹងទុករបស់ខ្លួន

By |

កាលពីថ្ងៃ សៅរ៍ ទី ០៧ ខែ មេសា កន្លងទៅនេះ ក្លិបបាល់ទាត់អាសុីអុឺរ៉ុប យូណាយធីត បានយកឈ្នះលើម្ចាស់ផ្ទះ ក្លិបបាល់ទាត់វិសាខា ដោយលទ្ធផល ២ទល់០ នៅលើវាលស្មៅនៃពហុកីឡដ្ឋានជាតិ ដែលជាជំនួបការប្រកួតប្រចាំសប្តាហ៍ទី ៤នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨នេះ ដោយគ្រាប់បាល់ទាំង ២គ្រាប់រកបានដោយកីឡាករ ២រូបផ្សេងគ្នា ពោលគឺកីឡាករ Privat Mbarga នៅនាទី ៥៩ និងប្រធានក្រុម កីឡាករ ម៉ាត់ ហូសាន់ នៅនាទី ៧០។

ក្រោយចប់ការប្រកួតគ្រូបង្វឹកនៃក្រុមអាសុីអុឺរ៉ុប លោក សុក វាសនា បានលើកឡើងខ្លះៗ ជុំវិញការប្រកួត។

 

លោក សុក វាសនា គ្រូបង្វឹកនៃក្លិបអាសុីអុឺរ៉ុប យូណាយធីត បានលើកឡើងថា៖

– ជុំវិញការប្រកួត…

ចំពោះការប្រកួតនេះ យើងសប្បាយចិត្តដោយសារការរៀបចំរបស់យើងធ្វើបានល្អច្រើនពាក់ព័ន្ធនឹងការការពារ និងការវាយបករបស់យើង។ យើងដឹងហើយថា ក្រុមវិសាខា ជាក្រុមមួយដែលល្អប៉ុន្ដែយើងបានតាមដាននៅវិដេអូជាច្រើនប្រកួតរបស់គាត់គឺយើងអាចចាប់ចំណុចខ្សោយរបស់គាត់បានច្រើនជាពិសេសនៅតំបន់ការពាររបស់គេនៅមានចន្លោះប្រហោង និងមានបញ្ហាខ្លះ អច្ចឹងលើកនេះយើងពង្រឹងនៅតំបន់ការពាររបស់យើងដើម្បីកុំឲ្យគេទម្លាយបាននោះយើងនឹងជោគជ័យ។

WAF-AEU-Coach-2018-News

– ជុំវិញការទទួលបានជ័យជំនះ…

បើនិយាយទៅគឺ យើងមិននឹកស្មានដល់ថាយើងអាចធ្វើបានល្អដល់ថ្នាក់នេះ គឺវាលើសពីការស្មានរបស់ខ្ញុំ។ សម្រាប់ខ្ញុំ នៅតំបន់កណ្ដាលរបស់ខ្ញុំធ្វើការបានល្អរួមទាំងការពារហើយចុងក្រោយនៅតំបន់ប្រយុទ្ធរបស់យើងមានឱកាសច្រើន ប៉ុន្ដែយើងបញ្ចប់ទីបានត្រឹមតែ ២គ្រាប់ ដោយយើងមានឱកាសច្រើនជាង ក្រុមវិសាខា ។ ជាធម្មតាក្រុមគេ គេចង់ឈ្នះយើងអច្ចឹងទម្រង់របស់យើងគឺការពារឲ្យខ្លាំងរួចវាយបក នៅពេលឱកាសគេសម្រុកយើងគេអត់មានឱកាស នោះយើងនឹងរង់ចាំប្រសិនបើគេខូចបាល់ ឬមានបញ្ហា នោះយើងមានឱកាសបញ្ចប់ទីដូចគ្រាប់បាល់ទី១ របស់កីឡាករ Privat Mbarga បានធ្វើអច្ចឹង។

សូមរំលឹកថា ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨ សប្តាហ៍ទី៤ បានបញ្ចប់ជាផ្លូវការហើយ ដោយក្រុមដែលដឹកនាំដោយលោក សុក វាសនា កំពុងតែស្ថិតនៅចំណាត់ថ្នាក់លេខ ៧ ដោយបានធ្វើការប្រកួតចំនួន ៤លើក ក្នុងនោះឈ្នះ ២ លើក និងចាញ់ ២លើក មិនដែលស្មើនៅឡើយទេ កំពុងមាន ៦ពិន្ទុនៅក្នុងដៃ៕