ក្លិបដែល Leonardo Vitorino ធ្វើជានាយកបច្ចេកទេសឈ្នះពានរង្វាន់មួយនៅប្រេសុីលជាលើកទី៤៤

By |

លោក Leonardo Vitorino អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងបច្ចុប្បន្នជានាយកបច្ចេកទេសរបស់ក្លិប Ceará Sporting Club បានឈ្នះពានរង្វាន់ Campeonato Cearense 2018 ជាលើកទី៤៤ ក្នុងប្រវត្តិសាស្ត្រក្លិប។

លោក Leonardo Vitorino បានទៅចូលរួមជាមួយ ក្លិប Ceara Sporting Club សមាជិកនៃលីគកំពូលប្រេសុីលរដូវកាល២០១៨ ( Campeonato Brasileiro Série A ) កាលពីថ្ងៃទី ៤ មិនា ក្នុងនាមជានាយកបច្ចេកទេស ខណៈថ្ងៃទី ៥ មេសា ក្លិបបានឈ្នះពានរង្វាន់ Campeonato Cearense 2018 ដោយយកឈ្នះ FORTALEZA EC ដោយលទ្ធផល៤ទល់២ សរុបទាំង២ជើង។

បញ្ជាក់ថា ពានរង្វាន់ Campeonato Cearense 2018 គឺជាពានមួយតំណាងអោយរដ្ឋ Ceará ខណៈក្រុមចូលរួមគឺមកពីរដ្ឋនេះទាំងអស់ និងបានបែងចែកវគ្គជម្រុះជា៣ដំណាក់ ដោយដំណាក់កាលទី១ មាន១០ក្រុម ដំណាក់កាលទី២ ៦ក្រុម និងជុំចុងក្រោយរក៤ក្រុមប្រកួតខ្វែងដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ ដោយក្លិប Ceará Sporting Club ធ្លាប់ឈ្នះ៤៤ដង ក្នុងចំណោម១០៣លើកដែលបានធ្វើកន្លងមកពោលគឺនៅឆ្នាំ 1915, 1916, 1917, 1918, 1919, 1922, 1925, 1931, 1932, 1939, 1941, 1942, 1948, 1951, 1957, 1958, 1961, 1962, 1963, 1971, 1972, 1975, 1976, 1977, 1978, 1980, 1981, 1984, 1986, 1989, 1990, 1992, 1993, 1996, 1997, 1998, 1999, 2002, 2006, 2011, 2012, 2013, 2014, 2017។

រំលឹកថា Ceara Sporting Club គឺជាក្លិបទើបទទួលបានសិទ្ធឡើងមកលេងលីគកំពូលប្រេសុីល ខណៈកាលពីរដូវកាល២០១៧ បានបញ្ចប់ចំណាត់ថ្នាក់លេខ៣នៅ Serie B។

កាលពីថ្ងៃទី ១៩ ខែ តុលា កន្លងមក សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រេចចែកផ្លូវជាមួយ លោក Leonardo Vitorino ពីគ្រូជម្រើសជាតិកម្ពុជា។ ក្រោយចូលមកកាន់តំណែងជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា នៅក្នុងខែមិនា រយៈពេល ៧ ខែ ជាមួយក្រុមលោកបានដឹកនាំក្រុមជម្រើសជាតិឈុតធំប្រកួតបាន ៧ ប្រកួត ក្នុងនោះឈ្នះចំនួន១ប្រកួត និងចាញ់៦ប្រកួត៕